30.7 C
Phnom Penh

លោក សម រង្ស៊ី ចោទ​អភិបាលរង​រាជធានី​ភ្នំពេញ ឃ្លាំង ហួត ជា​អ្នក​រៀបចំ​ផែនការ​សម្លាប់​លោក លិម គិមយ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​អភិបាលរង​ក្រុង​ភ្នំពេញ លោក ឃ្លាំង ហួត

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចោទ​ថា​អភិបាលរង​ក្រុង​ភ្នំពេញ លោក ឃ្លាំង ហួត គឺ​ជា​អ្នក​រៀបចំ​ផែនការ​សម្លាប់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ដោយ​ផ្ទាល់ ក្រោម​បញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន។

លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មករា ថា​លោក​បាន​ប្រមូល​ភស្តុតាង​គ្រប់​ជ្រុង​អស់​ហើយ​ដែល​បង្ហាញ​ថា អភិបាលរង​រាជធានី​ភ្នំពេញ​លោក ឃ្លាំង ហួត គឺជា​អ្នក​រៀបចំ​ផែនការ​សម្លាប់​លោក លិម គិមយ៉ា ដោយ​ផ្ទាល់ តាម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន។

លោក សម រង្សី បាន​បង្ហោះ​រូបថត​លោក ឃ្លាំង ហួត ដែល​ធ្លាប់​បាន​ថត​ជាមួយ​លោក ហ៊ុន សែន និង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជា​លក្ខណៈ​ឯកជន និង​រូបថត​អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ ដែល​បាន​ថត​ជុំ​គ្នា​ជាមួយ​លោក ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី និង​លោក ឃ្លាំង ហួត រួម​ទាំង​រូបថត​លោក ឃ្លាំង ហួត ថត​ជាមួយ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ តែ​ពីរ​នាក់​ផង​ដែរ។

កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ នេះ លោក ហ៊ុន ម៉ាណែត បាន​ចេញ​មុខ​បដិសេធ​ថា ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ឡើយ។

ទោះជា​យ៉ាងណាក៏ដោយ សំណុំរឿង​ឃាតកម្ម​នេះ​ក៏​មិន​ទាន់​អាច​កាត់ផ្ដាច់​ការ​សង្ស័យ​លើ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ដែរ ព្រោះ​ជនសង្ស័យ​ពីរ​នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ចូលរួម​ក្នុង​អំពើ​ឃាតកម្ម​នេះ នៅតែ​អាច​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ការ​ចាប់​បញ្ជូន​ខ្លួន​ពី​រាជរដ្ឋាភិបាល​ខ្មែរ​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ នៅឡើយ​ទេ រហូត​ដល់​ពេលនេះ ខណៈ​ដែល​អ្នក​ទាំង​ពីរ​នាក់​នេះ​ត្រូវ​គេ​ដឹង​ថា​សុទ្ធសឹងតែ​ជា​មនុស្ស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន។

ឧទាហរណ៍​ជាក់ស្តែង ជនសង្ស័យ​ឈ្មោះ លី រតនៈរស្មី ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន កាលពី​ដើម​ឆ្នាំ​២០២៤ ចំណែកឯ​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​មាន​មុខនាទី​ជា​អនុប្រធាន​ផ្សារ​កណ្ដាល ក្នុង​ទីក្រុង​ភ្នំពេញ ឈ្មោះ ពេជ្រ គឹមស្រ៊ិន ត្រូវ​គេ​ដឹង​ថា​ជា​មនុស្ស​ក្រោម​បង្គាប់​ដែល​ជិតស្និទ្ធ​នឹង​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង និង​អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃ្លាំង ហួត ផង​ដែរ។ លើស​ពី​នេះ មន្ត្រី​រដ្ឋាភិបាល​អ្នក​ទាំង​ពីរ​នាក់​នេះ ក៏​ត្រូវ​គេ​ដឹង​ថា​ជា​មនុស្ស​ជំនិត​នឹង​លោក ហ៊ុន សែន ថែម​ទៀត។ តាម​ឯកសារ​ខ្លះ លោក ពេជ្រ គឹមស្រ៊ិន ធ្លាប់​ធ្វើ​ការងារ​ក្រោម​ឱវាទ​អភិបាលរង​ខណ្ឌ​មានជ័យ ឈ្មោះ គៀង ចក់ ដែល​មាន​រឿង​ជាប់​ទាក់ទង​នឹង​សមាជិក​បក្ស​ប្រឆាំង លោក ផន ផាន់ណា ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ គេ​ដឹង​ថា​លោក ឃ្លាំង ហួត គឺជា​មនុស្ស​ម្នាក់​ដែល​តែង​ទទួល​បញ្ជា​ពី​លោក ហ៊ុន សែន ឱ្យ​តាម​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​ក្នុង​ប្រទេស​ថៃ កន្លង​មក។ ភស្តុតាង​ជាក់ស្តែង​កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២៤ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​លោក ឃ្លាំង ហួត តាម​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង លោក ផន ផាន់ណា ដែល​កំពុង​រស់នៅ​ដោយ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ យក​ទៅ​កម្ពុជា​វិញ​ជាដាច់ខាត ទោះជា​ត្រូវ​ស្លាប់ ឬ​រស់​ក៏ដោយ។

ទាក់ទង​នឹង​រឿង​បែប​ហ្នឹង លោក ហ៊ុន សែន ក៏​បាន​បញ្ជា​លោក ឃ្លាំង ហួត ឱ្យ​ភ្ជាប់​ទំនាក់ទំនង​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ជាមួយ​អាជ្ញាធរ​ថៃ តាម​បំបាត់​ចោល​ក្រុម​ប្រឆាំង​ដែល​កំពុង​ជ្រកកោន​ក្នុង​ប្រទេស​ថៃ ទាំងអស់​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស