37.5 C
Phnom Penh

អ្នក​ឃ្លាំមើល៖ បង្កើត​គណៈកម្មការ​បង្ក្រាប​បណ្ដាញ​ឆបោក​តាម​អ៊ីនធឺណិត​គ្មាន​ន័យ បើ​ច្បាប់​មាន​ស្តង់ដា​ពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​លើកឡើង​ថា បើ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិន​អាច​អនុវត្ត​ច្បាប់​លើ​សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុងផាត់ ជុំវិញ​ការ​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ទេ ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) នៅ​ពេលនេះ ក៏​គ្មាន​ន័យ​អ្វី​ដែរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា បើ​គណៈកម្មការ​នេះ​មិន​អាច​អនុវត្ត​ច្បាប់​លើ​លោក លី យ៉ុងផាត់ ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ល្មើស​អនឡាញ​បាន​ទេ នោះ​មាន​ន័យ​ថា ការ​បង្កើត​គណៈកម្មការ​នេះ​មាន​ន័យ​ត្រឹមតែ​ដើម្បី​កុហក​ប្រជាពលរដ្ឋ​ក្នុង​ចេតនា​បិទបាំង​ទង្វើ​អាក្រក់​របស់​ខ្លួន​ប៉ុណ្ណោះ។

លោក ម៉ែន ណាត លើកឡើង​ថា ការ​រក​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ជា​ខ្នង​បង្អែក ឬ​មេ​ឧក្រិដ្ឋជន​ក្នុង​បទល្មើស​អនឡាញ រួម​ទាំង​បទល្មើស​ផ្សេងៗ​របស់​លោក លី យ៉ុងផាត់ កន្លង​មក ជា​ភស្តុតាង​ដ៏​ពិតប្រាកដ​មួយ​បង្ហាញ​ថា ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​កំពុង​ត្រូវ​បាន​ប្រព្រឹត្ត​យ៉ាង​អនាធិបតេយ្យ​ទាំង​ក្នុង​ជួរ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ និង​ក្នុង​ចំណោម​ឧក្រិដ្ឋជន។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​តំណែង​ជា​ប្រធាន​នៃ​គណៈកម្មការ លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ​នឹង​បង្ហាញ​កាន់តែ​ច្បាស់​ទៅ​កាន់​ពលរដ្ឋ​ពី​កម្សោយ​នៃ​ការ​ដឹកនាំ​បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​គាត់​ទៅ​វិញ​ទេ បើ​មន្ត្រី​ខ្លួនឯង​គាត់​មិន​ទាំង​អាច​ចាប់​យក​ទៅ​ផ្ដន្ទាទោស​បាន​ផង​នោះ។

លោក ម៉ែន ណាត គូស​បញ្ជាក់​ថា បើ​រាជរដ្ឋាភិបាល​បដិសេធ​សេចក្តី​រាយការណ៍​សហរដ្ឋ​អាមេរិក​ចំពោះ​អំពើ​ឧក្រិដ្ឋ​របស់​លោក លី យ៉ុងផាត់ លោក ហ៊ុន ម៉ាណែត គួរតែ​បើក​ការ​ស៊ើបអង្កេត​ដើម្បី​បញ្ជាក់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ​ចំពោះ​សេចក្តី​រាយការណ៍​ដែល​ខ្លួន​បដិសេធ​នោះ។

កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៤ កុម្ភៈ នេះ ក្រោម​ហេតុផល​ថា តាម​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល។

សេចក្តី​សម្រេច​នេះ​មាន ២២​ប្រការ ដែល​បាន​ចែង​ពី​សមាសភាព ភារកិច្ច និង​ការ​បង្កើត​អង្គភាព​ពិសេស ជាដើម ក្នុង​នោះ លោក ហ៊ុន ម៉ាណែត គឺ​ប្រធាន​ដឹកនាំ លោក នេត សាវឿន ជា​អនុប្រធាន លោក ប្រាក់ សុខុន ជា​អនុប្រធាន ខណៈ​លោក ស សុខា លោក ទៀ សីហា លោក កើត រិទ្ធ និង​លោក ឱម យ៉ិនទៀង ជាដើម សុទ្ធសឹងតែ​ជា​អនុប្រធាន​នៃ​គណៈកម្មការ​នេះ​ដែរ។

ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​រក​ឃើញ​ថា​ជា​ជម្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​ដែល​ធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​សព្វថ្ងៃ​នេះ ខណៈ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ក៏​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឧក្រិដ្ឋ​នេះ​ដែរ។

ភស្តុតាង​ជាក់ស្តែង កាលពី​ពាក់កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០២៤ ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក The U.S. Department of the Treasury’s Office of Foreign Assets Control (OFAC) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ ជាច្រើន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ការ​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ដោយ​ខុស​ច្បាប់ និង​ការ​បោកប្រាស់​តាម​អនឡាញ រួម​ទាំង​ការ​លាង​លុយ​កខ្វក់។

គួរ​កត់សម្គាល់​ថា៖ តាម​ប្រភព​ផ្ទៃក្នុង​ឲ្យ​ដឹង​ថា កាស៊ីណូ​ជាង​ពាក់កណ្តាល​បង់​ថ្លៃ​អាជ្ញាបណ្ណ ២៣​លាន​ដុល្លារ ហើយ​បង់​ប្រចាំ​ខែ ៣​លាន​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​អតីត​មេ​ប៉ូលិស លោក ហុក ឡង់ឌី ជា​អ្នក​ប្រមូល​ជា​ហូរហែ​មក។ ដល់​លោក ហុក ឡង់ឌី ស្លាប់​ទៅ លោក ហ៊ុន សែន លូក​ដៃ​ធ្វើ​ខ្លួនឯង​នៅ​ប៉ោយប៉ែត។

នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ រាជរដ្ឋាភិបាល​បាន​ផ្តល់​អាជ្ញាបណ្ណ​ឲ្យ​បើក​បនល្បែង​កាស៊ីណូ​ចំនួន ៤០ ដោយ​យក​ថ្លៃ​អាជ្ញាបណ្ណ​កាស៊ីណូ​មួយ​ចំនួន ៥០​លាន​បាត ឬ​ជិត ១​លាន ៦​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​បង់​ប្រចាំ​ខែ​ក្នុង​មួយ​ខែ​ចំនួន​ជិត ១​សែន ៦​ម៉ឺន​ដុល្លារ​ថែម​ទៀត។

ពី​មុន ក្រុម​លោក ស ខេង ចង់​គ្រប់គ្រង​ផ្ទាល់ ប៉ុន្តែ​ប្រជែង​មិន​ឈ្នះ​ក្រុម​លោក ហ៊ុន សែន។ កាស៊ីណូ​ណាហ្គា​វើលដ៍ ចងសម្ព័ន្ធ​មេត្រី​នឹង​កងកម្លាំង​ការពារ​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​តាមាន់ ដែល​មាន​ន័យ​ថា ជួយ​ឧបត្ថម្ភ​អង្គភាព​នានា​ប្រចាំការ​នៅ​ទីនោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស