32 C
Phnom Penh

ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក​ជាច្រើន​ក្រុម ប្រកាស​ប្រារព្ធ​សមាជ​ស្ដីពី​ដំណោះស្រាយ​បញ្ហា​កម្ពុជា​នៅ​ថ្ងៃទី​២៣ កុម្ភៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក​ជាច្រើន​ស្ថាប័ន ប្រកាស​ប្រារព្ធ​កម្មវិធី​សមាជ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី-ញូវហ្សឺឡេន ស្តីអំពី​ដំណោះស្រាយ​បញ្ហា​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស អំពើ​អយុត្តិធម៌​សង្គម ការ​បំផ្លាញ​ប្រជាធិបតេយ្យ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ក្នុង​តំបន់ ស្ព្រីងវែល (Springvale)។

ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក​ចំនួន ៦​ស្ថាប័ន រួម​មាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អង្គការ​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ និង​បណ្ដាញ​យុវជន​សកល ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃទី​៦ កុម្ភៈ នេះ ស្ដីពី​ការ​ប្រារព្ធ​កម្មវិធី​សមាជ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី និង​ញូវហ្សឺឡេន ស្តីអំពី​ដំណោះស្រាយ​បញ្ហា​នៅ​ប្រទេស​កម្ពុជា​នៅ​លើ​ទឹកដី​អូស្ត្រាលី ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​លើកឡើង​ថា កម្មវិធី​សមាជ​នេះ​មាន​គោលបំណង​ចែករំលែក​ចំណេះដឹង ផ្លាស់ប្ដូរ​យោបល់​លើ​ប្រធានបទ​ទាក់ទង​នឹង​ស្ថានភាព​សិទ្ធិមនុស្ស អំពើ​អយុត្តិធម៌​សង្គម ការ​បំផ្លាញ​ប្រជាធិបតេយ្យ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ខ្មែរ។

ប្រភព​ដដែល​អះអាង​ថា ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក​ក្នុង​កម្មវិធី​សមាជ​នេះ ជា​ការ​បង្ហាញ​អំពី​ស្មារតី​ជាតិ​និយម មនសិការ​ឈឺឆ្អាល​ក្នុង​ការ​ចូលរួម​គិតគូរ​អំពី​ផល​ប្រយោជន៍​ជាតិ​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​ឆ្នាំ​១៩៩៣ និង​ច្បាប់​ជាតិ និង​អន្តរជាតិ​ស្តីអំពី​សិទ្ធិមនុស្ស​ជាច្រើន​ទៀត​ផង​ដែរ។

កម្មវិធី​សមាជ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី-ញូវហ្សឺឡេន នឹង​ប្រារព្ធ​ឡើង​នៅ​អាទិត្យ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ក្នុង​តំបន់ ស្ព្រីងវែល​ខាងត្បូង​៣១៧២ (Springvale South 3172) ដែល​ស្ថិត​លើ​វិថី ៤៨២ Springvale RD ចាប់ពី​វេលា​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង ៤​រសៀល។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ញូវហ្សឺឡេន ចូលរួម​កម្មវិធី​សមាជ​ស្តីអំពី​ដំណោះស្រាយ​បញ្ហា​កម្ពុជា​នេះ​ឱ្យ​បាន​ច្រើន​កុះករ។

កាលពី​ពេល​ថ្មីៗ​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ចេញ​សេចក្តី​រាយការណ៍​បង្ហាញ​ថា រយៈពេល ១​ឆ្នាំ​ក្នុង​ឆ្នាំ​២០២៤ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ មេដឹកនាំ​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី ថ្នាក់​ដឹកនាំ​សហជីព មន្ត្រី​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​ទាំង​អយុត្តិធម៌​ឥត​ស្រាកស្រាន្ត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស