អតីតអ្នកឧកញ៉ា ហេង សិទ្ធី អំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បើកការស៊ើបអង្កេតលើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អគ្គស្នងការនគរបាលជាតិ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ អភិបាលខេត្តកណ្តាល លោក គួច ចំរើន និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជុំវិញការប្រព្រឹត្តអំពើពុករលួយ និងការការពារឧក្រិដ្ឋជនដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។
អគ្គនាយកក្រុមហ៊ុន Maritime Group លោក ហេង សិទ្ធី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៣ ធ្នូ នេះថា លោកសុំប្តឹងទៅកាន់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដោយផ្ទាល់ ដើម្បីស្នើសុំរកយុត្តិធម៌ជុំវិញរឿងរបស់លោក បន្ទាប់ពីបុរសជនជាតិសិង្ហបុរីសញ្ជាតិខ្មែរឈ្មោះ PhuaGek Seng (ភូ ហ្គិច សេង) ហៅ Tak (តាក់) បានសូកប៉ាន់លុយចំនួន ៥លានដុល្លារអាមេរិកទៅឱ្យអគ្គស្នងការនគរបាលជាតិ លោក ស ថេត ដើម្បីដាក់ឈ្មោះរបស់លោកទៅក្នុងបញ្ជីតាមចាប់ខ្លួនរបស់ប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol)។
លោកអះអាងថា ដោយសារទទួលបានសំណូកនេះហើយ ទើបលោក ស ថេត បញ្ជាឱ្យលោក ផែង វណ្ណៈ បង្កើតព័ត៌មានក្លែងក្លាយធ្វើជាភស្តុតាងក្នុងការស្នើសុំឱ្យប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol) ដាក់ឈ្មោះរបស់លោកនៅក្នុងសេចក្តីជូនដំណឹងក្រហម ឬនិវេតក្រហម។
លោក ហេង សិទ្ធី លើកឡើងថា ដោយសារបរាជ័យក្នុងការស្នើដាក់ឈ្មោះរបស់លោកក្នុងនិវេតក្រហម ពួកគេក៏បានស្នើសុំដាក់ឈ្មោះលោកក្នុងនិវេតពណ៌ខៀវវិញម្តង។ ទន្ទឹមគ្នានេះ លោក ស ថេត ក៏បានស្នើឱ្យប៉ូលិសថៃ តាមចាប់រូបលោកផងដែរ ប្រសិនបើលោកចូលប្រទេសថៃ ទាំងដែលលោកគ្មានកំហុស ហើយទង្វើនេះគឺជារឿងអយុត្តិធម៌ខ្លាំងបំផុតសម្រាប់រូបលោក។
ការស្នើសុំនាយករដ្ឋមន្ត្រីបើកស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីអតីតអ្នកឧកញ៉ា ហេង សិទ្ធី ទម្លាយនូវអំពើពុករលួយរបស់មន្ត្រីគ្រាក់ៗក្នុងជួររដ្ឋាភិបាលដែលធ្វើជាខ្នងបង្អែកឱ្យឧក្រិដ្ឋជនខុសច្បាប់ដែលកំពុងសម្ងំរកស៊ីនៅកម្ពុជាជាបន្តបន្ទាប់នៅពេលនេះ។
អតីតឧកញ៉ារូបនេះ អំពាវនាវឱ្យលោក ហ៊ុន ម៉ាណែត បើកការស៊ើបអង្កេតលើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អគ្គស្នងការនគរបាលជាតិ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ អភិបាលខេត្តកណ្តាល លោក គួច ចំរើន និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌផងដែរ ជុំវិញការប្រព្រឹត្តអំពើពុករលួយ និងការការពារឧក្រិដ្ឋជនដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ។
អតីតអ្នកឧកញ៉ារូបនេះលើកឡើងថា នៅពេលនេះគ្មានរដ្ឋបាលកម្ពុជាណាមួយយកពាក្យបណ្ដឹងរបស់ខ្លួនទេ ព្រោះខ្លាចអំណាចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដូច្នេះលោកសូមប្តឹងទៅកាន់នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ដោយផ្ទាល់ ដើម្បីស្នើសុំរកយុត្តិធម៌ក្នុងរឿងនេះ។
លោកអះអាងថា ថ្មីៗនេះមានគណនីហ្វេសប៊ុកក្លែងក្លាយប្លែកៗជាច្រើន ព្យាយាមលួងលោមឱ្យលោកបង់ប្រាក់គ្រប់វិធីចូលគណនីធនាគាររបស់ពួកគេ ក្រោមលេសមួយចំនួន ប៉ុន្តែលោកដឹងថា នេះគឺជាល្បិចដ៏កខ្វក់របស់នាយកដ្ឋានព្រហ្មទណ្ឌ និងអ្នកនៅពីក្រោយ ដែលពួកគេរៀបគម្រោងឱ្យលោកផ្ញើលុយទៅឧក្រិដ្ឋជន ដើម្បីឱ្យពួកគេមានភស្តុតាងដាក់ជូនប៉ូលិសអន្តរជាតិក្នុងការចាប់ខ្លួនលោក។ ជាងនេះទៀត ពួកគេក៏បានបញ្ជូនមនុស្សដែលប្រដាប់ដោយកាំភ្លើង ធ្វើដំណើរដេញតាមឪពុករបស់លោកផងដែរ ដែលទង្វើនេះគឺជាការគំរាមកំហែងក្រុមគ្រួសាររបស់លោកយ៉ាងធ្ងន់ធ្ងរ។
លោកថា បើការបញ្ចប់គោរមងាររបស់លោកព្រោះតែបណ្តឹងរបស់ឧក្រិដ្ឋជន នោះគឺពិតជាបំផ្លាញកេរ្តិ៍ឈ្មោះរបស់លោកក្នុងនាមជាពាណិជ្ជករស្របច្បាប់ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្អនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ ព្រោះថាលោកបានដាក់លិខិតលាលែងគោរមងារជាអ្នកឧកញ៉ាតាំងពីអំឡុងខែវិច្ឆិកា មកម្ល៉េះ ខណៈលោក ហ៊ុន ម៉ាណែត ក៏បានយល់ព្រមតាមសំណើនេះដែរ។
កាលពីថ្ងៃទី២២ ខែធ្នូ អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានអះអាងថា លោកត្រៀមខ្លួនផ្ដិតមេដៃប្រគល់លុយទាំងអស់សម្រាប់យកទៅជួយមន្ទីរពេទ្យគន្ធបុប្ផា ចែកប្រជាជនក្រីក្រ សង់មន្ទីរពេទ្យ និងសាលារៀន បើមានអ្នកណាដឹងថាលុយគ្រីបតូរបស់លោកនៅកន្លែងណានោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអតីតអ្នកឧកញ៉ា ហេង សិទ្ធី ទម្លាយកាលពីថ្ងៃទី២០ ធ្នូ ថា លោក គួច ចំរើន គឺជាជនពុករលួយធំបំផុតដែលពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មខុសច្បាប់នានានៅពេលដែលគាត់នៅជាអភិបាលខេត្តព្រះសីហនុ ខណៈលុយរាប់រយលានដុល្លារអាមេរិក ត្រូវបានផ្ញើឱ្យគាត់ដោយសុវត្ថិភាពបំផុតតាមរយៈរូបិយប័ណ្ណគ្រីបតូ ដូចជា USDT USDC និង Bitcoin ជាដើម។
ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត គួរតែបើកការស៊ើបអង្កេតលើករណីនេះ ដើម្បីទទួលបាននូវទំនុកចិត្តពីប្រជាពលរដ្ឋ ព្រោះអ្នកដែលជាប់សង្ស័យក្នុងរឿងពុករលួយ និងនៅពីក្រោយឧក្រិដ្ឋជននេះ គឺសុទ្ធសឹងតែមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលរបស់គាត់ទាំងអស់៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

