28.6 C
Phnom Penh

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ដឹកនាំ​គណៈប្រតិភូ​ទៅ​ប្រទេស​ឡាវ ដើម្បី​រឹតចំណង​រវាង​បក្ស​និង​បក្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​នាយករដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធសភា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ តប​តាម​ការ​អញ្ជើញ​ពី​ប្រធាន​រដ្ឋសភា​ឡាវ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ព្រឹទ្ធសភា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ កុម្ភៈ នេះ បាន​ឱ្យ​ដឹង​ថា ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​ផ្តល់​សន្ទុះ​ថ្មី​ក្នុង​ការ​ពង្រឹង និង​លើក​កម្ពស់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ឱ្យ​កាន់តែ​រឹងមាំ​ស៊ីជម្រៅ​និង​ប្រកប​ដោយ​ផ្លែផ្កា​បន្ថែម​ទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា សមាសភាព​គណៈប្រតិភូ​អមដំណើរ​ក្នុង​ទស្សនកិច្ច​នេះ​រួម​មាន លោក ស ខេង ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ទៀ បាញ់ ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ម៉ែន សំអន ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈ​ទាក់ទង​បរទេស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​ថ្នាក់​ដឹកនាំ​សំខាន់ៗ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​នេះ លោក ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​បណ្ឌិត សៃសំផន ភូមវិហាន ប្រធាន​រដ្ឋសភា​ឡាវ ជួប​ពិភាក្សា​ការងារ​ជាមួយ​បណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី​ឡាវ និង​ធ្វើ​ជា​សហប្រធាន​ជាមួយ​លោក ថងលូន ស៊ីស៊ីលីត ប្រធាន​គណៈ​ប្រធាន​រដ្ឋ​ឡាវ និង​ជា​អគ្គលេខាធិការ​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ដឹកនាំ​កិច្ចប្រជុំ​កំពូល​លើក​ទី​១៥ រវាង​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ​ដើម បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា និង​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​គួរតែ​ពិភាក្សា​បញ្ហា​ណា​ដែល​អាច​នាំ​ប្រយោជន៍​មក​ជូន​ជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ ដូចជា បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មិន​ទាន់​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​នៅឡើយ និង​បញ្ហា​គ្រឿងញៀន​ដែល​ជួញដូរ​នាំ​ពី​ប្រទេស​ឡាវ ចូល​មក​ប្រទេស​កម្ពុជា។

បើ​តាម​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន កាលពី​ឆ្នាំ​២០២៣ គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា និង​ឡាវ បាន​សម្រេច​ក្នុង​ការ​កំណត់​ខ្សែ​ព្រំដែន​រួម​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្រមាណ ៨៦% មាន​ការ​បោះ​បង្គោល​ព្រំដែន​លើ​ដី​ជាក់ស្តែង​បាន​ចំនួន ១២១​បង្គោល។ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​បន្ត​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​អង្គការ​សហប្រជាជាតិ។ កាល​នោះ លោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​ឡាវ ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​២០២៤។

អ្នក​សង្កេតការណ៍​មួយ​ចំនួន​ទៀត​យល់​ថា បើ​ទៅ​ពិភាក្សា​ជាមួយ​ភាគី​ឡាវ លើ​បញ្ហា​ព្រំដែន ជំនួញ និង​គ្រឿងញៀន នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រមុខ​រាជរដ្ឋាភិបាល​គួរតែ​ដឹកនាំ​កិច្ចការ​នេះ​ផ្ទាល់​តាម​មុខនាទី​របស់​ខ្លួន។ មួយ​វិញ​ទៀត ទស្សនកិច្ច​លើក​នេះ​ទំនង​ជា​ទៅ​ពន្យល់ និង​ធានា​អះអាង​នូវ​ការ​រក្សា​ទំនាក់ទំនង​ប្រពៃណី​យុទ្ធសាស្ត្រ​សាមគ្គីភាព​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ពីរ​ជា​អតីត​យុទ្ធមិត្ត ដែល​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ជាពិសេស​បកស្រាយ​ពន្យល់​អំពី​ការ​ប្រកាស​ដក​ខ្លួន​ពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA)។ ថ្មីៗ​នេះ ទេសចរ​បរទេស​ដែល​មាន​បំណង​ទៅ​លេង​នៅ​តំបន់​នោះ អាជ្ញាធរ​មូលដ្ឋាន​ហាម​មិន​ឲ្យ​ចូល ដែល​ផ្ទុយ​ពី​អ្វី​លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា​អ្នក​ណា​ក៏​ទៅ​លេង​បាន​នោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា៖ តាម​ឯកសារ​និយាយ​អំពី​បដិវត្តន៍​បុគ្គល​ក្នុង​គេហទំព័រ ម៉ាក្សីស-ឡេនីនិស្ត ក្លឹប​អាន (Marxist-Leninist Reading Club) មេដឹកនាំ​នៃ​ចលនា និង​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ តាំងពី ប៉ាថេតឡាវ ដល់ ឡាវហាក់សាត ភាគច្រើន​មាន​ដើមកំណើត​ជា​ជនជាតិ​យៀកណាម។ ឧទាហរណ៍​ដូចជា​មេ​បដិវត្តន៍​ក្នុង​ក្របខ័ណ្ឌ​ចលនា​យៀកមិញ កៃសន ភូមិវិហាន ដែល​មាន​ឈ្មោះ​ដើម ង្វៀង កៃសុង មាន​ឪពុក​ឈ្មោះ ង្វៀង ទ្រីលួន និង​ម្តាយ​ឈ្មោះ ដក។ កៃសន ភូមិវិហាន និង​ភរិយា ថងវិន ភូមិវិហាន មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ សៃសំផន ភូមិវិហាន ដែល​ជា​ប្រធាន​សភា​ប្រជាជន ឬ​សភា​តំណាងរាស្ត្រ​បច្ចុប្បន្ន​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស