32.1 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ព្រមាន​ថា សង្គ្រាម​រវាង​កម្ពុជា និង​ថៃ ទំនង​ជា​នឹង​ផ្ទុះ​ឡើងវិញ​សាជាថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ព្រមាន​ថា សង្គ្រាម​រវាង​កម្ពុជា និង​ថៃ ទំនង​ជា​នឹង​ផ្ទុះ​ឡើងវិញ​សាជាថ្មី ព្រោះ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ប្រទេស​ទាំង​ពីរ​មិន​អាច​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ ឬ​អំពើ​ឈ្លានពាន​របស់​ប្រទេស​ថៃ មក​លើ​កម្ពុជា បាន​ទេ។

អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ វិច្ឆិកា ថា សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ វាង​កម្ពុជា-ថៃ មិនមែន​ជា «សន្ធិសញ្ញា» ឬ «កិច្ចព្រមព្រៀង» ដែល​ជា​មូលដ្ឋាន​ច្បាប់​មាន​អំណាច​ចាប់​បង្ខំ​ក្នុង​ការ​អនុវត្ត ឬ​ជា​យន្តការ​អន្តរជាតិ ដើម្បី​តាមដាន​លើ​ការ​អនុវត្ត និង​ដាក់​ពិន័យ​លើ​ការ​រំលោភ​បំពាន​ពី​សំណាក់​ភាគី​ហត្ថលេខី​នោះ​ឡើយ។

លោក​បន្ត​ថា មូលហេតុ​ដែល​មិន​មាន​មូលដ្ឋាន​ច្បាប់​អន្តរជាតិ ដោយសារ​សេចក្តី​ថ្លែងការណ៍​រួម​នេះ​មិន​មាន​លក្ខណៈ ឬ​ទម្រង់​ជា​កិច្ចព្រមព្រៀង ឬ​សន្ធិសញ្ញា​នោះ​ទេ។ ជាង​នេះ​ទៀត ប្រទេស​នីមួយៗ​មិន​បាន​ស្នើ​ឱ្យ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ផ្តល់​សច្ចាប័ន ហើយ​សេចក្តី​ថ្លែងការណ៍​រួម​នេះ​ក៏​មិន​ត្រូវ​បាន​ចុះបញ្ជី​ផ្លូវការ​ជាមួយ​អង្គការ​សហប្រជាជាតិ ដោយ​អនុលោម​តាម​ច្បាប់​ស្ដីពី​សន្ធិសញ្ញា​ដែរ។ ចំណែក​កត្តា​នយោបាយ​វិញ រដ្ឋាភិបាល​ថៃ មិន​មាន​អំណាច​លើ​យោធា និង​មាន​សិទ្ធិ​សម្រេច​លើ​បញ្ហា​ព្រំដែន​ឡើយ ក្រៅពី​ស្តេច​ថៃ ខណៈ​ក្រុម​ជាតិ​និយម​ជ្រុល​ថៃ បាន​ប្រើប្រាស់​បញ្ហា​ព្រំដែន​ជា​ឧបករណ៍​នយោបាយ ដើម្បី​កម្ចាត់​សត្រូវ​នយោបាយ​ផ្ទៃក្នុង​ថែមទៀត ជាពិសេស​គឺ​ត្រកូល ស៊ីណាវ៉ាត់ តែម្តង។

លោក មុត ចន្ថា លើកឡើង​ថា ប្រទេស​ថៃ គឺជា​សម្ពន្ធមិត្ត​យូរអង្វែង​របស់​សហរដ្ឋ​អាមេរិក ចំណែក​កម្ពុជា វិញ បែរជា​ចាត់ទុក​អាមេរិក​ជា​សត្រូវ​នៅ​ពីក្រោយ​របប​សាធារណរដ្ឋ លន់ នល់ នៃ​ការ​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​សម្តេច​ព្រះ​នរោត្តម សីហនុ កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ទៅវិញ។

កាសែត​ថៃ ខៅស៊ុត (Khaosod) បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) នៅ​ថ្ងៃទី​១២ វិច្ឆិកា ថា ប្រទេស​ថៃ នឹង​លែង​គោរព​តាម​ចំណុច​ទាំង ៤ នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​នៅ​ទីក្រុង​កូឡាឡាំពួរ ទៀត​ហើយ ព្រោះ​ថៃ នឹង​កំណត់​ដំណើរការ​សកម្មភាព​របស់​ខ្លួន​ដោយ​ខ្លួនឯង​វិញ។

យ៉ាងណាក៏ដោយ កាសែត The Washington Post បាន​ស្រង់​សម្ដី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាម៉េរិក នៅ​ថ្ងៃទី​១២ វិច្ឆិកា ដែរ​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្ដេជ្ញាចិត្ត​ចំពោះ​ការ​បញ្ឈប់​អំពើ​ហិង្សា​ជាបន្តបន្ទាប់ ដោយ​រំពឹង​ថា កម្ពុជា-ថៃ នឹង​គោរព​យ៉ាង​ពេញលេញ​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ជម្លោះ និង​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​បាន​ចុះហត្ថលេខា​រួម​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស