អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤ បានចេញដីកាកោះហៅលោក រ៉ុង ឈុន ឲ្យចូលបំភ្លឺក្នុងបទល្មើសមិនរាងចាលនៅថ្ងៃទី១៧ មករា ខាងមុខនេះ។
យោងតាមដីកាកោះនោះ តុលាការបានបង្គាប់ឲ្យលោក រ៉ុង ឈុន ចូលខ្លួនបំភ្លឺក្នុងសវនាការជាកំហិតក្នុងបទចោទមិនរាងចាល បន្ទាប់ពីលោកត្រូវបានផ្ដន្ទាទោសក្នុងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គមកាលពីឆ្នាំ២០២៤។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់អ្នកសារព័ត៌មានថា លោកទទួលបានកាដូឆ្នាំថ្មី គឺដីកាកោះហៅឲ្យចូលសវនាការ។ លោកថា នេះជារឿងចម្លែកដែលតុលាការចោទប្រកាន់លោកពីបទមិនរាងចាល ព្រោះលោកមិនបានធ្វើអ្វីផ្ទុយពីបម្រាមរបស់តុលាការនោះផងទេ។
ប្រភពដដែលអះអាងថា លោកនឹងចូលខ្លួនក្នុងសវនាការតាមដីកាកោះហៅនៅថ្ងៃទី១៧ មករា ខាងមុខដោយមិនរួញរាឡើយ។ លោកថា លោកមិនបារម្ភពីការចាប់ឃុំឃាំងជាថ្មីឡើយ ព្រោះអ្វីដែលលោកបានធ្វើ គឺបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ។
លោក រ៉ុង ឈុន ធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការចុះទៅពិនិត្យមើលព្រំដែន និងការចេញសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសអំពីការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ។ លោកបានជាប់ពន្ធនាគារមួយរយៈ ហើយត្រូវបានដោះលែងឱ្យមានសេរីភាពវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែលោកត្រូវស្ថិតក្រោមលក្ខខណ្ឌមួយចំនួន ដែលក្នុងនោះមានបម្រាមធ្វើដំណើរទៅក្រៅប្រទេស ចំណែកឯទោសដែលនៅសល់ ត្រូវបានព្យួរទុកទៅថ្ងៃអនាគត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

