28.2 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន ប្រឌិត​រឿង​ដ្រូន​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​រូបលោក​ដើម្បី​ទម្លាក់​កំហុស​ឱ្យ​ក្រុម​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​ចាត់ទុក​ការ​ទម្លាយ​រឿង​បង្ហោះ​ដ្រូន (យន្តហោះ​គ្មាន​មនុស្ស​បើក) ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​ជា​ល្បិចកល​ដែល​គាត់​ប្រើ​ដើម្បី​ទម្លាក់​កំហុស​លើ​ក្រុម​ប្រឆាំង​ប៉ុណ្ណោះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កុម្ភៈ នេះ​ថា ក្រុម​គ្រួសារ​លោក ហ៊ុន សែន មាន​អំណាច​ផ្ដាច់មុខ​ពេញ​មួយ​ប្រទេស​សព្វថ្ងៃ​នេះ ដូច្នេះ​កុំ​ថា​ឡើយ​ដ្រូន​ដែល​មាន​គំនិត​ប៉ុនប៉ង​លើ​អាយុជីវិត​ក្រុម​គ្រួសារ​របស់​គាត់​អាច​ហោះ​ចូល​ដល់​ក្រុង​តាខ្មៅ នោះ សូម្បី​ហោះ​ត្រឹម​ព្រំដែន​ក៏​មិន​អាច​ហោះ​បាន​ផង។

លោក ម៉ែន ណាត លើកឡើង​ថា តាម​ទម្លាប់​របស់​លោក ហ៊ុន សែន គឺ​គាត់​ខ្លួនឯង​ទេ​ជា​អ្នក​ប្រឌិត​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​ទម្លាក់​កំហុស​ក្នុង​ចេតនា​កម្ទេច​អ្នក​ដទៃ​រហូត​មក ដូចជា​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម​ថ្ងៃទី​៥ ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ និង​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​១៩៩៨ រួម​ទាំង​ហេតុការណ៍​ដែល​គាត់​អះអាង​ថា​មាន​គ្រាប់​រ៉ុក្កែត (បេ-៤០) វាយប្រហារ​លើ​រថយន្ត​របស់​គាត់​នៅ​ក្នុង​ខេត្ត​សៀមរាប នៅ​ចុង​ខែ​កញ្ញា ឆ្នាំ​១៩៩៨ ជាដើម។

ប្រភព​ខាងលើ​បញ្ជាក់​ថា ទង្វើ​របស់​លោក ហ៊ុន សែន ដែល​ចេះ​តែ​រៀបចំ​ល្បិចកល​ដើម្បី​ទម្លាក់​កំហុស និង​កម្ចាត់​អ្នកដទៃ​បែប​នេះ គឺជា​អំពើ​ទុច្ចរិត​នៅ​ក្នុង​នយោបាយ​របស់​ប្រទេស​កម្ពុជា​ដែល​គួរ​ឱ្យ​ស្អប់ខ្ពើម។

ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​នៅ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ថា អ្នក​ដែល​បញ្ជូន​ដ្រូន​ចូល​ក្រុង​តាខ្មៅ កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ ត្រូវតែ​ចងចាំ​ឱ្យ​ច្បាស់ ហើយ​ការ​បាត់​ខ្លួន​មនុស្ស​ម្នាក់​ដែល​នៅ​ខេត្ត​តាកែវ អំឡុង​ពេល​នោះ ក៏​ដោយសារ​រូបគេ​បាន​គាំទ្រ​ផែនការ​បញ្ជូន​ដ្រូន​នេះ​ដែរ។

លោក ហ៊ុន សែន ចាត់ទុក​ថា​ការ​បញ្ជូន​ដ្រូន​បែប​នេះ គឺជា​អំពើ​ភេរវកម្ម ព្រោះ​សកម្មភាព​បញ្ជូន​ដ្រូន​នេះ គឺជា​ការ​ប៉ុនប៉ង​សម្លាប់​រូបលោក ក្នុង​នោះ លោក​បាន​ផ្តាំ​ទៅ​ជនបរទេស​ទាំងអស់ មិន​ត្រូវ​គាំទ្រ​អំពើ​ភេរវកម្ម​នេះ​ដែរ ហើយ​ការ​បាត់​ខ្លួន​មនុស្ស​ខ្លះ​នៅ​មូលដ្ឋាន គឺ​ដោយសារ​ពួកគេ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​ភេរវកម្ម​តែម្តង។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ម្នាក់​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១២ កុម្ភៈ នេះ​ថា លោក ហ៊ុន សែន តែងតែ​បង្កើត​ល្បិចកល​បែប​នេះ​នៅ​ពេល​ដែល​គាត់​មាន​បំណង​ចង់​កម្ទេច​ក្រុម​ណា​មួយ ដែល​គាត់​មិន​អាច​អនុវត្ត​ច្បាប់​ដោយសារតែ​គាត់​រក​កំហុស​អ្នក​ទាំងនោះ​មិន​ឃើញ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស