28.8 C
Phnom Penh

តុលាការ​ផ្ដន្ទាទោស​ជនជាតិ​ចិន​តៃវ៉ាន់ ១០​នាក់​ដាក់​ពន្ធនាគារ​មួយ​ជីវិត​ករណី​ផលិត​និង​រក្សាទុក​សារធាតុ​ញៀន ១៤​តោន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​៨ ខែ​មករា បាន​សម្រេច​ផ្ដន្ទាទោស​ជនជាតិ​ចិនតៃវ៉ាន់ ១០​នាក់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន ១០០​លាន​រៀល ពាក់ព័ន្ធ​ករណី​ផលិត និង​រក្សា​ទុក​សារធាតុ​ញៀន​ទម្ងន់ ១៤​តោន។

តាម​សេចក្ដី​ប្រកាស​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ករណី​នេះ​ជា​បទ​ប៉ុនប៉ង​ផលិត​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ផលិត រក្សា​ទុក និង​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​គីមី​ផ្សំ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ តាម​បញ្ញត្តិ​មាត្រា​២៩ មាត្រា​៤៧ និង​មាត្រា​៥៤ នៃ​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​ពី​បទ​សម្អាត​ប្រាក់ តាម​បញ្ញត្តិ​មាត្រា​៣៨ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម។

ប្រភព​ដដែល​អះអាង​ថា ការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​យោង​លើ​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឱ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៩ មាត្រា​៤៧ និង​មាត្រា​៥៤ នៃ​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​ពី​បទ​សម្អាត​សាច់ប្រាក់ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣៨ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​សាច់ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម។

សេចក្ដី​ប្រកាស​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​ផ្ដន្ទាទោស​នេះ បន្ទាប់ពី​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​បើក​សវនាការ​ជា​សាធារណៈ​ជាច្រើន​លើក​ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ ចុះ​ថ្ងៃទី​០៥ ខែ​កក្កដា ឆ្នាំ​២០២២ ពាក់ព័ន្ធ​នឹង​បទល្មើស​ប៉ុនប៉ង​ផលិត​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ផលិត រក្សា​ទុក និង​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​គីមី​ផ្សំ និង​សម្អាត​សាច់ប្រាក់។

ប្រភព​ដដែល​អះអាង​ថា ជនល្មើស​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ស្ទឹងឆាយខាងត្បូង ឃុំ​ស្ទឹងឆាយ ស្រុក​កំពង់សីលា និង​នៅ​ភូមិ​១ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០២២ ហើយ​គ្រឿងញៀន​ទាំងអស់​ត្រូវ​បាន​រឹបអូស និង​បំផ្លាញ​ចោល។

កាលពី​ខែ​កក្កដា ឆ្នាំ​២០២២ ជនជាតិ​ចិនតៃវ៉ាន់​ចំនួន ០៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ធ្វើការ​ឃាត់​ខ្លួន​ពាក់ព័ន្ធ​រក្សាទុក​សារធាតុ​ញៀន និង​គីមី​ផ្សំ​ជាង ១៤​តោន​នៅ​ខេត្ត​ព្រះសីហនុ។

ប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុតាង​រួម​មាន សារធាតុ​គីមី និង​គីមី​ផ្សំ​ចំនួន ១៤​តោន និង ១៦០​គីឡូក្រាម ឧបករណ៍​សម្ភារៈ​កែច្នៃ​ផលិត រួម​មាន​ឆ្នាំង​ប្រតិកម្ម​ចំនួន ៥០​គ្រឿង កែវ​ប្រតិកម្ម​ចំនួន ០៧​គ្រឿង ម៉ាស៊ីនភ្លើង​ចំនួន ០៣​គ្រឿង និង​សម្ភារៈ​កែច្នៃ​ជាច្រើន​ទៀត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស