31.7 C
Phnom Penh

អ្នកឧកញ៉ា​ដែល​ពលរដ្ឋ​ចោទ​ថា​រកស៊ី​បោកប្រាស់ ប្រឈម​នឹង​ពលរដ្ឋ​ធ្វើ​កូដកម្ម​ទាមទារ​សំណង​ជា​ប្រាក់​ជា​ផ្ទះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រងគ្រោះ​ក្នុង​គម្រោង​អចលនទ្រព្យ​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រាប់​រយ​នាក់ ប្ដេជ្ញា​ធ្វើ​កូដកម្ម​នៅ​មុខ​បុរី និង​តាម​ប្លង់ (ប្លុក) នីមួយៗ បើ​ឧកញ៉ា ឡេង ណាវ៉ាត្រា នៅតែ​មិន​ព្រម​ចេញ​មុខ​មក​ដោះស្រាយ។

ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាច្រើន​នាក់ បន្ត​សរសេរ​មក​កាន់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មករា នេះ​ថា នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ ពួកគេ​នឹង​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​បុរី​គម្រោង​អចលនទ្រព្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្លូវជាតិ​លេខ ៦A ដើម្បី​ធ្វើ​កូដកម្ម ដោយ​ការ​លើក​បដា និង​ដុត​កង់ឡាន​ទាំង​នៅ​មុខ​បុរី រួម​ទាំង​ប្លង់​គម្រោង​នីមួយៗ​ផង​ដែរ ដូចជា ប្លុក A ប្លុក B និង​ប្លុក C ដើម្បី​ផ្សាយ​ផ្ទាល់​ដាក់​បណ្ដាញ​សង្គម​ដោយ​មិន​រង់ចាំ​ស្តាប់​ការ​ដោះសា​ពី​តំណាង​ក្រុមហ៊ុន​ទៀត​ឡើយ។

ប្រភព​ដដែល​អះអាង​ថា ប្រសិនបើ​តំណាង​បុរី​ចេញ​មក​រារាំង ពួកគេ​នឹង​ថត​ផ្សាយ​ដើម្បី​បង្ហាញ​ទៅ​កាន់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ស្គាល់​ពី​មុខ​ជន​បោកប្រាស់​ក្នុង​គម្រោង​អចលនទ្រព្យ​នេះ​តែម្តង ព្រោះ​លុយ​ដែល​ពួកគេ​បាន​យក​ទៅ​ទិញ​ដី​ឡូត៍ និង​ផ្ទះល្វែង​ក្នុង​គម្រោង​នេះ គឺជា​ញើស​ឈាម​ដែល​ពួកគេ​ខំ​រក​រាប់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បែរជា​មក​ចាញ់បោក​គម្រោង​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ទៅវិញ។

ក្រុម​ពលរដ្ឋ​រងគ្រោះ​ទាំងនេះ​បញ្ជាក់​ថា ទាំង​ក្រុមហ៊ុន និង​តំណាង​បុរី បាន​ចេញ​មុខ​សន្យា​ជាច្រើន​លើក​ច្រើនសា​មក​ហើយ ប៉ុន្តែ​ការ​សន្យា​ទាំងនោះ​គឺជា​ការ​សន្យា​ខ្យល់ សន្យា​ទទេ​ទាំងអស់ ព្រោះ​ពួកគេ​ក៏​បាន​រង់ចាំ​អស់​រយៈពេល​រាប់​ឆ្នាំ​មក​ហើយ​ដែរ​រហូត​ដល់​ឆ្នាំ​២០២៥ នេះ ប៉ុន្តែ​ដី​ឡូត៍​របស់​ពួកគេ​នៅតែ​មិន​ទាន់​ត្រូវ​បាន​ចាក់​ដី​បំពេញ និង​ផ្ទះ​ក៏​មិន​ទាន់​ត្រូវ​បាន​សាងសង់​តាម​ការ​សន្យា​នា​ពេល​កន្លង​មក​នោះ។

គម្រោង​ដី​ឡូត៍ និង​ផ្ទះល្វែង​ផ្លូវជាតិ​លេខ ៦A របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​បាន​ខកខាន​ផ្តល់​ដី និង​ផ្ទះ​ឱ្យ​អតិថិជន បាន​បែកធ្លាយ​តាំងពី​អំឡុង​ឆ្នាំ​២០២៣ មក ក្នុង​នោះ ភស្តុតាង​ទិញ​លក់​រវាង​ក្រុមហ៊ុន និង​អតិថិជន​ជាច្រើន បាន​បង្ហាញ​ថា ក្រុមហ៊ុន​មួយ​នេះ​មិន​បាន​អនុវត្ត​តាម​កិច្ចសន្យា​ទេ ហើយ​បើ​គិត​តាំង​ឆ្នាំ​២០២៣ មក រហូត​ដល់​ពេលនេះ​ទៀត​នោះ គឺ​មាន​រយៈពេល​ប្រមាណ​ជា ៥​ឆ្នាំ​ហើយ។

ជាក់ស្តែង កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២៣ អតិថិជន​រងគ្រោះ​ពី​ការ​ទិញ​លំនៅឋាន​ក្នុង​បុរី​ឧកញ៉ា ឡេង ណាវ៉ាត្រា លាតត្រដាង​ថា ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ឧកញ៉ា​នេះ​បាន​រំលោភ​កិច្ចសន្យា​ទិញ​លក់​ផ្ទះ​ជាមួយ​ខ្លួន​ជាង ៣​ឆ្នាំ​មក​ហើយ ដែល​ភាគី​ខាង​ក្រុមហ៊ុន​មិន​បាន​សាងសង់​ផ្ទះ​ឱ្យ​ខ្លួន​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង។

ជុំវិញ​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មករា នេះ​ថា បើ​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ឈរឈ្មោះ​លក់​ដី​ឱ្យ​គ្រួសារ​ត្រកូល​ហ៊ុន​ទេ ម្ល៉េះ​ឧកញ៉ា​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដូច​ឧកញ៉ា​ដែល​លក់​ដី​ខ្យល់​ដទៃ​ទៀត​បាត់​ទៅ​ហើយ។

តំណាងរាស្ត្រ​អតីត​បក្ស​ប្រឆាំង​រូប​នេះ អំពាវនាវ​ឱ្យ​តុលាការ​រឹបអូស​ទ្រព្យសម្បត្តិ​ឧកញ៉ា ឡេង ណាវ៉ាត្រា លក់​ឡាយឡុង​យក​លុយ​ទៅ​សង​អតិថិជន ឬ​ចាប់​ខ្លួន​ឧកញ៉ា​រូប​នេះ​ដាក់​គុក​តែម្តង ដោយសារតែ​គាត់​បាន​លក់​ផ្ទះ​ខ្យល់​ឱ្យ​អតិថិជន​រហូត​មក ខណៈ​អតិថិជន​រងគ្រោះ​ទាំងនោះ​ស្ទើរតែ​ទាំងអស់ សុទ្ធសឹងតែ​ជា​កូនបំណុល​ធនាគារ​វ័ណ្ឌក​ដោយសារតែ​យក​លុយ​ទៅ​ទិញ​ដី និង​ផ្ទះ​ពី​ឧកញ៉ា​រូប​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស