31.9 C
Phnom Penh

អ្នក​ច្បាប់​ថា​ការ​ប្រញាប់​បង្កើត​ច្បាប់​ដាក់​ក្រុម​ប្រឆាំង​ជា​ភេរវករ​គឺជា​ការ​ប្រកាស​សង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សិក្សា​ផ្នែក​ច្បាប់ លើកឡើង​ថា ការ​ប្រញាប់ប្រញាល់​អន្តរាគមន៍​បង្កើត​ច្បាប់​ដាក់​ក្រុម​ប្រឆាំង​ជា​ភេរវករ ទំនង​ជា​ពេលវេលា​របស់​លោក ហ៊ុន សែន នៅ​សល់​កាន់តែ​ខ្លី ហើយ​ក៏​ជា​ការ​វែក​ផ្លូវ​លើក​ចុងក្រោយ​សម្រាប់​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត និង​ជា​ការ​ប្រកាស​សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ​ដែរ។

អ្នក​ឃ្លាំមើល​នយោបាយ លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៥ នេះ​ថា ការ​ចេញ​អន្តរាគមន៍​ប្រកាស​បង្កើត​ច្បាប់ “ភេរវកម្ម” ដើម្បី​ដាក់​ក្រុម​មនុស្ស​មិន​ស្រប​នឹង​ទស្សនៈ​ខ្លួន​ជា​ភេរវករ​របស់​លោក ហ៊ុន សែន គឺជា​ការ​ប្រកាស​សង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ​ជា​ផ្លូវការ​ហើយ​នៅ​ពេលនេះ។

លោក វ៉ន ចាន់ឡូត បញ្ជាក់​ថា អ្នក​បង្កើត​ច្បាប់​នេះ នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​ខ្មែរ​ដូច​មេដឹកនាំ​ខ្មែរក្រហម ដែល​ចាត់ទុក​បញ្ញវន្ត​ខ្មែរ​កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ និង​អ្នក​មិន​ស្រប​នឹង​អង្គការ​ថា​ជា​ខ្មាំង​ដូច្នោះ​ដែរ។

កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៥ ក្នុង​ខួប ៤៦​ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ ៧​មករា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ថា វា​ដល់​ពេល​ហើយ​ដែល​កម្ពុជា​ត្រូវ​កសាង​ច្បាប់​កំណត់​ជន​ណា ឬ​ក្រុម​ណា​ដែល​មាន​គម្រោងការ ឬ​អំពើ​ឃុបឃិត​បង្កើត​ចលនា​ប្រឆាំង​ជ្រុលនិយម និង​ប៉ុនប៉ង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ជា​ភេរវករ។

លោក ហ៊ុន សែន បញ្ជាក់​ថា សម្រាប់​កម្ពុជា ទោះបី​មាន​សន្តិភាព​ពេញលេញ ២៦​ឆ្នាំ​មក​ហើយ​ក្តី ក៏​សន្តិភាព​នេះ​នៅតែ​ជា​បញ្ហា​ដែរ ព្រោះ​ពួក​ជ្រុលនិយម​មួយ​ចំនួន​តូច​ព្យាយាម​សាបព្រោះ​ឥត​ឈប់ឈរ​នូវ​នយោបាយ​សតិអារម្មណ៍​ជ្រុលនិយម ដើម្បី​អុជអាល ញុះញង់ បំផុស​ប្រជាជន កងកម្លាំង​ប្រដាប់អាវុធ មន្ត្រី​រាជការ​ឱ្យ​ធ្វើការ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្របច្បាប់។

ការ​ប្រកាស​បង្កើត​ច្បាប់​ដាក់​ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ទូទៅ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យក​កោះ​គុត​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ត្រឡប់​មកវិញ​ជា​បន្តបន្ទាប់​នៅ​ពេលនេះ។

គេ​សង្កេត​ឃើញ​ថា ចាប់តាំងពី​មាន​ការ​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ទាំង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី មិន​ទាន់​ចេញ​មុខ​ប្រកាស​ជំហរ​របស់​ខ្លួន​លើ​បញ្ហា​នេះ​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​នៅឡើយ​ទេ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន ដែល​មិនមែន​ជា​នាយករដ្ឋមន្ត្រី​ផង​នោះ បែរ​ជា​ប្រកាស​បង្កើត​ច្បាប់​ដាក់​ក្រុម​អ្នក​តវ៉ា​ទាមទារ​ទាំងនេះ​ជា​ក្រុម​ភេរវករ​ទៅវិញ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​លោក ហ៊ុន សែន បង្កើត​ច្បាប់​ដាក់​អ្នក​តវ៉ា​ទាមទារ​អំពី​រឿង​ទឹកដី​កុំ​ឱ្យ​បាត់បង់​ទៅ​ប្រទេស​ជិតខាង​ជា​ក្រុម​ភេរវករ គាត់​ក៏​គួរ​តែ​បង្កើត​ច្បាប់​លើក​តម្កើង​អ្នក​ដែល​កាត់​ទឹកដី​ឱ្យ​ប្រទេស​ជិតខាង​ជា​វីរបុរស​ជាតិ​ដែរ ដើម្បី​ឱ្យ​ត្រកូល​ហ៊ុន​ដែល​បាន​កាត់​កោះ​គុត​ឱ្យ​ទៅ​ប្រទេស​ថៃ ក្លាយ​ជា​វីរបុរស​ជាតិ​ដោយ​ពេញ​មុខ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស