ក្រុមហ៊ុនរាជអយស្ម័យយានកម្ពុជា Royal Railway Cambodia អះអាងថា ក្រុមហ៊ុននឹងនាំចូលទូរថភ្លើងដឹកទំនិញជាង ២០០គ្រឿងនៅឆ្នាំ២០២៥ ខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែក និងពង្រឹងបន្ថែមទៀតនូវសេវាកម្មដឹកជញ្ជូនតាមរថភ្លើងនៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Royal Railway Cambodia ឬហៅថា រាជអយស្ម័យយានកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនកំពុងពិភាក្សាគ្នាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ហើយឈានទៅចុះហត្ថលេខាលើ MOU ក្នុងពេលឆាប់ៗខាងមុខ។ ក្រុមហ៊ុនបានបញ្ជាទិញទូរថភ្លើងដឹកទំនិញចំនួន ២២១គ្រឿងពីប្រទេសចិន ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញតាមផ្លូវដែកឱ្យកាន់តែល្អប្រសើរ។ ក្នុងចំណោមទូរថភ្លើងទាំងជាង ២០០គ្រឿងនេះ គឺមាន ៦០គ្រឿងត្រូវបានដឹកមកកម្ពុជា នាថ្ងៃទី១ ខែធ្នូ។
ក្រុមហ៊ុនរាជអយស្ម័យយានកម្ពុជា Royal Railway Cambodia បានឲ្យដឹងថា ទូរថភ្លើងដឹកទំនិញនេះមានសមត្ថភាពពិសេសជាច្រើនសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូន ដូចជាកុងតឺន័រ គ្រឿងចក្រ សម្ភារៈសំណង់ ខ្សាច់ ឬទំនិញផ្សេងៗទៀតបានយ៉ាងជំនាញ។ តាមក្រុមហ៊ុនថា ទូរថភ្លើងដឹកទំនិញទាំងនេះគឺជាការឆ្លើយតបដ៏ល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។
ទាក់ទងទៅនឹងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវដែកនេះ ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ការដឹកជញ្ជូនតាមផ្លូវដែកនឹងជួយកាត់បន្ថយការចំណាយ និងចំណេញពេលវេលា និងមានភាពងាយស្រួលក្នុងការបញ្ជូនទំនិញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ ដែលជាផ្នែកមួយជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។
ប្រភពដដែលអះអាងថា ការកើនឡើងនៃការប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវដែក ផ្តល់អត្ថប្រយោជន៍ដល់បរិស្ថានដោយកាត់បន្ថយការបំពុលបរិយាកាស កាត់បន្ថយការប្រើប្រាស់រថយន្តដឹកទំនិញ។ ប្រសិនបើការដឹកជញ្ជូនតាមផ្លូវដែកត្រូវបានប្រើប្រាស់ទូលំទូលាយ វាក៏នឹងកាត់បន្ថយការកកស្ទះចរាចរណ៍ដែលបណ្តាលមកពីរថយន្តដឹកទំនិញច្រើនពេកនៅលើផ្លូវផងដែរ។
កាលពីខែតុលា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងអ្នកឧកញ៉ា គិត ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុនរាជអយស្ម័យយានកម្ពុជា Royal Railway Cambodia ធ្វើការចរចាឲ្យបានចេញជាការចុះអនុស្សរណៈយោគយល់គ្នា (MOU) យ៉ាងយូរត្រឹមចុងឆ្នាំ២០២៤ នេះ ដើម្បីធ្វើការពង្រឹងផ្លូវដែកបន្ថែម បើមិនដូច្នេះទេ លោកនឹងដកគម្រោងវិញ។
កាលពីខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនរាជអយស្ម័យយានកម្ពុជា Royal Railway Cambodia ក៏បានទិញក្បាលរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន ដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

