35.4 C
Phnom Penh

អតីត​អ្នកឧកញ៉ា​ដែល​ហ៊ាន​លាតត្រដាង​អំពើ​ឧក្រិដ្ឋកម្ម ចំអក​ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចុះចេញ​ពី​តំណែង បើ​មិន​ហ៊ាន​អនុវត្ត​ច្បាប់​ចាប់​ឧក្រិដ្ឋជន​ដែល​ជា​សាច់ញាតិ​ខ្លួនឯង​ទេ​នោះ ព្រោះ​ជា​ទង្វើ​ការពារ​ក្រុម​ឧក្រិដ្ឋជន។

លោក ហេង សិទ្ធី បាន​បញ្ចេញ​សារ​សំឡេង​នៅ​ថ្ងៃទី​១៣ មករា នេះ​ថា លោក​បាន​ទម្លាយ​រឿង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ឧក្រិដ្ឋជន​អស់​ហើយ។ លោក​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​រួច​ហើយ​ដែរ ដើម្បី​ឱ្យ​មាន​ចំណាត់ការ​ច្បាប់​លើ​ឧក្រិដ្ឋជន​ទាំងនោះ ប៉ុន្តែ​រហូត​ដល់​ពេលនេះ គ្មាន​វិធានការ​ច្បាប់​ណា​មួយ​ត្រូវ​បាន​អនុវត្ត​ឡើយ។

អតីត​អ្នកឧកញ៉ា​រូប​នេះ​អះអាង​ថា ដោយសារ​តែ​ភាព​ព្រងើយ​កន្តើយ​ខាង​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​អនុវត្ត​វិធានការ​ច្បាប់ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ឧក្រិដ្ឋកម្ម​យ៉ាង​ធ្ងន់ធ្ងរ និង​កំពុង​ក្លាយ​ជា​លំដាប់​ប្រទេស​លាក់​ឧក្រិដ្ឋជន​កាន់តែ​ខ្លាំង​ថែមទៀត។

លោក ហេង សិទ្ធី ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើ​កំណែ​ទម្រង់​ការ​ដឹកនាំ និង​ហ៊ាន​អារកាត់​ដើម្បី​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន និង​ដើម្បី​អនាគត​ប្រទេស​ជាតិ ឱ្យ​ដូច​ទៅ​នឹង​ពាក្យ​សម្បថ​ដែល​គាត់​បាន​ស្បថ​ក្នុង​ព្រះបរមរាជវាំង មុន​នឹង​ចូល​កាន់​តំណែង​មក​ដឹកនាំ​ប្រទេស។

ពាក់ព័ន្ធ​នឹង​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មករា នេះ​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន​នឹង​មិន​រក​យុត្តិធម៌​ឱ្យ​អតីត​ឧកញ៉ា ហេង សិទ្ធី ដាច់ខាត ព្រោះ​វង្ស​ត្រកូល​មួយ​នេះ​គឺជា​អ្នក​នៅ​ពីក្រោយ​អំពើ​ឧក្រិដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់។

លោក ម៉ែន ណាត លើកឡើង​ថា ការ​ទម្លាយ​អំពើ​ឧក្រិដ្ឋ​ក្នុង​គ្រួសារ​ត្រកូល​ហ៊ុន ពិត​មែន​តែ​មិន​អាច​ទទួល​បាន​យុត្តិធម៌ ប៉ុន្តែ​វា​ជា​រឿង​ល្អ​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែល​អាច​ដឹង​ពី​អាថ៌កំបាំង​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​នៃ​ត្រកូល​មួយ​នេះ។ លោក​ជំរុញ​ឱ្យ​លោក ហេង សិទ្ធី ទម្លាយ​អាថ៌កំបាំង​នេះ​បន្ត​ទៀត ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ដឹង​ពី​ទង្វើ​អាក្រក់​ដែល​គ្រួសារ​ត្រកូល​ហ៊ុន​បាន​ប្រព្រឹត្ត។

ជុំវិញ​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា ចាប់​តាំងពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤ មក អតីត​ឧកញ៉ា ហេង សិទ្ធី បាន​ទម្លាយ​អាថ៌កំបាំង​ពី​អភិបាល​ខេត្ត​កណ្តាល លោក គួច ចំរើន អ្នកឧកញ៉ា ហ៊ុន តូ អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត និង​ឧក្រិដ្ឋជន​មួយ​ចំនួន​ទៀត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស