28.6 C
Phnom Penh

អ្នកវិភាគ​ព្រមាន​ថា​ឱ្យ​តែ​ត្រកូល​ហ៊ុន​បន្ត​ដឹកនាំ​ប្រទេស នោះ​កោះ​គុត​នៅតែ​ក្លាយ​ជា​ឧបករណ៍​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​នយោបាយ ព្រមាន​ថា ឱ្យ​តែ​ត្រកូល​ហ៊ុន​នៅតែ​បន្ត​ដឹកនាំ​ប្រទេស​ជាតិ កោះ​គុត​នៅតែ​ក្លាយ​ជា​ឧបករណ៍​នយោបាយ​របស់​ពួកគេ​ក្នុង​ការ​ដោះដូរ​ឱ្យ​ត្រកូល​ស៊ីណាវ៉ាត់ ជួយ​បោស​សម្អាត​ក្រុម​ប្រឆាំង​រស់នៅ​លើ​ទឹកដី​ថៃ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី​សមាជ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ស្ដីពី​បញ្ហា​កោះ​គុត នៅ​រដ្ឋ​ម៉ាហ្សាឈូសិត កាលពី​ថ្ងៃទី​១៩ មករា ថា រដ្ឋាភិបាល​ខ្មែរ​ដែល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន កំពុង​ប្រើ​កោះ​គុត​ធ្វើ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​ឱ្យ​ត្រកូល​ស៊ីណាវ៉ាត់ របស់​លោក ថាក់ស៊ីន ជួយ​បោស​សម្អាត​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ថៃ សព្វថ្ងៃ​នេះ។

ក្រៅ​ពី​នេះ​ទៀត គេ​ក៏​កំពុង​គប់គិត​គ្នា​ទាញ​យក​ផល​ប្រយោជន៍​ពី​ដែនសមុទ្រ​ត្រួត​គ្នា​រវាង​ប្រទេស​កម្ពុជា-ថៃ ទំហំ ២៦០០​គីឡូម៉ែត្រ​ក្រឡា ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ៥០០​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ចិញ្ចឹម​អំណាច​របស់​ត្រកូល​ទាំង​ពីរ​នេះ ក្នុង​ការ​ជួយ​គ្នា​រក្សា​អំណាច​ទៅវិញ​ទៅមក​ដែរ ព្រោះ​លុយ​ដែល​បាន​មកពី​ការ​បូម​ប្រេង និង​ឧស្ម័ន​ទាំងនោះ ត្រូវ​រក្សា​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ​ពួកគេ​តែប៉ុណ្ណោះ។

លោក​បន្ត​ថា ឱ្យ​តែ​ត្រកូល​ស៊ីណាវ៉ាត់ នៅតែ​មាន​អំណាច ក្រុម​ប្រឆាំង​នៅតែ​ត្រូវ​បាន​បង្ក្រាប​ដើម្បី​ជួយ​កម្ចាត់​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ដដែល ចំណែកឯ​រដ្ឋាភិបាល​ត្រកូល​ស៊ីណាវ៉ាត់ នឹង​ខំ​រក​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ក្នុង​បំណង​កុំ​ឱ្យ​ប្រទេស​កម្ពុជា ប្តឹង​អំពី​បញ្ហា​កោះ​គុត​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​លួង​ចិត្ត​ពលរដ្ឋ​ថៃ កុំ​ឱ្យ​ទម្លាក់​វង្ស​ត្រកូល​ខ្លួន​ពី​អំណាច។

លោក គឹម សុខ លើកឡើង​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន ពឹងពាក់​អំណាច​ត្រកូល​ស៊ីណាវ៉ាត់ របស់​លោក ថាក់ស៊ីន នោះ​គឺ​ដោយសារតែ​គាត់​ដឹង​យ៉ាង​ច្បាស់​ថា បើ​អ្នក​ប្រជាធិបតេយ្យ​អាច​ប្រមូលផ្ដុំ​កម្លាំង​បាន​ពេញ​នៅ​លើ​ទឹកដី​ថៃ នឹង​អាច​បង្ក​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដល់​រដ្ឋាភិបាល​ក្មេងខ្ចី​របស់​លោក ហ៊ុន ម៉ាណែត សព្វថ្ងៃ​នេះ។

ក្រៅពី​សមាជ ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ស្ដីពី​បញ្ហា​កោះ​គុត នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាហ្សាឈូសិត ក៏​មាន​ការ​ដឹកនាំ​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្តឹង​ថៃ ទៅ​កាន់​តុលាការ​អន្តរជាតិ​នៅ​ទីក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា ផង​ដែរ។

ប្រជាពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ជាង ២០០​នាក់ បាន​ចូលរួម​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៥ នៅ​ក្នុង​ទីក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា ទឹកដី​សហរដ្ឋ​អាមេរិក ដើម្បី​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ថា​ត្រូវតែ​បញ្ជាក់​ថា​មួយ​ផ្នែក​នៃ​កោះ​គុត​ជា​របស់​កម្ពុជា។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​បាន​ដឹកនាំ​បាតុកម្ម​នេះ លើកឡើង​ថា ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ត្រូវតែ​ប្តឹង​ថៃ លើ​ករណី​កោះ​គុត​ទៅ​តុលាការ​អន្តរជាតិ និង​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត លុប​ចោល​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០១ (MOU 2001 ឬ MOU44) រវាង​រដ្ឋាភិបាល​ខ្មែរ និង​រដ្ឋាភិបាល​ថៃ ថែម​ទៀត​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស