ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ជំរុញឱ្យមិត្តបរទេសរបស់អ៊ុយក្រែន លើកទឹកចិត្តឱ្យសម្ព័ន្ធមិត្តខ្លួនស្វែងរកការចរចាសន្តិភាព ជាជាងជំរុញឱ្យបន្តវាយប្រយុទ្ធគ្នាគ្មានទីបញ្ចប់ ដែលប្រៀបបាននឹងការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជន។
លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីព្រលប់ថ្ងៃទី១៥ ខែមករា ថា មុនពេលប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ឡើងកាន់អំណាចនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ មានការលើកឡើងពីការគាំទ្ររបស់លោក ត្រាំ ក្នុងការចរចាសន្តិភាពនៃសង្គ្រាមនៅអ៊ុយក្រែន។ ប៉ុន្តែប្រមុខណាតូ (NATO) កាលពីពេលថ្មីៗនេះបាននិយាយថា អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ី ទេ ដែលមានន័យថា ការចរចារវាងអ៊ុយក្រែន និងរុស្ស៊ី មិនអាចធ្វើបានទេ ខណៈអ៊ុយក្រែន កំពុងចាញ់ប្រៀបរុស្ស៊ី។
លោក ហ៊ុន សែន បានលើកឡើងថា បទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាព និងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ។ លោកគិតថា ករណីអ៊ុយក្រែន ក៏ដូចគ្នា គឺមានតែមេដឹកនាំអ៊ុយក្រែន ប៉ុណ្ណោះ ទើបអាចសម្រេចចិត្តបានថា តើគួរចរចា ឬមិនចរចា មិនមែនប្រមុខណាតូ ឬប្រទេសផ្សេងឡើយ។
ប្រភពខាងលើអះអាងថា ទោះបីក្នុងស្ថានភាពដែលអ៊ុយក្រែន មិនមានប្រៀបក្នុងសមរភូមិប្រយុទ្ធជាមួយនឹងរុស្ស៊ី ក៏ដោយ លោក ហ៊ុន សែន ជំរុញឱ្យអ៊ុយក្រែន ចាប់ផ្តើមការចរចាកាន់តែឆាប់ កាន់តែល្អ ទោះបីចរចាបណ្តើរ វាយប្រយុទ្ធគ្នាបណ្តើរ ក៏ប្រសើរជាងការវាយប្រយុទ្ធគ្នាតែមួយមុខ។ លោកថា សម្រាប់អូសបន្លាយការចរចា ប្រៀបបាននឹងការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។
លោក ហ៊ុន សែន អះអាងថា ស្ថានភាពសង្គ្រាមអ៊ុយក្រែន គឺគ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេ ទោះអ៊ុយក្រែន តែឯង ឬក៏ទោះជាអ៊ុយក្រែន ចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀត ក៏សភាពការណ៍នឹងមិនប្រែប្រួលដែរ។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោក យង់ ពៅ បានប្រាប់សារព័ត៌មានក្នុងស្រុកថា វាជាការពិតដែលថាមានតែការចរចាទេដែលអាចបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បាន ហើយលោកយល់ស្របទៅនឹងការលើកឡើងរបស់លោក ហ៊ុន សែន។
ប្រភពដដែលអះអាងថា នៅប្រទេសណាក៏ដូចប្រទេសណា បើសិនជាអ្នកខាងក្នុងមិនចាប់ផ្ដើមដំណើរការស្វែងរកសន្តិភាព ហើយបែរជារង់ចាំអ្នកខាងក្រៅ នោះមិនអាចទៅរួចទេ។ អ្នកខាងក្រៅរង់ចាំឱកាសទទួលបានចំណេញទាំងនយោបាយ និងសេដ្ឋកិច្ច ទើបគេជួយ។
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មានរយៈពេលជិត ៣ឆ្នាំ បន្ទាប់ពីរុស្ស៊ី បានបើកការវាយប្រហារលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

