រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) អះអាងថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរវាងប្រទេសកម្ពុជា-ថៃ សាជាថ្មី ខណៈកម្ពុជា ប្ដេជ្ញាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ជានិច្ច។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ ធ្នូ នេះថា លោក ម៉ាកូ រ៉ូប៊ីអូ បានជួបពិភាក្សាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បីបង្ហាញការព្រួយបារម្ភជុំវិញអំពើហិង្សាដែលកំពុងបន្តកើតមានរវាងប្រទេសកម្ពុជា និងប្រទេសថៃ ជាច្រើនថ្ងៃមកនេះ។
ប្រភពដដែល លើកឡើងថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ឡើងវិញអំពីបំណងប្រាថ្នារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីសន្តិភាព ដែលតម្រូវឲ្យភាគីទាំងពីរអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ កាលពីចុងខែតុលា កន្លងទៅ។
លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បញ្ជាក់ថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សាដើម្បីធានានូវសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងពេលសង្គ្រាមរវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ នៅតែបន្តឥតឈប់អស់រយៈពេល ២០ថ្ងៃមកហើយនោះ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ ខែធ្នូ នេះថា កាលពីយប់ថ្ងៃទី២៥ ខែធ្នូ លោកបានជួបពិភាក្សាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងនានាដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ក្នុងកិច្ចសន្ទនានេះ លោក ម៉ាកូ រ៉ូប៊ីអូ បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងប្រទេសកម្ពុជា និងប្រទេសថៃ និងខិតខំជំរុញឱ្យមានបទឈប់បាញ់គ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នាយករដ្ឋមន្ត្រីកម្ពុជារូបនេះបញ្ជាក់ថា កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងទៅថ្ងៃមុខ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីប្រកាសព័ត៌មានថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានពិភាក្សាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ដោយលើកឡើងពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នាពេលនេះ។
លោក ម៉ាកូ រ៉ូប៊ីអូ ជំរុញឱ្យរដ្ឋមន្ត្រីការបរទេសថៃ ចាត់វិធានការយ៉ាងរឹងមាំដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជំរុញឱ្យថៃ ត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ឡើងវិញ។
ជុំវិញបញ្ហានេះ កាសែតថៃ ខៅស៊ុត រាយការណ៍សម្ដីកងទ័ពភូមិភាគទី២ ថៃ នៅថ្ងៃទី២៦ ធ្នូ នេះថា ស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅតែមានភាពតានតឹងនៅតាមទីតាំងមួយចំនួន ព្រោះកងកម្លាំងកម្ពុជាបន្តបាញ់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែត BM-21 ជាច្រើនគ្រាប់ចូលក្នុងទឹកដីថៃ ចំណែកកងកម្លាំងថៃ ក៏បានបាញ់កាំភ្លើងធំតបតវិញដែរ ក្នុងនោះ ថៃបានរក្សាការគ្រប់គ្រងគ្រប់តំបន់សំខាន់ៗជាច្រើនកន្លែង។
ក្រសួងមហាផ្ទៃកម្ពុជា បានចេញរបាយការណ៍របស់ខ្លួននៅថ្ងៃទី២៦ ធ្នូ នេះថា គិតត្រឹមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃ បានបាញ់ផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិលជាច្រើន និងយ៉ាងធ្ងន់ធ្ងរ ក្នុងនោះពលរដ្ឋស៊ីវិលបានស្លាប់កើនឡើងដល់ ៣០នាក់ និងរបួសចំនួន ៨៨នាក់ ខណៈពលរដ្ឋភៀសសឹកក៏បានកើនឡើងដល់ជាង ៦សែនដែរ (៦៤៤៤៤២នាក់)។
ប្រភពដដែលបញ្ជាក់ថា ចំណែកឯហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល ក៏រងការខូចខាតយ៉ាងច្រើនដែរ រួមមាន ផ្ទះពលរដ្ឋ ១៤៥ខ្នង អគារឯកជន ៦កន្លែង សណ្ឋាគារ ៥កន្លែង ស្ថានីយប្រេង ១កន្លែង រថយន្ត ២៧គ្រឿង ម៉ូតូ ១គ្រឿង លានទិញដំឡូង ១កន្លែង អគារឃ្លាំងទំនិញ ១កន្លែង និងបង្គោលអង់តែនទូរសព្ទចំនួន ២ទីតាំងផងដែរ។
ដោយឡែកការខូចខាតទ្រព្យសម្បត្តិសាធារណៈ ក៏កើតមានជាច្រើនដែរ រួមមាន សាលារៀន ៦ទីតាំង មណ្ឌលសុខភាព ២ទីតាំង សំណង់អគារ ១៤ទីតាំង វត្តអារាម ៥ទីតាំង សាលាឆទាន ១ទីតាំង រថយន្ត ១គ្រឿង ប្រាសាទបុរាណមួយចំនួន ស្ពាន ៥កន្លែង ផ្សារ ១កន្លែង និងផ្លូវថ្នល់ចំនួន ៣កន្លែងថែមទៀត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

