អ្នកជំនាញការទូតអន្តរជាតិ ចាត់ទុកការលើកឡើងរបស់លោក សយ សុភាព ដែលជាចាងហ្វាងកាសែតមាននិន្នាការគាំទ្របក្សកាន់អំណាច ជុំវិញជំនួយអាមេរិកនៅក្នុងពេលនេះ ថាគ្រាន់តែបង្ហាញពីកម្រិតមិនយល់ដឹង និងភាពគ្មានវិជ្ជាជីវៈក្នុងចេតនាបំផ្លាញផលប្រយោជន៍របស់ពលរដ្ឋខ្មែរ និងប្រទេសជាតិរបស់គាត់ប៉ុណ្ណោះ។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣១ មករា នេះថា ការផ្អាកជំនួយរបស់អាមេរិក នឹងធ្វើឱ្យប៉ះពាល់ដល់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ព្រោះជំនួយទាំងនោះ គឺដើម្បីពលរដ្ឋខ្មែរគ្រប់រូប មិនមែនដើម្បីក្រុមណាមួយ ឬបុគ្គលណាម្នាក់នោះឡើយ។
លោក សេង វណ្ណលី លើកឡើងថា ជំនួយរបស់អាមេរិកផ្តល់ឱ្យកម្ពុជាកន្លងមក មិនមែនសំដៅលើអង្គការក្រៅរដ្ឋាភិបាលតែមួយជ្រុងនោះទេ គឺជួយទៅដល់រដ្ឋាភិបាលស្ទើរគ្រប់ផ្នែក ដូចជា ខាងវិស័យសុខាភិបាល ការសម្អាតគ្រាប់មិនទាន់ផ្ទុះ (មីន) វិស័យអប់រំ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិស័យបរិស្ថាន រួមទាំងការលើកកម្ពស់សិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ ជាដើម។
លោកថា សូម្បីរដ្ឋាភិបាលកម្ពុជាក៏ព្យាយាមស្វះស្វែងសុំជំនួយរបស់អាមេរិក ដើម្បីជួយជំរុញវិស័យនានារបស់ខ្លួនដែរ ដូចជា ការប្រឹងប្រែងរកវិធីស្នើសុំប្រព័ន្ធអនុគ្រោះរបស់អាមេរិកនាពេលកន្លងមក ជាដើម ដូច្នេះការលើកឡើងរបស់លោក សយ សុភាព គឺជាចេតនាអាក្រក់ក្នុងការបំផ្លាញប្រយោជន៍ជាតិខ្មែរតែប៉ុណ្ណោះ។
អ្នកជំនាញការទូតអន្តរជាតិរូបនេះបញ្ជាក់ថា ជំនួយរបស់អាមេរិកទាំងផ្លូវការ និងក្រៅផ្លូវការរហូតមក មានគោលដៅតែមួយគត់ គឺដើម្បីលើកកម្ពស់ការរស់នៅ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ខណៈពលរដ្ឋខ្មែររងគ្រោះជាច្រើន រួមទាំងក្រសួងស្ថាប័នរបស់រដ្ឋាភិបាលផង កំពុងតែត្រូវការជំនួយទាំងនោះដើម្បីអភិវឌ្ឍជាតិទៅថ្ងៃមុខ។
កាលពីថ្ងៃទី៣០ ខែមករា អគ្គនាយកអង្គភាពសារព័ត៌មានដើមអម្ពិល លោក សយ សុភាព ដែលមាននិន្នាការខាងបក្សកាន់អំណាច ចាត់ទុកជំនួយសហរដ្ឋអាមេរិកដែលផ្តល់ឱ្យកម្ពុជាកន្លងមក ទាំងជំនួយដែលផ្តល់ឱ្យរដ្ឋាភិបាល និងជំនួយសម្រាប់អង្គការក្រៅរដ្ឋាភិបាល គឺជាជំនួយកខ្វក់ ឬជាជំនួយស្មោកគ្រោក។
លោក សយ សុភាព លើកឡើងថា អស់រយៈពេលជាង ៣០ឆ្នាំហើយ អ្នកទទួលជំនួយត្រូវចេះរៀនរស់ដោយខ្លួនឯង ដែលមិនត្រូវពឹងគេដើម្បីដកដង្ហើមទៀតទេ។ ម្យ៉ាងទៀត គេគ្រាន់តែផ្អាក ៣ខែនៅទូទាំងពិភពលោកប៉ុណ្ណោះ មិនមែនតែកម្ពុជានោះទេ។
ចាងហ្វាងកាសែតរូបនេះលើកឡើងថា អ្នកទទួលជំនួយទាំងនេះប្រៀបបីដូចជាមនុស្សដែលគេចាក់សេរ៉ូមឱ្យមានកម្លាំង ប៉ុន្តែពេលគេដកសេរ៉ូម ក៏នាំគ្នាដេកស្លាប់ដោយមិនខំប្រឹងរស់នៅឱ្យរឹងប៉ឹងដោយខ្លួនឯងនោះទេ ក្នុងនោះមានអ្នកខ្លះខំលួងបរទេសសរសេរគម្រោងឱ្យខ្លួន ដើម្បីសុំលុយគេជាថ្នូរនឹងការផ្តល់ភាគរយត្រឡប់ទៅវិញប៉ុណ្ណោះ។
លោក សយ សុភាព បញ្ជាក់ថា បើរដ្ឋាភិបាលមិនចុះហត្ថលេខាយល់ព្រមទទួលជំនួយ ក៏អ្នកទាំងនោះមិនអាចទទួលបានលុយយកមកប្រើប្រាស់បានដែរ ដូច្នេះមានន័យថា ក្រុមមួយក្តាប់តូចទាំងនោះក៏មិនអាចទូលផែនដីតែម្នាក់ឯងបានដែរ។
ជុំវិញបញ្ហានេះ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា លោក លី ធុជ លើកឡើងកាលពីថ្ងៃទី៣០ ខែមករា នេះថា ការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកនៅពេលនេះ មិនត្រឹមតែប៉ះពាល់ដល់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងគម្រោងផ្សេងៗជាសកលដែលទទួលផលប្រយោជន៍ពីសហរដ្ឋអាមេរិកថែមទៀត។
លោក លី ធុជ បញ្ជាក់ថា ការផ្អាកជំនួយបណ្ដោះអាសន្ននេះ នឹងប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់អ្នកដោះមីនជាង ១០០០នាក់ ព្រោះសហរដ្ឋអាមេរិកតែងផ្តល់វិភាគទានប្រមាណជា ១០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំសម្រាប់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតគ្រាប់មីននៅកម្ពុជា។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាផ្អាកបណ្ដោះអាសន្នរយៈពេល ៩០ថ្ងៃ រាល់ជំនួយហិរញ្ញវត្ថុសហព័ន្ធ និងសកម្មភាពទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ មិនថាជំនួយសម្រាប់បរទេស និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗនោះទេ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

