26.6 C
Phnom Penh

សមត្ថកិច្ច​ចាប់​ខ្លួន​អ្នកស្រី ម៉ន ដានី ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ពី​បទ​ចេញ​សែក​ស្អុយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ចាប់​ខ្លួន​ម្ចាស់​ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត (Real Estate) គឺ​អ្នកស្រី ម៉ន ដានី កាលពី​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៥ និង​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចេញ​សែក​ស្អុយ។

ការ​ឃាត់​ខ្លួន​នេះ ធ្វើឡើង​ក្នុង​អំឡុង​ពេល​ដែល​អ្នកស្រី ម៉ន ដានី ត្រឡប់​ពី​ប្រទេស​ថៃ ទៅ​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូស្មាច់ ខេត្ត​ឧត្ដរមានជ័យ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ លោក ង៉េង ជួ បញ្ជាក់​ថា នគរបាល​បាន​បញ្ជូន​ខ្លួន​អ្នកស្រី ម៉ន ដានី ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​ឃាត់​ខ្លួន​បាន​កាលពី​យប់​ថ្ងៃទី​១៦ ខែ​មករា នៅ​ពេល​ដែល​ជន​ត្រូវ​ចោទ​បាន​ចាកចេញ​ពី​ប្រទេស​ថៃ ចូល​មក​ប្រទេស​កម្ពុជា​វិញ។

ចៅក្រម​ស៊ើបសួរ លោក លិ សុខា កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២៤ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​អ្នកស្រី ម៉ន ដានី ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ឬ​ចេញ​សែក​ស្អុយ​តាម​មាត្រា​នៃ​ច្បាប់​ស្ដីពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​ប្រាក់។

អ្នកវិភាគ​លើកឡើង​ថា អំពើ​បោកប្រាស់​លក់​ដី​ខ្យល់ និង​ផ្ទះ​ខ្យល់​នៅ​ប្រទេស​កម្ពុជា​ដែល​កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ គឺ​សុទ្ធតែ​បង្ក​ឡើង​ដោយ​ការ​ដឹកនាំ​បែប​ម៉ាហ្វៀរ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ទាំងអស់។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ មករា នេះ​ថា ក្នុង​ចំណោម​គម្រោង​អចលនទ្រព្យ​បោកប្រាស់​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ ក៏​មាន​គម្រោង​ដែល​ល្អ​ដែរ ប៉ុន្តែ​គម្រោង​ល្អៗ​ពិបាក​នឹង​ឈរជើង​ណាស់ ក្រោម​ការ​គាបសង្កត់​ទារ​លុយ​ពី​មន្ត្រី​ពុករលួយ និង​ការ​ប្រជែង​ដណ្តើម​ផល​ប្រយោជន៍​ពី​គម្រោង​ដែល​មាន​ត្រកូល​ហ៊ុន​ជា​ខ្នងបង្អែក។

ប្រភព​ដដែល​បន្ត​ថា ចំណែក​គម្រោង​អចលនទ្រព្យ​បោកប្រាស់​វិញ​ក៏​ជួប​វិបត្តិ​ដូច​គ្នា​ដែរ ប៉ុន្តែ​វិធានការ​ច្បាប់​មិន​ត្រូវ​បាន​អនុវត្ត​លើ​ពួកគេ​ឡើយ ទោះ​អតិថិជន​តវ៉ា​ទាមទារ​ដោយ​ប្រើ​ភស្តុតាង​ជា​កិច្ចសន្យា​ទិញ​លក់​ច្បាស់​ប៉ុនណា​ក៏ដោយ ព្រោះតែ​គម្រោង​ទាំងនេះ​មាន​ត្រកូល​ហ៊ុន​កាង​នៅ​ពីក្រោយ ដូច្នេះ​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​អ្នក​ទាំងនោះ​ឡើយ។

លោក គឹម សុខ លើកឡើង​ថា ការ​ជាប់​គាំង​វិស័យ​អចលនទ្រព្យ​ក្រោម​ហេតុផល​ជំងឺ​កូវីដ-១៩ គឺជា​រឿង​មួយ ប៉ុន្តែ​ការ​ជាប់​គាំង​វិស័យ​អចលនទ្រព្យ​ដោយសារ​ការ​ដឹកនាំ​របស់​ត្រកូល​ហ៊ុន​ដែល​បង្ក​ឱ្យ​មាន​ការ​បោកប្រាស់​ដើម្បី​កេង​យក​លុយ​ពី​ពលរដ្ឋ ក៏​ជា​បញ្ហា​ដែល​ត្រូវ​យក​មក​ដោះស្រាយ​ដែរ ព្រោះ​នៅ​ស្រុក​ខ្មែរ​មាន​តែ​ត្រកូល​ហ៊ុន​មួយ​គត់​ដែល​មាន​អំណាច​ធ្វើ​ព្យុះ​ភ្លៀង​តាម​អំពើ​ចិត្ត​បាន។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ត្រកូល​ហ៊ុន​ដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ មិនមែន​ដើម្បី​រក​ផល​ប្រយោជន៍​ឱ្យ​ប្រទេស​ជាតិ និង​ពលរដ្ឋ ឬ​ដើម្បី​ធានា​បាន​យុត្តិធម៌​សង្គម​ទេ ប៉ុន្តែ​ពួកគេ​ប្រើ​រដ្ឋាភិបាល​ដែល​ខ្លួន​គ្រប់គ្រង​ប្រជែង​ដណ្តើម​ផល​ប្រយោជន៍​ជាមួយ​ពលរដ្ឋ​ខ្លួនឯង​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​ការ​លក់​ដី​ខ្យល់ និង​ផ្ទះ​ខ្យល់​នេះ គេ​សង្កេត​ឃើញ​ថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​បាន​លក់​ផ្ទះ​ខ្យល់ និង​ដី​ខ្យល់​ឱ្យ​អតិថិជន​ដែរ ប៉ុន្តែ​គ្មាន​វិធានការ​ច្បាប់​ណា​មួយ​ត្រូវ​បាន​អនុវត្ត​លើ​ឧកញ៉ា​រូប​នេះ​ឡើយ ខណៈ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ចេញ​មុខ​ការពារ​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាបន្តបន្ទាប់​ក្រោយ​ការ​ទាមទារ​ឱ្យ​ផ្តល់​សំណង​ពី​អតិថិជន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស