26 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទោស​មន្ត្រី​បក្ស​ប្រឆាំង​ថា​ខ្វល់ខ្វាយ​តែ​រឿង​មនុស្ស​ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ទោស​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ថា កុំ​គ្រាន់តែ​នាំគ្នា​ធ្វើ​បុណ្យ​រំលឹក​ឱ្យ​តែ​មនុស្ស​ស្លាប់ ព្រោះ​ថា​មនុស្ស​ដែល​នៅ​រស់​ក៏​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ទារុណ​ដោយ​ការ​ឃុំ​ខ្លួន និង​បាត់បង់​សិទ្ធិ​សេរីភាព​ដែរ។

អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ពុធ​ថា ទាំង​មន្ត្រី​បក្ស​ប្រឆាំង ទាំង​អ្នក​ស្នេហា​ប្រជាធិបតេយ្យ គួរ​នាំគ្នា​ទាមទារ​យុត្តិធម៌ និង​សេរីភាព​ឱ្យ​មនុស្ស​ដែល​នៅ​រស់​ដែល​កំពុង​តែ​ត្រូវ​បាន​គេ​គាបសង្កត់​បំបាត់​សិទ្ធិ​សេរីភាព​សព្វថ្ងៃ​នេះ​ដើម្បី​យុត្តិធម៌​សង្គម​សម្រាប់​មនុស្ស​គ្រប់​រូប​ទៅ​ថ្ងៃ​មុខ។

លោក​ថា កុំ​រង់ចាំ​ទាល់តែ​ពួកគេ​ស្លាប់ ទើប​នាំគ្នា​ទៅ​អុជ​ធូប​ដើម្បី​សម្ដែង​ភាព​សោកស្តាយ​នោះ គឺ​វា​យឺត​ពេល​ទៅ​ហើយ ព្រោះ​ក្នុង​នាម​ជា​អ្នក​ប្រជាធិបតេយ្យ គួរតែ​ខិតខំ​ការពារ និង​ជួយ​គាំពារ​ដល់​គុណតម្លៃ​យុត្តិធម៌ និង​សេរីភាព​របស់​មនុស្ស​រស់។

លោក មុត ចន្ថា លើកឡើង​ថា លោក​ក៏​ធ្លាប់​ស្តាប់​ឮ​អតីត​សហការី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ជា​ហូរហែ​ដែរ​ថា ប្រសិនបើ​ពួកគេ​នៅ​ស្ងៀម​មិន​ធ្វើ​អី​សោះ គឺ​មិន​អាច​ទាមទារ​រក​យុត្តិធម៌ និង​សេរីភាព​បាន​ទេ ដូច្នេះ​មាន​តែ​បង្កើត​បក្ស​នយោបាយ​ប៉ុណ្ណោះ។

លោក​ថា ចាប់តាំងពី​អ្នក​ទាំងនោះ​បង្កើត​បក្ស​នយោបាយ​មក ពួកគេ​មិន​ដែល​ហ៊ាន​ចេញ​មុខ​ទាមទារ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដែល​កំពុង​ត្រូវ​បាន​គេ​បំបិទ​សិទ្ធិ​សេរីភាព​ទាំង​អយុត្តិធម៌​ឡើយ ចំណែក​អ្នក​ខ្លះ​ទៀត​ក៏​មិន​ដែល​ហ៊ាន​និយាយ​អំពី​ការ​រំលោភ​បំពាន និង​ការ​បំបិទ​សិទ្ធិ​សេរីភាព​ដែរ ចំណែក​គណបក្ស​ដែល​ពួកគេ​បង្កើត​មក គ្រាន់តែ​ជា​គ្រឿង​លម្អ​ដើម្បី​លាភ​សក្ការៈ​ផង​ក៏​មិន​ដឹង។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​រយៈពេល ២៧​ឆ្នាំ ពី​បទ «ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា» និង​ហាមឃាត់​មិន​ឱ្យ​ជួប​អ្នក​ណា​ទាំងអស់ ក្រៅពី​សាច់ញាតិ រួម​ទាំង​ដកហូត​សិទ្ធិ​នយោបាយ​មួយ​ជីវិត​ផង​ដែរ​កាលពី​ឆ្នាំ​២០២៣ កន្លង​ទៅ។

ទោះជា​បែប​នេះ​ក្តី កញ្ញា កឹម មនោវិទ្យា កូនស្រី​របស់​លោក កឹម សុខា ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា ជាតិ​ខ្មែរ​មួយ​នគរ​នៅតែ​ត្រូវការ​លោក កឹម សុខា ឱ្យ​បន្ត​ក្រាញននៀល​បន្ត​ទៀត ទោះបីជា​លោក និង​ក្រុម​គ្រួសារ​កំពុង​ទទួល​នូវ​ផល​មហា​អវិជ្ជមាន​ពី​កាលៈទេសៈ​ដ៏​អាក្រក់​នេះ​ក៏ដោយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស