26.6 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​កូនៗ​លោក ហ៊ុន សែន ជា​គ្រាប់ពេជ្រ​មែន​ឬ​អត់ គឺ​មាន​តែ​ម្ចាស់​ខ្លួន​ទេ​ទើប​បញ្ជាក់​បាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា កូនៗ​របស់​លោក ហ៊ុន សែន ជា​គ្រាប់ពេជ្រ​មែន ឬ​មិនមែន គឺ​វា​អាស្រ័យ​ទៅ​លើ​សមត្ថភាព​ផ្ទាល់​របស់​ម្ចាស់​ខ្លួន​ប៉ុណ្ណោះ​ដែល​អាច​បញ្ជាក់​បាន។

ការ​អះអាង​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​អួត​ជា​សាធារណៈ​ថា កូនៗ​របស់​គាត់​សុទ្ធតែ​ជា​គ្រាប់ពេជ្រ​សម្រាប់​ប្រទេស​កម្ពុជា។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មីនា នេះ​ថា ក្នុង​នាម​ជា​ឪពុក​ដែល​ចង់​លើក​តម្កើង​កូន​ខ្លួនឯង​មិនមែន​ជា​រឿង​ខុស​ឆ្គង​អ្វី​នោះ​ទេ ប៉ុន្តែ​មិន​ប្រាកដ​ថា​គាត់​គឺជា​គ្រាប់ពេជ្រ​សម្រាប់​ប្រទេស​កម្ពុជា ឬ​សម្រាប់​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ។

លោក សេក សុជាតិ លើកឡើង​ថា ដើម្បី​ឱ្យ​កូនប្រុស​របស់​គាត់​ទាំង ៣​នាក់​ក្លាយ​ជា​គ្រាប់ពេជ្រ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ពិតប្រាកដ ទាល់តែ​គាត់​អាច​ដឹកនាំ​ប្រទេស​ទៅ​រក​ភាព​រីកចម្រើន និង​ផ្តល់​ផល​ប្រយោជន៍​ជូន​ជាតិ​មាតុភូមិ នោះ​ទើប​ក្លាយ​ជា​គ្រាប់ពេជ្រ​សម្រាប់​ជាតិ ឬ​ជា​គ្រាប់ពេជ្រ​ក្នុង​ចិត្ត​របស់​ពលរដ្ឋ​ពិតប្រាកដ។

លោក​បន្ត​ថា ដើម្បី​ធ្វើ​កិច្ចការ​ជា​ប្រយោជន៍​ជាតិ​បាន ទាល់តែ​គាត់​អាច​បញ្ចប់​វិបត្តិ​នយោបាយ ធានា​ឱ្យ​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​សង្គម លុប​បំបាត់​អំពើពុករលួយ លុប​បំបាត់​អំពើ​ឧក្រិដ្ឋកម្ម លុប​បំបាត់​នូវ​របប​ដឹកនាំ​តាមរយៈ​ខ្សែស្រឡាយ​បក្ខពួក និង​ធានា​បាន​នូវ​ការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ រួម​ទាំង​ការ​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ផង​ដែរ។

លោក សេក សុជាតិ បញ្ជាក់​ថា បើ​កូនៗ​របស់​លោក ហ៊ុន សែន អាច​ដឹកនាំ​ប្រទេស​ឱ្យ​ដូច​ការ​ចង់បាន​របស់​ពលរដ្ឋ​មែន​នោះ ទោះជា​លោក ហ៊ុន សែន មិន​និយាយ​ក៏​ពលរដ្ឋ​ទទួលស្គាល់​ថា​ជា​គ្រាប់ពេជ្រ​ដែរ។

កាលពី​ថ្ងៃទី​១៣ មីនា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ក្នុង​រយៈពេល​ជាង ៤០​ឆ្នាំ​នេះ លោក​ទទួល​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ការ​បណ្តុះបណ្តាល​កូនៗ​របស់​លោក រហូត​ក្លាយ​ជា​គ្រាប់ពេជ្រ ឬ​ដាវ​ដែល​កំពុង​សំលៀង​ដ៏​មុត។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា តំណែង​កូនៗ​របស់​លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា​នៅ​ពេលនេះ មិនមែន​បាន​មក​ដោយសារ​សមត្ថភាព​ក្រោម​ការ​បោះឆ្នោត​គាំទ្រ​ពី​ពលរដ្ឋ​នោះ​ទេ គឺ​បាន​មក​ដោយសារ​លោក ហ៊ុន សែន ជា​អ្នក​លើក​បន្តុប ដូច្នេះ​ពួកគេ​មិន​សក្ដិសម​ជា​គ្រាប់ពេជ្រ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ឡើយ ព្រោះ​ពួកគេ​ត្រឹម​ជា​អ្នក​ប្លន់​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​តែប៉ុណ្ណោះ។

ជាក់ស្តែង គេ​កត់​សម្គាល់​ឃើញ​ថា ចាប់តាំងពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ ការ​សម្រេច​ផែនការ​ជាតិ​ធំៗ គឺ​លោក ហ៊ុន សែន ជា​អ្នក​អារកាត់​ពី​លើ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ស្ទើរតែ​គ្រប់​កិច្ចការ​ទាំងអស់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស