33.8 C
Phnom Penh

សកម្មជន​ខ្មែរ-អាមេរិកាំង​ថា​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​សហរដ្ឋ​អាមេរិក​ជា​បណ្ដាសា​សម្រាប់​រដ្ឋាភិបាល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លើកឡើង​ថា វត្តមាន​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ លោក ម៉ាកូ រ៉ូបីអូ (Marco Rubio) ជា​រដ្ឋមន្ត្រី​ការបរទេស​ក្នុង​រដ្ឋបាល​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ឆ្នាំ​ក្រោយ​នេះ គឺជា​បណ្តាសា​យ៉ាង​ពិតប្រាកដ​សម្រាប់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ បើ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​នៅតែ​បន្ត។

សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត លើកឡើង​ក្នុង​ការ​ផ្សាយ​ផ្ទាល់​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​២៥ ខែ​ធ្នូ នេះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ជុំវិញ​ពិភពលោក នឹង​មាន​ឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​លោក ម៉ាកូ រ៉ូបីអូ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ក្រោយ​នេះ។

សកម្មជន​ខ្មែរ​រូប​នេះ​លើកឡើង​ថា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ សហរដ្ឋ​អាមេរិក​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ឡើយ ព្រោះ​ថា​មាន​តែ​ធ្វើ​បែប​នេះ​ទេ ទើប​អាច​ធានា​នូវ​សិទ្ធិ​នានា​របស់​ពលរដ្ឋ​ក្នុង​ការ​អនុវត្ត​ដើម្បី​រួច​ផុត​ពី​ការ​រំលោភ​បំពាន និង​ការ​គាបសង្កត់​ពី​អ្នក​មាន​អំណាច។

លោក មួង ណារ៉េត អះអាង​ថា ការ​ជាន់ឈ្លី​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​កន្លង​មក បាន​បំផ្លាញ​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ជាង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​រាប់​រយ​ដង​ទៅ​ទៀត ព្រោះ​វា​បាន​នាំ​ទៅ​រក​ការ​បំផ្លាញ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​ច្បាប់ និង​ធ្វើ​ឱ្យ​ខូច​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​ផង​ដែរ។

លោក​បន្ត​ថា ក្រៅ​ពី​នេះ ក៏​បាន​ធ្វើ​ឱ្យ​បាត់​ជំនួយ​ពី​បណ្តា​ប្រទេស​ដែល​ទាមទារ​ឱ្យ​ប្រទេស​កម្ពុជា​គោរព​សិទ្ធិមនុស្ស ដូចជា សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ថែម​ទៀត។ បន្ថែម​លើ​នេះ​ទៀត ក៏​បាន​បំផ្លាញ​លុយ​ជាតិ​រាប់​សិប​លាន​ដុល្លារ​ផង​ដែរ ដោយសារតែ​រដ្ឋាភិបាល​ខ្មែរ​បាន​យក​លុយ​ទាំងនោះ​ទៅ​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ឱ្យ​ជួយ​ទប់ស្កាត់​កុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​របស់​ខ្លួន ជាដើម។

លោក មួង ណារ៉េត បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​គ្មាន​ប្រយោជន៍​ពី​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ដែល​រំលោភ​សិទ្ធិមនុស្ស​នោះ​ទេ ប៉ុន្តែ​ដោយសារ​ពួកគេ​បាន​គិតគូរ​ពី​ការ​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​មិន​ទទួល​សិទ្ធិ​សេរីភាព​ស្មើ​គ្នា​ក្នុង​នាម​ជា​មនុស្ស​ចំពោះ​មុខ​ច្បាប់​ជាមួយ​អ្នក​មាន​អំណាច​ផ្ដាច់ការ​ប៉ុណ្ណោះ។

លោក​គូសបញ្ជាក់​ថា រាល់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក គឺ​គ្មាន​អ្វី​ក្រៅពី​ការ​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ឡើយ ដើម្បី​ឱ្យ​ពួកគេ​អាច​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​ខ្មែរ​បន្ត​ទៅ​ទៀត។

លោក ម៉ាកូ រ៉ូបីអូ (Marco Rubio) ត្រូវ​គេ​ស្គាល់​ថា​ជា​សមាជិក​ព្រឹទ្ធសភា​ពី​រដ្ឋ​ហ្លរីដា (Florida) ខាង​គណបក្ស​សាធារណរដ្ឋ ដែល​ធ្លាប់​ចុះហត្ថលេខា​លើ​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទាមទារ​ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ចំនួន ៣​លើក​រួច​មក​ហើយ ក្នុង​នោះ ក៏​មាន​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២១ ឬ S.3052 ផង​ដែរ។

លើស​ពី​នេះ​ទៀត លោក ម៉ាកូ រ៉ូបីអូ (Marco Rubio) ក៏​ធ្លាប់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​ការ​ទទួល​ខុសត្រូវ និង​ការ​វិលត្រឡប់​នៃ​ការ​វិនិយោគ​ពី​សហរដ្ឋ​អាមេរិក​ទៅ​ប្រទេស​កម្ពុជា​វិញ​ដែរ​កាលពី​ពេល​កន្លង​ទៅ​ថា បើ​ប្រទេស​កម្ពុជា​មិន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ និង​មិន​បង្ហាញ​តម្លាភាព​ជុំវិញ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ទេ សហរដ្ឋ​អាមេរិក​ក៏​នឹង​មិន​ផ្តល់​ជំនួយ​គ្រប់​បែប​យ៉ាង​ដល់​ប្រទេស​កម្ពុជា​ដែរ។

សូម​រំឭក​ថា៖ រដ្ឋមន្ត្រី​កិច្ចការ​បរទេស​សហរដ្ឋ​អាមេរិក ប្រៀប​បាន​ជា​សេនាបតី​ខាង​កិច្ចការ​ក្រៅ​ប្រទេស មេកោយ​ខាង​កិច្ចការទូត​ដែល​បំពេញ​ភារកិច្ច​អនុវត្ត​តាម​គោលការណ៍​នយោបាយ​ដាក់​ចេញ​ដោយ​ប្រធានាធិបតី​កាន់​អំណាច​ខាង​កិច្ចការ​ប្រាស្រ័យ​ជាមួយ​ប្រទេស​ដទៃ​ក្នុង​ពិភពលោក។

រដ្ឋធានី​វ៉ាស៊ីនតុន អ្នក​នយោបាយ​អាមេរិកាំង​ដែល​ប្រកាន់​ក្បួន​ច្បាប់​ធរមាន​តាម​រដ្ឋធម្មនុញ្ញ មាន​ការ​ព្រួយបារម្ភ​ចំពោះ​ប្រធានាធិបតី​ថ្មី​ដែល​មិន​សូវ​ឈរ​លើ​គោលការណ៍​ច្បាប់ ចង់​រំលាយ​រដ្ឋធម្មនុញ្ញ រំលាយ​ក្រសួង​ខ្លះ ដោយ​សំអាង​ថា​លោក​មាន​ស្ថាប័ន​ខាង​គណបក្ស​សាធារណរដ្ឋ​ក្នុង​សភា​ទាំង​ពីរ​ដែល​មាន​សំឡេង​ច្រើន និង​តុលាការ​កំពូល​ចាំ​គាំទ្រ។ លោក​ចង់​កាត់​ផល​ប្រយោជន៍​ជួយ​សង្គម ធ្វើ​ឯកជនូបនីយកម្ម គឺ​ដាក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ជំនួញ​ពី​ធនធាន​សន្តិសុខ​សង្គម ហៅថា Social Security សម្រាប់​ពលរដ្ឋ​ចូល​និវត្តន៍។

ក្រៅ​តែ​ពី​គំនិត​ប្រកាន់​បក្ស ពលរដ្ឋ​អាមេរិកាំង​មើល​ឃើញ​ថា ប្រធានាធិបតី​ថ្មី​មិន​សូវ​អើពើ​នឹង​បញ្ហា​សីលធម៌ យុត្តិធម៌ សមធម៌ សប្បុរសធម៌ មនុស្សធម៌​នោះ​ឡើយ ហើយ​គេ​ចោទ​ថា​លោក​ចង់​ក្លាយ​ខ្លួន​ជា​មេដឹកនាំ​ប្រើ​អំណាច​ផ្ដាច់ការ​តាម​អំពើ​ចិត្ត​ទៀត​ផង។

មជ្ឈដ្ឋាន​ខ្មែរ​ខ្លះ​សួរ​ថា បើ​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ប្រកាន់​ចិត្ត​គំនិត និង​ជំហរ​បែប​នេះ​នោះ តើ​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​ប្រទេស​កម្ពុជា​សង្ឃឹម​លើ​មហាអំណាច​សហរដ្ឋ​អាមេរិក​បាន​ប៉ុនណា​បួន​ឆ្នាំ​ទៅ​មុខ?៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស