28.4 C
Phnom Penh

អ្នក​ជំនាញ​ផ្នែក​ច្បាប់​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជំរុញ​រដ្ឋាភិបាល​ដាក់​ពាក្យបណ្ដឹង​រឿង​ព្រំដែន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជំរុញ​មេដឹកនាំ​ខ្មែរ​គោរព​ពាក្យសន្យា​ប្ដឹង​ថៃ លើ​ករណី​តំបន់​ប្រាសាទ​តាមាន់តូច ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាក្របី និង​តំបន់​មុំបី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ព្រោះ​នេះ​គឺជា​ការ​សន្យា​របស់​ពួកគេ​ជុំវិញ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​ពេលនេះ។

អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ វិច្ឆិកា នេះ​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ខុសពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ព្រោះ​តុលាការ ICC បើក​ចំហ​ឱ្យ​បុគ្គល ក្រុម​មនុស្ស ស្ថាប័ន ឬ​អង្គការ ដាក់​ពាក្យ​ប្តឹង​បាន ឱ្យ​តែ​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ធំៗ ដូចជា ឧក្រិដ្ឋកម្ម​សង្គ្រាម អំពើ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ជាដើម។

លោក​បន្ត​ថា ចំណែកឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) វិញ មាន​តែ​រដ្ឋ​ប៉ុណ្ណោះ​ដែល​អាច​ដាក់​ពាក្យបណ្ដឹង​បាន ព្រោះ​តុលាការ ICJ ផ្ដោត​ទៅ​លើ​វិវាទ​រវាង​រដ្ឋ និង​រដ្ឋ ដែល​មាន​អំណាច​បកស្រាយ​លើ​ឯកសារ​ផ្លូវការ ដូចជា សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​នានា។

លោក វ៉ន ចាន់ឡូត អះអាង​ថា ទំនាស់​ព្រំដែន​កម្ពុជា-ថៃ មាន​តែ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ព្រោះ​ជា​នីតិវិធី រដ្ឋ​ត្រូវ​ដាក់​លិខិត​ផ្លូវ​ទូត​តាមរយៈ​តំណាង​របស់​ខ្លួន​ទៅ​ចៅក្រម ដើម្បី​ស្នើសុំ​ឱ្យ​ដោះស្រាយ​វិវាទ ដោយ​ភ្ជាប់​ទៅ​នឹង​អង្គហេតុ និង​អង្គច្បាប់​ច្បាស់លាស់។

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ក្នុង​ករណី​ដែល​តុលាការ​ពិនិត្យ​ឃើញ​ថា​អង្គហេតុ និង​អង្គច្បាប់ ពិត​ជា​ត្រឹមត្រូវ និង​ស្ថិត​ក្នុង​យុត្តាធិការ​របស់​ខ្លួន​ហើយ នោះ​តុលាការ​នឹង​បន្ត​ដំណើរ​ការ​ដោះស្រាយ​វិវាទ​នោះ​តែម្តង។

ក្រោយ​ទំនាស់​ព្រំដែន​កម្ពុជា-ថៃ កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ មេដឹកនាំ​ខ្មែរ​បាន​ប្រកាស​ពី​ការ​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ប្តឹង​ថៃ លើ​ករណី​តំបន់​ប្រាសាទ​តាមាន់តូច ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាក្របី និង​តំបន់​មុំបី ដើម្បី​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា។

ឧទាហរណ៍​ជាក់ស្តែង កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៥ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើង​ក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា​ថា ការ​ជ្រើសរើស​ផ្លូវ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ នៅ​តុលាការ​អន្តរជាតិ គឺជា​ការ​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​សន្តិភាព​បំផុត ហើយ​ក៏​បង្ហាញ​ពី​សុចរិតភាព​សាមីខ្លួន​ដែរ។

ចំណែកឯ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អះអាង​កាលពី​ពាក់កណ្តាល​ខែ​មិថុនា ដែរ​ថា នៅ​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង ១១:៣០​នាទី​ព្រឹក​នៅ​ទីក្រុង​ឡាអេ ត្រូវ​នឹង​ម៉ោង ៤:៣០​នាទី​ល្ងាច​នៅ​រាជធានី​ភ្នំពេញ លិខិត​ផ្លូវការ​របស់​កម្ពុជា បាន​ប្រគល់​ដោយ​ផ្ទាល់​ដៃ​ជូន​លោក​ក្រឡាបញ្ជី Philippe Gautier នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) រួចរាល់​ហើយ។ ក្រៅពី​នេះ ក៏​មាន​ការ​ប្រកាស​អះអាង​ថា រាជរដ្ឋាភិបាល​បាន​ជួល​ក្រុម​មេធាវី​ខាង​ច្បាប់​អន្តរជាតិ​រួច​ហើយ​ដែរ ដើម្បី​ទៅ​តតាំង​គ្នា​នៅ​ឯ​តុលាការ​ក្រុង​ឡាអេ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា កម្ពុជា​មិន​ដកថយ​ពី​ការ​ប្រើប្រាស់​យន្តការ​ច្បាប់​តាមរយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ នៅ​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំបី ដាច់ខាត។

ទោះជា​យ៉ាងណាក៏ដោយ ចាប់តាំងពី​ថ្ងៃ​ដែល​លោក ហ៊ុន ម៉ាណែត ប្រកាស​ដាក់​លិខិត​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​មក គេ​មិន​ដែល​ឮ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ប្រកាស​ពី​ការ​ប្តឹង​ថៃ ទៅ​តុលាការ​នេះ​បន្ត​ទៀត​ឡើយ ទោះ​ភាគី​ថៃ ប្រកាស​ទាមទារ​ប្រាសាទ​តាក្របី​ពី​កម្ពុជា ជាបន្តបន្ទាប់​ក៏ដោយ។

ជាក់ស្តែង កាលពី​ថ្ងៃទី​០៤ ខែ​វិច្ឆិកា កាសែត The Nation របស់​ថៃ បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក ណាតថាផន ណាក់ផានិត (Nattaphon Narkphanit) ថា​គ្មាន​ការ​ចរចា​លើ​បញ្ហា​ព្រំដែន​ណា​មួយ​ជាមួយ​កម្ពុជា​ទេ រហូត​ទាល់តែ​ប្រាសាទ​តាក្របី ត្រូវ​បាន​ភាគី​កម្ពុជា ប្រគល់​មក​ឱ្យ​ប្រទេស​ថៃ វិញ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នកវិភាគ​ជំរុញ​ឱ្យ​កម្ពុជា ត្រូវតែ​ប្រញាប់​បញ្ជូន​ពាក្យបណ្ដឹង​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​ប្រើ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​នានា​ដែល​ភាគី​ថៃ ធ្លាប់​បាន​ឯកភាព​ទទួលស្គាល់​ជាមួយ​ខ្លួន ដើម្បី​បញ្ចៀស​សង្គ្រាម​នៅ​ពេលនេះ​ម្តង​ទៀត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស