អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋខ្មែរតាមដានសំណុំរឿងគប់គ្រាប់បែកកាលពីជិត ៣០ឆ្នាំមុន ដែលតុលាការបារាំង នឹងបើកសវនាការលើមន្ត្រីកងកម្លាំងជាន់ខ្ពស់របស់កម្ពុជាពីររូប គឺលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ នៅថ្ងៃពុធសប្តាហ៍នេះ។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃចន្ទនេះថា លទ្ធផលនៃសវនាការនៅថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែមីនា ខាងមុខនេះ នឹងធ្វើឲ្យទំនាក់ទំនងលោក ហ៊ុន សែន និងលោក ហ៊ីង ប៊ុនហៀង មានភាពមិនច្បាស់លាស់ ព្រោះលោក ហ៊ុន សែន បារម្ភខ្លាចលោក ហ៊ីង ប៊ុនហៀង លាតត្រដាងការពិតនូវអំពើឧក្រិដ្ឋដែលជាប់ពាក់ព័ន្ធនឹងគាត់កន្លងមកនោះ។
លោកបន្តថា មិនយូរមិនឆាប់ លោក ហ៊ុន សែន នឹងកម្ចាត់លោក ហ៊ីង ប៊ុនហៀង ដូចលោក ហុក ឡង់ឌី ដែលគាត់បានសម្លាប់បំបិទមាត់កាលពីឆ្នាំ២០០៨ ដូច្នោះដែរ។
លោក សម រង្ស៊ី បានបង្ហោះវីដេអូសារភាពរបស់ជនដៃដល់ឈ្មោះ ឆាយ វី និងឈ្មោះ ជុំ ប៊ុនធឿន ដែលបានសារភាពថា ពួកគេបានទទួលលុយពីលោក ហ៊ីង ប៊ុនហៀង ឱ្យគប់គ្រាប់បែកលើក្រុមបាតុករ ក្នុងនោះ ជនដៃដល់ឈ្មោះ ប្រេស៊ីល (Brazil) បានគប់គ្រាប់បែកទីមួយ ខណៈពួកគេជាអ្នកគប់គ្រាប់បែកបន្ទាប់ ហើយសកម្មភាពទាំងនេះត្រូវបានរៀបចំដោយលោក ហ៊ីង ប៊ុនហៀង ដោយផ្ទាល់។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ក្រោយពេលលោក ឆាយ វី និងលោក ជុំ ប៊ុនធឿន ចេញមុខសារភាពក្នុងបទសម្ភាសន៍ជុំវិញអំពើឃាតកម្មនោះ អ្នកទាំងពីរស្រាប់តែត្រូវបានបាត់ខ្លួន ដែលទំនងជាត្រូវបានគេសម្លាប់បំបិទមាត់ ដូច្នេះវាសនាលោក ហ៊ីង ប៊ុនហៀង ក៏មិនខុសពីជនរងគ្រោះមុនៗដែលត្រូវបានលោក ហ៊ុន សែន សម្លាប់បំបិទមាត់ដែរ។
នៅឆ្នាំ១៩៩៧ លោក ហ៊ីង ប៊ុនហៀង គឺជាមេបញ្ជាការកងអង្គរក្សរបស់លោក ហ៊ុន សែន ខណៈលោក ហ៊ុយ ពិសិដ្ឋ គឺជាមេបញ្ជាការកងពលតូចលេខ៧០។ ប៉ុន្តែសព្វថ្ងៃនេះ លោក ហ៊ីង ប៊ុនហៀង ត្រូវបានដំឡើងជាមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទថែមលើតួនាទីជាមេបញ្ជាការកងអង្គរក្សរបស់លោក ហ៊ុន សែន។ ចំណែកលោក ហ៊ុយ ពិសិដ្ឋ ក៏ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងការពារជាតិ និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ដែរ។
កាលពីអំឡុងឆ្នាំ២០២២ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានអះអាងថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ តុលាការប្រទេសបារាំង បានចេញដីកាឱ្យចាប់ខ្លួនលោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង ដែលរងនូវការចោទប្រកាន់ថាបានវាយប្រហារដោយគ្រាប់បែកដៃលើហ្វូងបាតុករកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ កន្លងទៅ។
ប្រភពដដែលអះអាងថា សាលដីកានេះបញ្ជាក់ថា មានសាលដីកាមួយផ្សេងទៀតដែលបានបង្គាប់ឱ្យលោក ហ៊ុន សែន ចូលខ្លួនបំភ្លឺក្នុងសំណុំរឿងនេះដែរ ដោយសារគេរកឃើញថាគាត់បានជាប់ពាក់ព័ន្ធក្នុងអំពើគប់គ្រាប់បែកនេះ ប៉ុន្តែរដ្ឋាភិបាលបារាំង បានរារាំងមិនឱ្យបញ្ជូនដីកាកោះហៅនេះទេ ក្រោមហេតុផលថាលោក ហ៊ុន សែន មានអភ័យឯកសិទ្ធិលំដាប់ថ្នាក់ដឹកនាំប្រទេស។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខមន្ទីររដ្ឋសភាចាស់ក្បែរព្រះបរមរាជវាំង គ្រាប់បែកចំនួន ៤គ្រាប់ត្រូវបានជនអនាមិកគប់ចូលទៅក្នុងហ្វូងបាតុករដែលមានមនុស្សប្រមាណ ២០០នាក់។ គ្រាប់បែកបួនគ្រាប់នេះបានសម្លាប់ជីវិតមនុស្ស ១៦នាក់ និងជាង ១៥០នាក់ត្រូវរងរបួស ក្នុងនោះក៏បណ្តាលឱ្យរងរបួសធ្ងន់ដល់ជនជាតិអាមេរិកាំងម្នាក់ដែរ គឺលោក រ៉ន អាប់នី (Ron Abney) ដែលជាប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) របស់សហរដ្ឋអាមេរិក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

