អ្នកសិក្សាស្រាវជ្រាវផ្នែកច្បាប់ លើកឡើងថា សវនាការលើករណីគប់គ្រាប់បែកដែលដឹកនាំដោយមេអង្គរក្សអតីតនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន មានលោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង បង្ហាញអំពីឧក្រិដ្ឋកម្មនយោបាយដែលបង្កឡើងដោយរដ្ឋអំណាច។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២០ មីនា ថា សវនាការនេះឆ្លុះបញ្ចាំងឱ្យឃើញថា ការពិតនិងយុត្តិធម៌តែងតែឈ្នះអំពើអយុត្តិធម៌ គ្រាន់តែចំណាយពេលយូរប៉ុណ្ណោះ ហើយអ្នកកាន់អំណាចនៅប្រទេសកម្ពុជាដែលប្រព្រឹត្តបទល្មើស នឹងត្រូវបានកាត់ទោសដោយតុលាការអន្តរជាតិ ទោះបីជាមិនត្រូវបានកាត់ទោសដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ International Criminal Court (ICC) ក៏ដោយ។
បន្ថែមលើនេះទៀត សវនាការនេះក៏បង្ហាញដែរថា តុលាការបារាំង កំពុងបង្រៀនប្រទេសកម្ពុជាអំពីអំណាចតុលាការដែលជាអំណាចឯករាជ្យ និងមិននៅក្រោមឥទ្ធិពលនយោបាយនោះ។
លោក វ៉ន ចាន់ឡូត រៀបរាប់ថា ជុំវិញព្រឹត្តិការណ៍ភេរវកម្មរៀបចំដោយរដ្ឋអំណាច (state-organized terrorist act) នាថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលបង្កឡើងដោយក្រុមខាងនាយករដ្ឋមន្ត្រីទី២ គឺលោក ហ៊ុន សែន បានសម្លាប់មនុស្សយ៉ាងតិច ១៦នាក់ និងជាង ១៥០នាក់រងរបួស ក្នុងនោះមានជនជាតិអាមេរិកាំងឈ្មោះ Ron Abney ក៏បានរងរបួសធ្ងន់ក្នុងព្រឹត្តិការណ៍នោះដែរ។
លោកបន្តថា ដោយសារជនជាតិអាមេរិកាំងរងរបួសក្នុងអំពើភេរវកម្មនេះហើយ ទើបជំរុញឱ្យ FBI ដែលដឹកនាំដោយលោក Thomas Nicoletti បើកការស៊ើបអង្កេតលើករណីនេះ ប៉ុន្តែក្រុម FBI នេះបានចាកចេញពីកម្ពុជាយ៉ាងតក់ក្រហល់ ហើយការចាកចេញទាំងមិនទាន់បានបញ្ចប់ការស៊ើបអង្កេតរួចរាល់ផង ទំនងជាសកម្មភាពពួកគេនឹងប៉ះពាល់ធ្ងន់ធ្ងរដល់ការរុករកការពិតលើក្រុមរបស់លោក ហ៊ុន សែន។
ឯកអគ្គរដ្ឋទូតអាមេរិកាំងប្រចាំប្រទេសកម្ពុជាគ្រានោះ លោក Kenneth Quinn ជួយបំភ័យអំពីការគំរាមពីកងកម្លាំងប្រដាប់អាវុធខាងលោក ហ៊ុន សែន ដល់ភ្នាក់ងារស៊ើបអង្កេត FBI រហូតនៅមិនបាន។
អ្នកឃ្លាំមើលសង្គមរូបនេះលើកឡើងថា ក្រោយពីអំពើភេរវកម្មនោះរយៈពេល ២០ឆ្នាំ គឺនៅថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៧ តុលាការប្រទេសបារាំង បានកោះហៅលោក ហ៊ុន សែន ឱ្យចូលទៅបំភ្លឺដែរ ប៉ុន្តែត្រូវដកដីកានោះវិញ ដោយសាររដ្ឋាភិបាលបារាំង រារាំង ព្រោះកាលណោះលោក ហ៊ុន សែន នៅមានអំណាចក្នុងនាមជាប្រមុខរដ្ឋាភិបាល។
តុលាការបារាំង បានបើកសវនាការជំនុំជម្រះករណីគប់គ្រាប់បែកនៅមុខរដ្ឋសភាដែលបានសម្លាប់មនុស្ស ១៦នាក់ និងរបួស ១៥០នាក់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ក្នុងសប្តាហ៍នោះរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែមីនា ទៅតាមពាក្យបណ្ដឹងពីអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី។
សវនាការកាលពីថ្ងៃទី១៩ ខែមីនា គឺមានវត្តមានដើមបណ្ដឹង គឺលោក សម រង្ស៊ី និងភរិយារបស់លោក គឺអ្នកស្រី ជូឡុង សូមួរ៉ា ខណៈចុងចោទគឺលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ មិនមានវត្តមានក្នុងសវនាការនេះទេ ហើយក៏មិនមានវត្តមានមេធាវីការពារក្តីពួកគេក្នុងសវនាការនេះដែរ។
ទោះយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានចុះផ្សាយមុនពេលសវនាការនេះថា លោក ហ៊ីង ប៊ុនហៀង បានបដិសេធថាលោកមិនជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍គប់គ្រាប់បែកថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នោះទេ ហើយលោកក៏មិនដែលបានទទួលដីកាចាប់ខ្លួនពីតុលាការបារាំង ឬទទួលដំណឹងពីតុលាការបារាំង ដែលទាមទារឲ្យលោកត្រូវមានមេធាវីការពារខ្លួននៅក្នុងសវនាការនេះដែរ។
មានពលរដ្ឋខ្មែរខ្លះធ្វើអត្ថាធិប្បាយថា បើទោះជាមានមេធាវី ក៏មេទ័ពអង្គរក្សមិនហ៊ានទៅបង្ហាញមុខការពារកេរ្តិ៍ឈ្មោះរបស់ខ្លួនដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

