30.9 C
Phnom Penh

អ្នក​ឃ្លាំមើល​សង្ស័យ​លើ​ព្រះរាជក្រឹត្យ​ដំឡើង​ផ្កាយ​មាស​៥ ដល់​លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​ដាក់​ការ​សង្ស័យ​លើ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ​ដល់​លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន ថា​ជា​ការ​តែងតាំង​ខុស​នីតិវិធី​ច្បាប់ ព្រោះ​គ្មាន​វត្តមាន​ព្រះមហាក្សត្រ​នៅ​ក្នុង​ប្រទេស។

លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន តាំងពី​ថ្ងៃទី​៣ ខែ​មីនា មក​ម៉្លេះ ហើយ​មក​ទល់​ពេលនេះ ព្រះអង្គ​ក៏​មិន​ទាន់​យាង​ត្រឡប់​មក​មាតុប្រទេស​វិញ​ដែរ។

លោក វ៉ន ចាន់ឡូត លើកឡើង​ថា បើ​ព្រះមហាក្សត្រ​មិន​ទាន់​យាង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ទេ តើ​ព្រះអង្គ​អាច​ឡាយព្រះហស្តលេខា​ដោយ​របៀប​ណា​លើ​ព្រះរាជក្រឹត្យ​ដែល​ចុះ​ថ្ងៃទី​១៦ ខែ​មីនា នេះ ព្រោះ​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ប្រើ​ព្រះនាម និង​ព្រះ​ហត្ថលេខា​របស់​ព្រះអង្គ​ពេល​ទ្រង់​អវត្តមាន​ផង​នោះ។

អ្នក​សិក្សា​ផ្នែក​ច្បាប់​រូប​នេះ​បញ្ជាក់​ថា ក្នុង​កាលៈទេសៈ​ដែល​អវត្តមាន​ព្រះមហាក្សត្រ តាម​ច្បាប់​គឺ​តម្រូវ​ឱ្យ​ប្រមុខរដ្ឋ​ស្ដីទី​ទទួល​ភារកិច្ច​ជំនួស ប៉ុន្តែ​បើ​អវត្តមាន​ព្រះមហាក្សត្រ ហើយ​នៅតែ​ប្រើ​ព្រះនាម និង​ព្រះ​ហត្ថលេខា​របស់​ព្រះអង្គ​ប្រថាប់​លើ​លិខិត​តែងតាំង​ផ្សេងៗ​ទៀត​នោះ គឺ​មាន​ន័យ​ថា លោក ហ៊ុន សែន ក្នុង​នាម​ប្រមុខរដ្ឋ​ស្ដីទី​ប្រមាថ​ព្រះមហាក្សត្រ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ការ​តែងតាំង​ខុស​នីតិវិធី​បែប​នេះ ក៏​ស្មើ​នឹង​មិន​ឱ្យ​តម្លៃ​ដល់​អ្នក​ដែល​ត្រូវ​បាន​តែងតាំង​នោះ​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ផ្សព្វផ្សាយ​នូវ​ព្រះរាជក្រឹត្យ​ចំនួន​ពីរ​ដាច់ដោយឡែក​ពី​គ្នា គឺ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ​ជូន​លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន ក្នុង​ពេល​ដែល​ព្រះមហាក្សត្រ​អវត្តមាន​ពី​ក្នុង​ប្រទេស​នៅ​ពេលនេះ។

លើ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ​នេះ មាន​ព្រះ​ហត្ថលេខា និង​ព្រះនាម​របស់​ព្រះមហាក្សត្រ ស្រប​ពេល​ដែល​ព្រះអង្គ​បាន​យាង​ចាកចេញ​ពី​មាតុប្រទេស​តាំងពី​ដើម​ខែ​មីនា មក​ម្ល៉េះ ហើយ​រហូត​មក​ទល់​ពេលនេះ ក៏​ព្រះអង្គ​មិន​ទាន់​យាង​ត្រឡប់​មក​មាតុប្រទេស​វិញ​ដែរ។

មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ព្រះមហាក្សត្រ​មិន​អាច​រំលោភ​បំពាន​បាន​ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស