29.3 C
Phnom Penh

លោក ហេង សិទ្ធី៖ លោក ហ៊ុន តូ លោក យ៉ាន ណារ៉ុង និង​លោក ស ថេត ជាប់​ពាក់ព័ន្ធ​ប្រតិបត្តិការ​លាង​លុយ​ខ្មៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ឧកញ៉ា​ដែល​កំពុង​រង​នូវ​បណ្តឹង ទម្លាយ​ថា​អ្នកឧកញ៉ា ហ៊ុន តូ និង​មេ​ឧក្រិដ្ឋជន​របស់​គាត់​ឈ្មោះ យ៉ាន ណារ៉ុង កំពុង​ប្រតិបត្តិការ​លាង​លុយ​ខ្មៅ​តាមរយៈ​ធនាគារ​ពាណិជ្ជ ហេង ហ៊ី (HENG HE) និង​ក្រុមហ៊ុន ហ៊ុយ វ័ន (Hui ONE) ខណៈ​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត គឺជា​អ្នក​ការពារ​ការ​ដឹកជញ្ជូន​លុយ​ទាំងនេះ។

អតីត​ឧកញ៉ា ហេង សិទ្ធី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ មករា នេះ​ថា ឧកញ៉ា ហ៊ុន តូ គឺជា​ឧក្រិដ្ឋជន​កម្រិត​អន្តរជាតិ​ដែល​បាន​ប្រព្រឹត្ត​នៅ​តាម​បណ្ដា​ប្រទេស​នានា ដូចជា អង់គ្លេស អាមេរិក និង​អូស្ត្រាលី ជាដើម ខណៈ​ឧក្រិដ្ឋជន​ម្នាក់​ទៀត​ឈ្មោះ យ៉ាន ណារ៉ុង គឺជា​មេ​ធំ​របស់​លោក ហ៊ុន តូ។

លោក ហេង សិទ្ធី អះអាង​ថា ពួកគេ​បាន​សហការ​គ្នា​ជាមួយ​ជនជាតិ​ចិន បើក​ធនាគារ​ពាណិជ្ជ​ឈ្មោះ ហេង ហ៊ី និង​ក្រុមហ៊ុន ហ៊ុយ វ័ន ដែល​ត្រូវ​គេ​រក​ឃើញ​ថា​ក្រុមហ៊ុន​នេះ​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ឧក្រិដ្ឋកម្ម​លាង​លុយ​កខ្វក់ និង​រូបិយប័ណ្ណ​គ្រីបតូ។

អតីត​ឧកញ៉ា​រូប​នេះ​លើកឡើង​ថា ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សេរី ដែល​កាន់​តំណែង​ថ្មី​នេះ គឺជា​បញ្ញវន្ត​ម្នាក់​ដែល​មាន​បញ្ញា និង​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ដឹកនាំ​ធនាគារ​នេះ ប៉ុន្តែ​មូលហេតុ​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​អនុញ្ញាត​ឱ្យ​ធនាគារ​ពាណិជ្ជ ហេង ហ៊ី ប្រតិបត្តិការ​លាង​លុយ​ខ្មៅ គឺ​ដោយសារ​លោក ហ៊ុន តូ ប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ​ទៅ​គំរាមកំហែង។

លោក ហេង សិទ្ធី ទម្លាយ​ថា ជុំវិញ​ការ​ប្រតិបត្តិការ​របស់​ធនាគារ​នេះ អគ្គស្នងការ​នគរបាល​ជាតិ​លោក ស ថេត គឺជា​អ្នក​ការពារ​ក្នុង​ការ​ដឹកនាំ​ជញ្ជូន​លុយ​ខ្មៅ​ទាំងនេះ​ដោយ​ផ្ទាល់ រួម​ទាំង​ចេញ​មុខ​ការពារ​ក្រុម​ឧក្រិដ្ឋជន​ដែល​ធ្វើការ​ឱ្យ​ធនាគារ​នេះ​ថែមទៀត ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​សំណូក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​លោក ហ៊ុន តូ និង​មេ​ឧក្រិដ្ឋជន​ឈ្មោះ យ៉ាន ណារ៉ុង ជា​រៀង​រាល់​ខែ។

អគ្គនាយក​ក្រុមហ៊ុន Maritime Group រូប​នេះ​បញ្ជាក់​ថា ស្រប​ពេល​ដែល​បណ្តា​ប្រទេស​ជាច្រើន​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ធនាគារ ហេង ហ៊ី និង​ក្រុមហ៊ុន ហ៊ុយ វ័ន ទៅ​ក្នុង​ការ​បោកប្រាស់​លើ​បច្ចេកវិទ្យា​គ្រីបតូ ប្រទេស​អង់គ្លេស ក៏​បាន​ដាក់​បញ្ចូល​ឈ្មោះ​លោក ហ៊ុន តូ និង​លោក គួច ចំរើន ទៅ​ក្នុង​បញ្ជីខ្មៅ​ផង​ដែរ។

ក្មួយប្រុស​របស់​លោក ហ៊ុន សែន គឺ​អ្នកឧកញ៉ា ហ៊ុន តូ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ត្រូវ​បាន​លោក ហេង សិទ្ធី ទម្លាយ​ពី​ទង្វើ​ឧក្រិដ្ឋ និង​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​របស់​អ្នកឧកញ៉ា​រូប​នេះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​វិធានការ​ច្បាប់​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ណា​មួយ​ក្នុង​ការ​ស៊ើបអង្កេត​លើ​សមាជិក​គ្រួសារ​ហ៊ុន​រូប​នេះ​នៅឡើយ​ទេ។

ឯកសារ​ធនាគារ​ពាណិជ្ជ ហេង ហ៊ី មួយ​ចំនួន​ដែល​ត្រូវ​បាន​អតីត​ឧកញ៉ា ហេង សិទ្ធី ទម្លាយ​នៅ​ថ្ងៃទី​១០ មករា នេះ បង្ហាញ​ថា អ្នកឧកញ៉ា ហ៊ុន តូ គឺជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន ហ៊ុយ វ័ន ចំណែក​បុរស​ម្នាក់​ទៀត​ដែល​ត្រូវ​លោក​អះអាង​ថា​ជា​ឧក្រិដ្ឋជន​ឈ្មោះ យ៉ាន ណារ៉ុង នោះ គឺជា​អគ្គនាយក ខណៈ​ជនជាតិ​ចិន​ផ្សេង​ទៀត​ក៏​មាន​តួនាទី​ជា​នាយក និង​ជា​អគ្គនាយក​ក្នុង​ក្រុមហ៊ុន​នេះ​ដូច​អ្នក​ទាំង​ពីរ​ដែរ។

ចំណែក​ឯកសារ​ផ្សេង​ទៀត​លាតត្រដាង​ថា បុរស​ជនជាតិ​ខ្មែរ​ឈ្មោះ យ៉ាន ណារ៉ុង ជា​ម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ដូចជា ក្រុមហ៊ុន Advance Economic Zone Co., LTD, ក្រុមហ៊ុន FSGC Security Service (Cambodia) Co., LTD, ក្រុមហ៊ុន Heng HE (Cambodia) Commercial Bank PLC, ក្រុមហ៊ុន Hui One Life Insurance PLC និង​ក្រុមហ៊ុន Five State Cobacco Co., LTD ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​សម្រេច​ឱ្យ​អនុវត្ត​ប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ទ្រព្យសកម្ម​គ្រីបតូ ក្នុង​គោលបំណង​គ្រប់គ្រង​ប្រតិបត្តិការ និង​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​ទ្រព្យសកម្ម​គ្រីបតូ ក្រុម​១ ស្រប​តាម​ច្បាប់​ស្ដីពី គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ។

ធនាគារ​ជាតិ បញ្ជាក់​ថា ខ្លួន​អនុញ្ញាត​ឱ្យ​ធនាគារ​ពាណិជ្ជ និង​គ្រឹះស្ថាន​ផ្ដល់​សេវា​ទូទាត់​សង​ប្រាក់​ដែល​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ព្រមទាំង​នីតិបុគ្គល​ផ្សេង​ទៀត ធ្វើ​ប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ទ្រព្យសកម្ម​គ្រីបតូ ដោយ​ត្រូវ​ស្នើសុំ​ការ​អនុញ្ញាត ឬ​អាជ្ញាបណ្ណ​ជា​មុន​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ប្រតិបត្តិការ​កុំព្យូទ័រ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Blockchain ឈ្មោះ «អេលីបទីក» (Elliptic) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ (London) ចក្រភព​អង់គ្លេស (UK) រក​ឃើញ​ថា កម្មវិធី​ទីផ្សារ​អនឡាញ​ឈ្មោះ «ហួយ វ័ន ហ្គារេនធី» (Huione Guarantee) បង្កើត​ឡើង​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​ឈ្មោះ «ហួយ វ័ន គ្រុប»។

ក្រុមហ៊ុន​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ប្រតិបត្តិការ​អាជីវកម្ម​ទូទាត់ និង​ប្ដូរ​ប្រាក់​ឈ្មោះ «ហួយ វ័ន ផេយ» (Huione Pay) ខណៈ​លោក ហ៊ុន តូ គឺជា​នាយក​នៃ​ក្រុមហ៊ុន ហួយ វ័ន ផេយ ដែល​កំពុង​ត្រូវ​បាន​ក្រុម​អ្នក​រកស៊ី​ឆបោក​តាម​អនឡាញ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួម​ទាំង​កម្ពុជា​ផង​ដែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស