28.6 C
Phnom Penh

លោក សម រង្ស៊ី ថា​របប​ក្រុង​ភ្នំពេញ​នឹង​ប្រឈម​ឧបសគ្គ​កាន់តែ​ខ្លាំង ក្រោយពី​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​អាមេរិក​ចូល​កាន់​តំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា របប​ក្រុង​ភ្នំពេញ​នឹង​ត្រូវ​ប្រឈម​ឧបសគ្គ​កាន់តែ​ខ្លាំង​ជាមួយ​អាមេរិក ក្រោយ​ពេល​លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump)។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២២ មករា នេះ​ថា លោក ម៉ាកូ រ៉ូប៊ីអូ គឺជា​អ្នកគាំទ្រ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​បក្សពួក​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន រហូត​មក ព្រោះ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូប​នេះ គឺជា​អ្នក​ដែល​គាំទ្រ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​ក៏​មាន​ការ​យល់ដឹង​ស៊ីជម្រៅ​ខ្លាំង​អំពី​បញ្ហា​ក្នុង​ប្រទេស​កម្ពុជា​ដែរ ក្រោម​ល្បិចកល​ដឹកនាំ​របស់​លោក ហ៊ុន សែន កន្លង​មក។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ធ្លាប់​ចូលរួម​គាំទ្រ​ដាក់​សេចក្តី​ព្រាងច្បាប់ S.២៣៣១ ជាមួយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក អិត ម៉ាកឃី (Ed Markey) និង​លោក ឌីក ឌូប៊ីន (Dick Durbin) ទៅ​កាន់​ព្រឹទ្ធសភា​អាមេរិក​ផង​ដែរ។

លោក​គូសបញ្ជាក់​ថា សេចក្តី​ព្រាងច្បាប់​នេះ​គឺ​មាន​គោលបំណង​លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ សេរីភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

កាលពី​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២៥ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​តែងតាំង​លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថ្មី​របស់​សហរដ្ឋ​អាមេរិក ដែល​ទទួល​បាន​ការ​យល់ព្រម​ជា​ឯកច្ឆន្ទ​ដោយ​សំឡេង ៩៩ ហើយ​ការ​អនុម័ត​នេះ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​ស្បថ​ចូល​កាន់​តំណែង​ឡើងវិញ​ក្នុង​អាណត្តិ​ថ្មី​នេះ​ដែរ។

លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ត្រូវ​គេ​ស្គាល់​ថា​ជា​សមាជ​ព្រឹទ្ធសភា​មកពី​រដ្ឋ​ហ្លរីដា (Florida) របស់​គណបក្ស​សាធារណរដ្ឋ ដែល​ធ្លាប់​ចុះហត្ថលេខា​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទាមទារ​ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ចំនួន ៣​លើក​រួច​មក​ហើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស