មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេសអូស្ត្រាលី លើកឡើងថា មេដឹកនាំខ្មែរនឹងមិនហត់នឿយក្នុងការដើរសុំជំនួយពីប្រទេសកុម្មុយនីស្តដូចពេលនេះទេ បើពួកគេអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ និងលើកស្ទួយសិទ្ធិមនុស្សឱ្យស្របតាមរដ្ឋធម្មនុញ្ញដែលមានចែង។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋានក្នុងរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ ធ្នូ នេះថា បើមេដឹកនាំខ្មែរនៅតែបន្តពឹងដង្ហើមប្រទេសកុម្មុយនីស្តផ្ដាច់ការដូចជាប្រទេសចិន ជាដើម ដើម្បីរស់ក្នុងបំណងរក្សាអំណាចផ្ដាច់ការរបស់ខ្លួន នោះរបបដឹកនាំរបស់ពួកគេក៏នឹងមិនអាចបន្តរស់ដោយនិរន្តរភាពទៅមុខបានដែរ។
លោកថា ការដឹកនាំក្រោមគន្លងផ្ដាច់ការរបស់មេដឹកនាំកម្ពុជាជាង ៤០ឆ្នាំមកនេះ មិនត្រឹមតែសហគមន៍អឺរ៉ុបទេដែលជំរុញឱ្យមានការដាក់សម្ពាធលើរដ្ឋាភិបាលខ្មែរ សូម្បីបណ្តាប្រទេសផ្សេងៗមួយចំនួនទៀតក៏កំពុងត្រៀមនឹងអនុវត្តច្បាប់ដាក់សម្ពាធលើកម្ពុជាដូចគ្នាដែរ។
លោកបន្តថា នៅពេលដែលមានបញ្ហាបែបនេះកើតឡើង វាជារឿងដ៏អាម៉ាស់បំផុតសម្រាប់កម្ពុជាទាំងមូល។ លោកបន្តថា ការប្រកាន់អត្តចរិតដឹកនាំផ្ដាច់ការដូចកម្ពុជា គឺមានតែប្រទេសកុម្មុយនីស្តផ្ដាច់ការដូចគ្នាប៉ុណ្ណោះដែលកម្ពុជាអាចសុំជំនួយបាន ប៉ុន្តែក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចចិន ក៏ធ្លាក់ដែរនោះ ចិនក៏នឹងមិនអាចជួយកម្ពុជាបន្តទៀតឡើយ។
លោកបញ្ជាក់ថា ហេតុផលនេះ មេដឹកនាំខ្មែរគួរពិចារណាកែលម្អការដឹកនាំរបស់ខ្លួនឡើងវិញ ដើម្បីឱ្យកម្ពុជាមានភាពខ្លាំងដោយខ្លួនឯងដែលមិនចាំបាច់លាដៃសុំជំនួយពីប្រទេសកុម្មុយនីស្តបន្តទៀត។
ប្រធានអង្គការក្រៅស្រុករូបនេះបញ្ជាក់ទៀតថា ដើម្បីឱ្យកម្ពុជាជាប្រទេសដែលខ្លាំងមិនរស់ដោយការលាដៃសុំជំនួយពីប្រទេសកុម្មុយនីស្តផ្ដាច់ការ គឺមានតែផ្សះផ្សានយោបាយ ឯកភាពជាតិ និងបង្រួបបង្រួមសាមគ្គីរវាងខ្មែរ និងខ្មែរប៉ុណ្ណោះ ព្រោះថាភាគីនយោបាយប្រឆាំងក៏ជាខ្មែរដែលស្នេហាជាតិ ចង់ឱ្យកម្ពុជាខ្លាំងក្លា និងរីកចម្រើនដែរ។
កាលពីថ្ងៃទី១១ ខែធ្នូ សារព័ត៌មានអន្តរជាតិ Reuters បានចុះផ្សាយថា រដ្ឋាភិបាលចិន មិនបានអនុម័តប្រាក់កម្ចីសម្រាប់គម្រោងណាមួយតាមការស្នើសុំរបស់កម្ពុជាក្នុងឆ្នាំ២០២៤ នេះទេ។
ប្រភពដដែលបញ្ជាក់ថា យោងតាមទិន្នន័យក្រសួងសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលចិន កំពុងមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះការវិនិយោគនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេមិនទទួលបានជោគជ័យជាបន្តបន្ទាប់នៅក្នុងបណ្តាប្រទេសនានានៃតំបន់អាស៊ីអាគ្នេយ៍។
បើតាមខ្លឹមសារនេះ គេអាចកត់សម្គាល់បានថា សូម្បីគម្រោងព្រែកជីកហ្វូណនដែលរដ្ឋាភិបាលកម្ពុជាតែងផ្សព្វផ្សាយកន្លងមកថា មេដឹកនាំចិន លោក ស៊ី ជីនពីង ប្រកាសគាំទ្រគម្រោងនេះក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសចិន កាលពីពេលថ្មីៗនោះ ក៏មិនមែនជាការពិតដែរ។
ការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Reuters ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន អះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅតែរក្សាការគាំទ្រគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជាដដែលក្នុងដំណើរទស្សនកិច្ចរបស់លោកទៅប្រទេសចិន កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ុន សែន បានស្នើសុំមិត្តចិន បន្តផ្តល់ជំនួយឥតសំណង និងកម្ចីឥណទានបន្ថែមទៀតដល់កម្ពុជា ក្នុងនោះ លោក ហ៊ុន សែន អះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅតែរក្សាជំហរគាំទ្រគម្រោងព្រែកជីកហ្វូណនដដែល៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

