ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជំរុញឱ្យរាជរដ្ឋាភិបាលប្តឹងប្រទេសថៃ ទៅតុលាការអន្តរជាតិលើបញ្ហា «តំបន់ត្រួតស៊ីគ្នា» និងបញ្ហាកោះគុត ដូចពេលដែលប្រទេសកម្ពុជាធ្លាប់ប្តឹងប្រទេសថៃ លើករណីប្រាសាទព្រះវិហារកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៥៩។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចេញលិខិតចំហមួយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយលើកឡើងថា តាមបទពិសោធន៍ជាប្រវត្តិសាស្ត្រ រដ្ឋាភិបាលថៃធ្លាប់ប្រើកម្លាំងយោធាដណ្តើមកាន់កាប់ប្រាសាទព្រះវិហាររបស់ខ្មែរនៅឆ្នាំ១៩៥៤ ម្តងរួចមកហើយ ប៉ុន្តែក្រោយប្រទេសកម្ពុជាបានឈ្នះក្តីក្នុងសំណុំរឿងនេះនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងឆ្នាំ១៩៦២ ទើបភាគីថៃ ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារវិញ។ កាលនោះ រដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានប្រើយន្តការចរចាទ្វេភាគីជាមួយថៃ ដែរ មុននឹងសម្រេចចិត្តប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិនៅឆ្នាំ១៩៥៩។
លោកបន្តថា នៅពេលនេះ អ្នកជាតិនិយមថៃ និងមេដឹកនាំថៃ សុទ្ធតែបញ្ជាក់ជំហរម្តងហើយម្តងទៀតថា កោះគុតគឺជាកម្មសិទ្ធិរបស់ថៃផ្ដាច់មុខ ដោយមិនផ្តល់តម្លៃពេញលេញទៅលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU44) ស្ដីពីតំបន់បាតសមុទ្រទាមទារត្រួតស៊ីគ្នា (OCA=Overlapping Claims Area) នោះទេ ដូច្នេះការចរចាទ្វេភាគីរវាងប្រទេសទាំងពីរនឹងគ្មានន័យសម្រាប់ប្រទេសកម្ពុជាឡើយ។
លោក ម៉ែន ណាត លើកឡើងថា ស្ថានភាពប្រទេសកម្ពុជាក្នុងពេលនេះ ក៏មិនខុសពីករណីប្រាសាទព្រះវិហារដែរ គឺមិនអាចចរចាទ្វេភាគីជាមួយថៃ ដាច់ខាត ដូច្នេះត្រូវតែប្រកាសលុបអនុស្សរណៈយោគយល់ឆ្នាំ២០០១ ឬ MOU44 ចោល បន្ទាប់មកត្រូវធ្វើកំណត់ទូតទៅកាន់រដ្ឋាភិបាលថៃ ដោយបញ្ជាក់ពីកម្មសិទ្ធិមួយផ្នែកនៃកោះគុត ថាជាកម្មសិទ្ធិរបស់ខ្មែរ រួចហើយត្រូវរៀបចំសំណុំឯកសារប្តឹងប្រទេសថៃ ទៅតុលាការអន្តរជាតិជាផ្លូវការតែម្តង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះជំរុញឱ្យរដ្ឋាភិបាលប្រើច្បាប់អន្តរជាតិចំនួនបីយ៉ាងតិច រួមមាន សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ស្តីអំពីបូរណភាពទឹកដី អធិបតេយ្យប្រទេសកម្ពុជា និងច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២ ផងដែរ។
ប្រភពដដែលថា កម្ពុជាអាចប្រើយន្តការតុលាការណាមួយក៏បាន ដូចជា តុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice (ICJ)) ឬតុលាការមជ្ឈត្តការអន្តជាតិ (Permanent Court of Arbitration=PCA) ជាដើម។
លោក ម៉ែន ណាត បញ្ជាក់ថា ថ្វីត្បិតសព្វថ្ងៃនេះរដ្ឋាភិបាលកម្ពុជាមានបញ្ហាច្រើនត្រូវដោះស្រាយក៏ពិតមែន ប៉ុន្តែពុំគួរបន្តខុសឆ្គងលើបញ្ហាកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ទាំងព្រំដែនគោក ទាំងព្រំដែនទឹកទៀតទេ រួមទាំងករណីកោះត្រល់ និងចង្កោមកោះក្រចកសេះជាមួយប្រទេសវៀតណាម ផងដែរ។
កាលពីពេលថ្មីៗនេះ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) និងកូនស្រីរបស់លោកដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន សុទ្ធតែបានអះអាងថា កោះគុតជាកម្មសិទ្ធិរបស់ថៃ ដោយគ្មានប្រទេសណាអាចដណ្ដើមកាន់កាប់បានឡើយ។ លោក ថាក់ស៊ីន ថាកោះគុតស្ថិតក្នុងដែនអធិបតេយ្យថៃ ១លានភាគរយ។ ជាមួយគ្នានេះ មេដឹកនាំខ្មែរវិញ ទាំងឪពុក ទាំងកូន មិនហ៊ាននិយាយសូម្បីតែមួយម៉ាត់ថាកោះគុតនេះជារបស់ខ្មែរនោះឡើយ។
អ្នកសង្កេតការណ៍ខ្លះនិយាយថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនអាចចេញវាចារឿងបាត់បង់កោះគុតជាមួយប្រទេសថៃ ឬកោះត្រល់ជាមួយប្រទេសយៀកណាម បានទេ ពីព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន ជាអ្នកចុះហត្ថលេខាជាមួយគេ តើទៅដកពាក្យវិញយ៉ាងដូចម្តេច?
- ទី១ ចុះកិច្ចព្រមព្រៀងជាមួយយៀកណាមរឿងតំបន់បាតសមុទ្រត្រួតគ្នា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៨២ អំពីផ្ទៃសមុទ្រ ៨ពាន់គីឡូម៉ែត្រការ៉េក្នុងឈូងសមុទ្រថៃ។
- ទី២ ប្រទេសយៀកណាម និងប្រទេសថៃ ចុះកិច្ចព្រមព្រៀងជាមួយគ្នារឿងតំបន់បាតសមុទ្រត្រួតគ្នានាថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៩៧ ដែលចូលធរមាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៩៨ ដោយផ្តល់សិទ្ធិឲ្យសាធារណរដ្ឋសង្គមនិយមយៀកណាម ៣២,៥% នៃផ្ទៃទឹកសមុទ្រ។ ភាគីទាំងពីរជជែកបែងចែកដែនដី ដែនទឹកជាមួយគ្នា ដោយទុកភាគីខ្មែរនៅក្រៅសង្វៀន ឬសៃវៀន។ លោក ហ៊ុន សែន ឲ្យលោក សុខ អាន ចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ ក្នុងនាមលោកជាប្រធានអាជ្ញាធរជាតិប្រេងឥន្ធនៈនាឆ្នាំ២០០១៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

