26.7 C
Phnom Penh

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា​សេដ្ឋកិច្ច​ជាតិ​មិន​អាច​ប្រកួត​នឹង​ប្រទេស​ជិតខាង​បាន​ទេ បើ​រដ្ឋ​មិន​ជួយ​ឯកជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​មិន​អាច​ប្រកួតប្រជែង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ជិតខាង ឬ​ប្រទេស​ដទៃ​បាន​ទេ បើ​រដ្ឋ​មិន​ផ្តល់​ការ​គាំទ្រ​ដល់​វិស័យ​ឯកជន​ប្រកប​ដោយ​ប្រសិទ្ធភាព។

ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​មុខងារ​សាធារណៈ នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៥ នេះ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា គ្រាន់តែ​តម្លៃ​សេវា​រដ្ឋ​ខ្ពស់​ជាង​ប្រទេស​ដទៃ រួម​ទាំង​មាន​ភាព​ស្មុគស្មាញ​ជាច្រើន​ទៀត​នោះ គឺ​មាន​ន័យ​ថា​ប្រទេស​កម្ពុជា​មិន​អាច​ប្រកួតប្រជែង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ទាំងនោះ​រួច​បាត់​ទៅ​ហើយ។

លោក ហ៊ុន ម៉ាណែត លើកឡើង​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​វះកាត់ តម្រឹម និង​កែសម្រួល​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ជួយ​វិស័យ​ឯកជន​លើ​ការ​វិនិយោគ​ឲ្យ​បាន​លឿន ស្ថិត​ក្នុង​តម្លៃ​ទាប នោះ​ទើប​កម្ពុជា​អាច​ហៅ​អ្នក​វិនិយោគ​ឱ្យ​រកស៊ី​នៅ​លើ​ទឹកដី​របស់​ខ្លួន​បាន។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​បញ្ជា​ឱ្យ​មន្ត្រី​តាម​ក្រសួង​ស្ថាប័ន​នានា រក​វិធី​កាត់បន្ថយ​ការ​ផ្តល់​សេវា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ជាពិសេស​តម្លៃ បើ​មិន​ល្អ​ជាង​មុន តែ​មិន​ត្រូវ​ឱ្យ​អាក្រក់​ជាង​មុន​នោះ​ទេ។ ជាង​នេះ​ទៀត ក៏​ត្រូវ​ធ្វើការ​កែទម្រង់​ជា​ប្រចាំ​ដើម្បី​ឱ្យ​មាន​គណនេយ្យភាព និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ផង​ដែរ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ មីនា នេះ​ថា កត្តា​ដែល​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​របស់​កម្ពុជា​កន្លង​មក គឺ​ដោយសារ​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​សេវា​របស់​មន្ត្រី​សាធារណៈ​គ្មាន​ស្តង់ដា​ពិតប្រាកដ ហើយ​ក្នុង​នោះ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ធ្ងន់ធ្ងរ​ដែរ។

លោក សេក សុជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ពាណិជ្ជកម្ម​ឱ្យ​តម្លាភាព គឺ​ត្រូវ​បើក​ឱ្យ​មាន​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព ព្រោះ​ថា​ពិត​មែន​តែ​កម្ពុជា​ប្រកាន់​គោលការណ៍​ទីផ្សារ​សេរី ប៉ុន្តែ​គោលការណ៍​នេះ​ហាក់​មិន​ត្រូវ​បាន​អនុវត្ត​ឡើយ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​កែសម្រួល​ការ​អនុវត្ត​ច្បាប់ និង​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​ថ្នាក់​ក្រោម រួម​ទាំង​ការ​ព្យាយាម​លុប​បំបាត់​នូវ​អំពើពុករលួយ​គ្រប់​ទម្រង់ និង​គ្រប់​រូបភាព​នោះ រដ្ឋាភិបាល​ក៏​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​នានា​ផង​ដែរ ដូចជា ការ​កសាង​ផ្លូវថ្នល់ ផ្លូវទឹក និង​ផ្លូវដែក ជាដើម ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ឱ្យ​អស់​កាន់តែ​តិច ដែល​នាំ​ឱ្យ​ទទួល​ផល​ចំណេញ​កាន់តែ​ខ្ពស់។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មិន​អាច​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ជិតខាង​បាន ដូចជា ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប និង GSP ពី​សហរដ្ឋ​អាមេរិក អំពើពុករលួយ សមត្ថភាព​ជំនាញ​របស់​មន្ត្រី​កម្ពុជា និង​កម្សោយ​នៃ​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ជាដើម ក្នុង​នោះ កេរ្តិ៍ឈ្មោះ​ស្អុយ​អសោច​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ក៏​ជា​ឧបសគ្គ​ដ៏​ធំ​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស