មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជំរុញឱ្យអាជ្ញាធរចាប់ខ្លួនអ្នកឧកញ៉ា សុខ គង់ មកស៊ើបសួរ ដើម្បីស្វែងរកមូលហេតុពិតនៃការស្លាប់មនុស្សក្នុងកម្មវិធីចែកអាំងប៉ាវរបស់គាត់ ដើម្បីឱ្យប្រាកដថាមានការជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មដោយចេតនាដែរឬអត់។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា សរសេរលើគណនីហ្វេសប៊ុករបស់លោកបន្ទាប់ពីមានមនុស្សស្លាប់ក្នុងកម្មវិធីចែកអាំងប៉ាវនៅគេហដ្ឋានរបស់អ្នកឧកញ៉ា សុខ គង់ ថា ឧកញ៉ា សុខ គង់ ត្រូវតែទទួលខុសត្រូវចំពោះពលរដ្ឋដែលបានស្លាប់ និងរងរបួសជុំវិញកម្មវិធីចែកអាំងប៉ាវរបស់គាត់ ដែលមិនមែនត្រឹមតែជាការផ្តល់ជាលុយនោះទេ គឺរកឱ្យឃើញមូលហេតុពិតនៃការស្លាប់របស់ពលរដ្ឋទាំងនេះ។ ចំណែកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏ត្រូវទទួលខុសត្រូវចំពោះហេតុការណ៍នេះដែរ ព្រោះវាបានកើតឡើងក្នុងដែនសមត្ថកិច្ចរបស់គាត់ក្នុងការធ្វេសប្រហែសចំពោះការធានាសុវត្ថិភាព និងសន្តិសុខជូនពលរដ្ឋ។
លោក មុត ចន្ថា បញ្ជាក់ថា ពលរដ្ឋខ្មែរមួយចំនួននៅតែចាញ់ល្បិចពង្វក់របស់បរទេសដែលគេយកជីវិតពួកគាត់ទៅបូជា ដើម្បីរំដោះគ្រោះឱ្យក្រុមគ្រួសារគេ ដូច្នេះដំណោះស្រាយក្នុងហេតុការណ៍ដ៏សោកសៅនេះ មិនមែនគ្រាន់តែផ្តល់លុយឱ្យជនរងគ្រោះ រួចហើយត្រូវបញ្ចប់នោះទេ គឺត្រូវតែមានការស៊ើបអង្កេតបន្តទៀត។
ប្រធានវិទ្យុផ្សាយសំឡេងប្រជាធិបតេយ្យ វីអូឌី លោក ប៉ា ងួនទៀង សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ មករា នេះថា បើយោងតាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ លោក សុខ គង់ ត្រូវតែមានទោសដាច់ខាត។
មាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ ចែងពីបទមនុស្សឃាតដោយអចេតនាថា បទមនុស្សឃាតដោយអចេតនា គឺជាអំពើបណ្តាលឱ្យស្លាប់អ្នកដទៃដោយការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា ការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។
កាលពីថ្ងៃទី២៣ ខែមករា ពលរដ្ឋចំនួន ៤នាក់បានស្លាប់ និង ៥នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងកម្មវិធីចែកអាំងប៉ាវនៅភូមិគ្រឹះរបស់អ្នកឧកញ៉ា សុខ គង់។ ក្រោយហេតុការណ៍នេះ អ្នកឧកញ៉ា សុខ គង់ បានបង់លុយទៅឱ្យអ្នកស្លាប់ដើម្បីបញ្ចប់រឿងតែម្តង។
ជុំវិញបញ្ហានេះ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) អះអាងនៅថ្ងៃទី២៤ មករា នេះដែរថា ស្ត្រីម្នាក់ដែលបានស្លាប់ក្នុងកម្មវិធីទទួលអាំងប៉ាវពីអ្នកឧកញ៉ា សុខ គង់ មានឈ្មោះថា អ្នកស្រី គង់ វន្ថា ហើយក៏ជាសមាជិករបស់សមាគមដែរ ដែលទើបនឹងទទួលបានរទេះអេតចាយពីសមាគមកាលពីពេលថ្មីៗនេះ។
ប្រភពដដែលបញ្ជាក់ថា អ្នកស្រី គង់ វន្ថា មានមុខរបរជាអ្នករើសអេតចាយដើម្បីចិញ្ចឹមចៅកំព្រា និងកូនដែលមានវិបល្លាសស្មារតី ខណៈខ្លួនអ្នកស្រីផ្ទាល់ក៏ជាមនុស្សពិការភាពដែរ។
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោកពិតជាស្រណោះ និងខ្លោចចិត្តយ៉ាងខ្លាំងចំពោះប្រទេសជាតិដែលប្រជាពលរដ្ឋជាន់គ្នាស្លាប់ដោយសារ “អាំងប៉ាវ”។
លោក សម រង្ស៊ី បញ្ជាក់ថា ប្រទេសខ្មែរក្រីក្រ ព្រោះមានមេដឹកនាំជាចោរលួចជាតិ ដែលលួចពីប្រជាជនក្នុងតម្លៃរាប់ម៉ឺន រាប់កោតពាន់លានដុល្លារ ទើបបានជាធ្វើឲ្យប្រទេសខ្មែរក្រដល់ថ្នាក់នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

