អ្នកសង្កេតការណ៍លើកឡើងថា សំណើដកវត្តមានគណៈប្រតិភូចិន ពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំអាស៊ាននៅចុងខែតុលា ខាងមុខនេះ ទំនងជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានចេតនាចង់បំបាក់មុខចិន ចំពោះមុខសហគមន៍អាស៊ាន ហើយក៏ដើម្បីបង្កើតឥទ្ធិពលក្នុងតំបន់ដែរ។
អ្នកឃ្លាំមើលសង្គម លោក វ៉ន ចាន់ឡូត បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៨ តុលា នេះថា សំណើដកវត្តមានគណៈប្រតិភូចិន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ក៏ជាសញ្ញាបង្ហាញពីការចង់បង្កើតអនុត្តរភាពក្នុងតំបន់របស់អាមេរិកដែរ ជាជាងការផ្ដល់យុត្តិធម៌ដល់កម្ពុជា ដែលជាជនរងគ្រោះពីការឈ្លានពាន និងការថ្កោលទោសថៃ ដែលមានចរិតវាតទីនិយម។
លោក វ៉ន ចាន់ឡូត លើកឡើងថា បើជម្រើសមានតែមួយ ប្រាកដណាស់ អាមេរិកនឹងយកថៃ។ លោកបន្តថា បើមិនទាន់ដល់កម្រិតនៃការសម្រេចចិត្តចុងក្រោយទេ អាមេរិកនៅតែលម្អៀងរកប្រយោជន៍ឱ្យថៃ ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ខ្លួនដដែល ដោយឡែកចិន ក៏នឹងមិនបោះបង់ចោលកម្ពុជា ដែរ។
អ្នកឃ្លាំមើលសង្គមរូបនេះ បញ្ជាក់ថា សំណើរបស់លោក ត្រាំ បែបនេះ ក៏ចង់សាកល្បងជំហររបស់អាស៊ានដែរ ព្រោះអាមេរិក មិនចង់ឱ្យឥទ្ធិពលចិន គ្របដណ្ដប់លើអាស៊ានក្រៅពីខ្លួនបានឡើយ ឬហៅម្យ៉ាងទៀតថា ភ្នំមួយមិនអាចមានខ្លាពីរបានទេ។
កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ សារព័ត៌មានអន្តរជាតិ The Politico បានចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងធ្វើឡើងក្នុងប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ខាងមុខ ប្រសិនបើលោកអាចធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ហើយមិនត្រូវឱ្យមានគណៈប្រតិភូចិន ចូលរួមដាច់ខាត។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងឱ្យមានបទឈប់បាញ់ ក្រោមការផ្ដួចផ្ដើមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ម្តងរួចមកហើយ បន្ទាប់ពីប្រទេសទាំងពីរបានផ្ទុះសង្គ្រាមអស់រយៈពេល ៤យប់ ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែកក្កដា កន្លងទៅ។
ដោយសារតែបែបនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក៏បានផ្ញើលិខិតផ្លូវការមួយទៅកាន់គណៈកម្មាធិការណូបែលន័រវែស ដើម្បីគាំទ្រ និងតែងតាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាពតែម្តង។
យ៉ាងណាក៏ដោយ កាសែត ខៅស៊ុត (Khaosod) របស់ថៃ បានស្រង់សម្ដីសមាជិកសភាមកពីគណបក្សប្រជាជនថៃ លោក Ransiman Rome នៅថ្ងៃទី៨ តុលា នេះថា ទាក់ទិននឹងករណីដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មានបំណងចង់ទទួលបានរង្វាន់ណូបែលសន្តិភាពតាមរយៈការសម្រុះសម្រួលស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ នោះ គឺជារឿងផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

