អ្នកឃ្លាំមើលសង្គមចាត់ទុកការទម្លាយរឿងបង្ហោះដ្រូន (យន្តហោះគ្មានមនុស្សបើក) ដែលប៉ុនប៉ងធ្វើឃាតមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គឺជាល្បិចកលដែលគាត់ប្រើដើម្បីទម្លាក់កំហុសលើក្រុមប្រឆាំងប៉ុណ្ណោះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ កុម្ភៈ នេះថា ក្រុមគ្រួសារលោក ហ៊ុន សែន មានអំណាចផ្ដាច់មុខពេញមួយប្រទេសសព្វថ្ងៃនេះ ដូច្នេះកុំថាឡើយដ្រូនដែលមានគំនិតប៉ុនប៉ងលើអាយុជីវិតក្រុមគ្រួសាររបស់គាត់អាចហោះចូលដល់ក្រុងតាខ្មៅ នោះ សូម្បីហោះត្រឹមព្រំដែនក៏មិនអាចហោះបានផង។
លោក ម៉ែន ណាត លើកឡើងថា តាមទម្លាប់របស់លោក ហ៊ុន សែន គឺគាត់ខ្លួនឯងទេជាអ្នកប្រឌិតព្រឹត្តិការណ៍នេះឡើង ដើម្បីទម្លាក់កំហុសក្នុងចេតនាកម្ទេចអ្នកដទៃរហូតមក ដូចជាព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមថ្ងៃទី៥ ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ និងព្រឹត្តិការណ៍បង្ក្រាបបាតុកម្មកាលពីដើមខែកញ្ញា ឆ្នាំ១៩៩៨ រួមទាំងហេតុការណ៍ដែលគាត់អះអាងថាមានគ្រាប់រ៉ុក្កែត (បេ-៤០) វាយប្រហារលើរថយន្តរបស់គាត់នៅក្នុងខេត្តសៀមរាប នៅចុងខែកញ្ញា ឆ្នាំ១៩៩៨ ជាដើម។
ប្រភពខាងលើបញ្ជាក់ថា ទង្វើរបស់លោក ហ៊ុន សែន ដែលចេះតែរៀបចំល្បិចកលដើម្បីទម្លាក់កំហុស និងកម្ចាត់អ្នកដទៃបែបនេះ គឺជាអំពើទុច្ចរិតនៅក្នុងនយោបាយរបស់ប្រទេសកម្ពុជាដែលគួរឱ្យស្អប់ខ្ពើម។
ក្នុងពិធីសម្ពោធអគារសិក្សានៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន លើកឡើងថា អ្នកដែលបញ្ជូនដ្រូនចូលក្រុងតាខ្មៅ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ត្រូវតែចងចាំឱ្យច្បាស់ ហើយការបាត់ខ្លួនមនុស្សម្នាក់ដែលនៅខេត្តតាកែវ អំឡុងពេលនោះ ក៏ដោយសាររូបគេបានគាំទ្រផែនការបញ្ជូនដ្រូននេះដែរ។
លោក ហ៊ុន សែន ចាត់ទុកថាការបញ្ជូនដ្រូនបែបនេះ គឺជាអំពើភេរវកម្ម ព្រោះសកម្មភាពបញ្ជូនដ្រូននេះ គឺជាការប៉ុនប៉ងសម្លាប់រូបលោក ក្នុងនោះ លោកបានផ្តាំទៅជនបរទេសទាំងអស់ មិនត្រូវគាំទ្រអំពើភេរវកម្មនេះដែរ ហើយការបាត់ខ្លួនមនុស្សខ្លះនៅមូលដ្ឋាន គឺដោយសារពួកគេបានជាប់ពាក់ព័ន្ធនឹងផែនការភេរវកម្មតែម្តង។
ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលម្នាក់ទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១២ កុម្ភៈ នេះថា លោក ហ៊ុន សែន តែងតែបង្កើតល្បិចកលបែបនេះនៅពេលដែលគាត់មានបំណងចង់កម្ទេចក្រុមណាមួយ ដែលគាត់មិនអាចអនុវត្តច្បាប់ដោយសារតែគាត់រកកំហុសអ្នកទាំងនោះមិនឃើញ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

