អ្នកជំនាញផ្នែកច្បាប់ អះអាងថា ការបង្កើតច្បាប់ភេរវកម្មដើម្បីបញ្ចូលក្រុមមនុស្សមួយចំនួនដែលប្រឆាំងនឹងរាជរដ្ឋាភិបាល ទៅក្នុងក្រុមភេរវករ មានន័យស្មើនឹងប្រកាសសង្គ្រាមជាមួយខ្មែរគ្នាឯង ដែលធ្វើឱ្យបែកបាក់សាមគ្គីជាតិកាន់តែរីកធំទ្វេឡើង។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ ធ្នូ នេះថា ក្នុងរយៈពេលចុងក្រោយនេះមានគណបក្សនយោបាយដែលចំណុះឱ្យបក្សកាន់អំណាច និងក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមួយចំនួន បានចេញមុខស្នើឱ្យបង្កើតច្បាប់ភេរវកម្មដើម្បីដាក់អ្នកប្រឆាំងនឹងរដ្ឋាភិបាលជាក្រុមភេរវករជាបន្តបន្ទាប់។
អ្នកសិក្សាផ្នែកច្បាប់រូបនេះបន្តថា ករណីជាឧទាហរណ៍ជាក់ស្តែងដូចជា ការរំលាយរបបរបស់លោក អាល់អាសាដ ក្នុងប្រទេសស៊ីរី និងរបបដឹកនាំរបស់អ្នកស្រី ហ្សេក ហាស៊ីណា មេដឹកនាំផ្ដាច់ការនៅប្រទេសបង់ក្លាដេស ជាដើម។
លោក វ៉ន ចាន់ឡូត បញ្ជាក់ថា ប្រទេសកម្ពុជាពុំគួរឱ្យមានច្បាប់នេះទេ ព្រោះបើមើលតែមួយជ្រុង ច្បាប់នេះហាក់ដូចជាកំពុងកម្ទេចក្រុមប្រឆាំង ប៉ុន្តែបើមើលឱ្យស៊ីជម្រៅ គឺមានន័យថាច្បាប់នេះកំពុងផ្ដល់ឱកាសឱ្យជនរងគ្រោះពីការគាបសង្កត់ និងអ្នកតស៊ូដើម្បីសេរីភាព ដើរក្នុងគន្លងតស៊ូតែមួយក្នុងការងាកទៅប្រយុទ្ធតបតនឹងរដ្ឋាភិបាលវិញប៉ុណ្ណោះ។
លោកគូសបញ្ជាក់ថា បក្សកាន់អំណាចគួររៀបចំធ្វើច្បាប់ការពារសុវត្ថិភាពអ្នកដឹកនាំពេលអស់អំណាច ច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងព្រឹទ្ធសភាត្រឹម ២អាណត្តិ និងរៀបចំច្បាប់អនុគ្រោះដល់ជនពុករលួយដែលស្ម័គ្រចិត្តប្រគល់ទ្រព្យសម្បត្តិដែលបានមកពីអំពើពុករលួយចូលជាថវិកាជាតិជំនួសវិញ ទើបមានប្រយោជន៍សម្រាប់ប្រទេសជាតិ និងមិននាំឱ្យបែកបាក់ឯកភាពជាតិធ្ងន់ធ្ងរជាងនេះ។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ គណបក្សខ្មែរសាធារណរដ្ឋ ដែលតំណាងដោយឈ្មោះ ញ៉ែម អេន ជាអគ្គលេខាធិការរង បានដាក់លិខិតមួយទៅអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត សុំបង្កើតច្បាប់ភេរវកម្មដើម្បីដាក់ក្រុមប្រឆាំងដែលពួកគេហៅថាក្រុមឧទ្ទាមជ្រុលនិយមជាក្រុមភេរវករ។
បើពលរដ្ឋខ្មែរមើលទៅឈ្មោះបក្សនយោបាយនេះ គេអាចគិតថាជាបក្សប្រឆាំងមួយដែរ ពីព្រោះខ្មែរសាធារណរដ្ឋ វាផ្ទុយពីខ្មែររាជាធិបតេយ្យ ឬរាជានិយមទៅហើយ។ យ៉ាងហោចណាស់ក៏បក្សនេះចង់ឃើញការផ្លាស់ប្ដូរដែរ បើមិនចង់រក្សាលំនាំចាស់ status quo នៃរបបគ្រប់គ្រងសព្វថ្ងៃ។ បើធ្វើដូច្នេះ បក្សជំទាស់ នឹងហៅបក្សហ្នឹងជាបក្សអាយ៉ង ចាំតែទះដៃ ចាំតែដង្ហែបក្សកាន់អំណាចជាមិនខានឡើយ។
ប្រភពដដែលអះអាងថា ដើម្បីរក្សាសន្តិភាពនៅកម្ពុជា រាជរដ្ឋាភិបាលមិនអាចបណ្តែតបណ្តោយឱ្យក្រុមឧទ្ទាមជ្រុលនិយមដែលមានអង្គការចាត់តាំងធ្វើសកម្មភាពដណ្តើមអំណាចបែបបដិវត្តន៍ពណ៌ដែលមានចេតនាបំផ្លាញសន្តិភាពនៅប្រទេសកម្ពុជានោះឡើយ។
ការចេញលិខិតស្នើបង្កើតច្បាប់នេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន គំរាមបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជាក្រុមភេរវករ ក្រោយពីពលរដ្ឋខ្មែរលើករឿងកោះគុតមកទាមទារកាន់កាប់វិញមួយភាគ នៅពេលថៃ ថាជារបស់គេដាច់មុខនោះ។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានលើកឡើងអំពីលទ្ធភាពនៃការបង្កើតច្បាប់ដើម្បីដាក់អ្នកនយោបាយជំទាស់នៅក្រៅប្រទេស ដែលលោកចាត់ទុកថាជាក្រុមញុះញង់ ឲ្យទៅជា «ក្រុមភេរវកម្ម» ក្រោមហេតុផលរក្សាភាពស្ងៀមស្ងាត់ខាងនយោបាយសម្រាប់ប្រទេស។
លោក ហ៊ុន សែន បញ្ជាក់ថា ក្រុមជ្រុលនិយមចំពោះកម្ពុជា គឺជាក្រុមដែលគួរតែត្រូវបានចាត់ទុកថាជាក្រុមភេរវកម្ម ដោយសារភាពជ្រុលនិយមហួសហេតុរបស់ពួកគេ។
លោក ហ៊ុន សែន និងបក្ខពួក ទំនងដូចជាមិនទាន់យល់អត្ថន័យពាក្យថា ភេរវកម្ម ឬភេរវជននៅឡើយទេ ដែលអង់គ្លេសហៅថា terrorism។ ក្នុងភាសាច្បាប់នៅប្រទេសប្រជាធិបតេយ្យ គេមិនទាន់ចាត់ទុកការសម្លាប់មនុស្សម្នាក់ជាអំពើភេរវកម្មនៅឡើយទេ។ ចំណែកឯក្រុមអ្នករិះគន់គោលនយោបាយរាជរដ្ឋាភិបាល គ្រាន់តែប្រើសិទ្ធិសេរីភាពជាពលរដ្ឋ ទាមទារឲ្យរដ្ឋាភិបាលធ្វើអ្វីមួយកុំឲ្យវាបាត់បង់ប្រយោជន៍ជាតិតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណ លើកឡើងនៅថ្ងៃទី២៤ ធ្នូ នេះដែរថា អ្នកដែលចង់បង្កើតច្បាប់ភេរវកម្ម មិនដឹងមានភស្តុតាងណាមួយឱ្យស្របច្បាប់ដើម្បីដាក់អ្នកតស៊ូប្រើមតិដោយសន្តិវិធីជាក្រុមភេវករនោះទេ។
លោកបញ្ជាក់ថា ការគំរាមរបស់អ្នកមានអំណាចនៅកម្ពុជាពីការបង្កើតច្បាប់នេះ មានតែធ្វើឲ្យអ្នកតស៊ូមតិនៅក្រៅប្រទេសកាន់តែទទួលបានការការពារពីប្រទេសលោកសេរីទៅវិញតែប៉ុណ្ណោះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

