28.8 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន (Paetongtarn) រើ​ខ្លួន​រួច​ពី​ការ​បោះឆ្នោត​ទម្លាក់​ពី​សមាជិក​សភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) នៅ​ថ្ងៃ​ពុធ ទី​២៦ ខែ​មីនា បាន​រើ​ខ្លួន​រួច​ពី​ការ​បោះឆ្នោត​ទម្លាក់​ពី​សមាជិក​សភា ក្រោយពី​សភា​ចោទ​សួរ​ដេញដោល​ខ្លាំង​ពី​សមត្ថភាព​របស់​អ្នកស្រី​ជា​នាយករដ្ឋមន្ត្រី ដែល​ចោទ​ថា​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ឪពុក​របស់​អ្នកស្រី​ជា​អ្នក​ដឹកនាំ​ចង្កូត​រដ្ឋាភិបាល​របស់​អ្នកស្រី និង​មាន​សំណុំរឿង​ច្រើន​ទៀត​ដែល​អ្នកស្រី​បាន​ការពារ​ខ្លួន​បាន​នៅ​ក្នុង​ការ​បោះឆ្នោត​ដក​សេចក្ដី​ទុកចិត្ត​នៅ​ក្នុង​រដ្ឋសភា។

នេះ​បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍ ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​២៦ ខែ​មីនា នេះ។

អ្នកស្រី ផែថងថាន (Paetongtarn) គឺជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ចម្រុះ​នៃ​រាជាណាចក្រ​ថៃ។ អ្នកស្រី​បាន​ឈ្នះ​ក្ដី​ដោយ​ឆ្លង​ផុត​ការ​បោះឆ្នោត​ដក​សេចក្ដី​ទុកចិត្ត​ស្នើ​ឡើង​ដោយ​គណបក្ស​ប្រឆាំង។ នៅ​ក្នុង​ការ​បោះឆ្នោត មាន​សំឡេង​ពី​សមាជិក​រដ្ឋសភា ៣១៩ ដែល​បង្ហាញ​ការ​គាំទ្រ​អ្នកស្រី ផែថងថាន ឱ្យ​បន្ត​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​បន្ត​ទៀត ក្នុង​នោះ សំឡេង​ប្រឆាំង​មាន ១៦២ និង ៧​សំឡេង​អនុប្បវាទ។

គណបក្ស​ប្រឆាំង​បាន​ដាក់​ញត្តិ​ឱ្យ​មាន​ការ​បោះឆ្នោត​ដក​សេចក្ដី​ទុកចិត្ត​នេះ​ឡើង ដោយ​ចោទប្រកាន់​អ្នកស្រី ផែថងថាន (Paetongtarn) ថា​ខ្វះ​ចំណេះដឹង​ខាង​សេដ្ឋកិច្ច គេចវេះ​ការ​បង់​ពន្ធ​លើ​អចលនទ្រព្យ និង​គ្មាន​សមត្ថភាព​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ថៃ បន្ត​រីក​លូតលាស់​ខ្លាំង ហើយ​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​ពី​លោក ថាក់ស៊ីន ដែល​ជា​ឪពុក​របស់​អ្នកស្រី។

បក្ស​ប្រឆាំង​បាន​បន្ទោស​អំពី​ការ​គ្រប់គ្រង​ប្រទេស និង​កង្វះ​បទពិសោធន៍​របស់​អ្នកស្រី​ក្នុង​ឋានៈ​នាយករដ្ឋមន្ត្រី។

មាន​អាយុ ៣៨​ឆ្នាំ អ្នកស្រី ផែថងថាន (Paetongtarn) បាន​និយាយ​ថា អ្នកស្រី​កំពុង​ប្រឹងប្រែង​ដឹកនាំ​ប្រទេស ហើយ​ថា​អ្នកស្រី​គួរតែ​ត្រូវ​បាន​គាំទ្រ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នកស្រី ដែល​មិនមែន​ដោយសារតែ​ទំនាក់ទំនង​គ្រួសារ ឬ​ក៏​ឪពុក​របស់​អ្នកស្រី​អ្វី​នោះ​ទេ។

នៅ​មុន​ការ​បោះឆ្នោត​ដក​សេចក្ដី​ទុកចិត្ត អ្នកស្រី ផែថងថាន (Paetongtarn) បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ថា សំឡេង​ប្រឆាំង​ក្តី ឬ​គាំទ្រ​ក្តី គឺ​សុទ្ធតែ​ជា​កម្លាំង​ចលករ​រុញ​ឲ្យ​អ្នកស្រី និង​រដ្ឋាភិបាល​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើការ​ខ្លាំង​បន្ថែម​ទៀត​ដើម្បី​បម្រើ​ប្រជាជន​ថៃ។

ការ​បោះឆ្នោត​របស់​សមាជិក​សភា​ថៃ នៅ​ថ្ងៃ​ពុធ​នេះ បាន​បង្ហាញ​ថា ក្រុម​រដ្ឋាភិបាល​ចម្រុះ​របស់​អ្នកស្រី ផែថងថាន (Paetongtarn) នៅតែ​មាន​ភាព​រឹងមាំ និង​មាន​ស្ថិរភាព។ ការ​បោះឆ្នោត​ដែល​ក្រុម​ប្រឆាំង​មាន​ផែនការ​ទម្លាក់​អ្នកស្រី​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី គេ​អាច​និយាយ​បាន​ថា​ជា​ការ​ធ្វើ​តេស្ដ​ពី​កម្លាំង​នៃ​សម្ព័ន្ធភាព​រដ្ឋាភិបាល ថា​តើ​មាន​សំឡេង​រួម​គ្នា​ទៀត ឬ​ដូចម្ដេច​នោះ។

ជា​នាយករដ្ឋមន្ត្រី​ថៃ ដ៏​ក្មេង​ជាងគេ អ្នកស្រី ផែថងថាន (Paetongtarn) បាន​ចូល​កាន់​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​ចម្រុះ​កាលពី​ខែ​សីហា ឆ្នាំ​២០២៤។ អ្នកស្រី​នាយករដ្ឋមន្ត្រី​មកពី​បក្ស​ភឿថៃ ជា​បក្ស​របស់​គ្រួសារ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra)។

អ្នកស្រី ផែថងថាន (Paetongtarn) បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ស្ត្រី​វ័យក្មេង​ជាងគេ​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ។ អ្នកស្រី​ត្រូវ​បាន​សភា​បោះឆ្នោត​ឱ្យ​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថៃ ក្នុង​សំឡេង​គាំទ្រ ៣១៩ និង​សំឡេង​ប្រឆាំង ១៤៥។ អ្នកស្រី ផែថងថាន (Paetongtarn) ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ បន្ត​ពី​លោក ស្រេតថា ថាវីស៊ីន ដែល​ត្រូវ​តុលាការ​រដ្ឋធម្មនុញ្ញ​ចេញ​សាលក្រម​ទម្លាក់​ពី​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី។

នៅ​ក្នុង​រាជាណាចក្រ​ថៃ មាន​ភាព​ផុយ​ស្រួយ​នៃ​មេដឹកនាំ​ថៃ ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី។ អ្នក​កត់ត្រា​បាន​ហៅ​រដ្ឋាភិបាល​មកពី​បក្ស​ភឿថៃ ងាយ​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ក្រោម​អំណាច​នៃ​តុលាការ​រដ្ឋធម្មនុញ្ញ ការ​ទម្លាក់​ពី​អំណាច​ដោយ​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ និង​ការ​វាយបំបាក់​ក្នុង​រដ្ឋសភា​តែម្តង។

លោក ថាក់ស៊ីន (Thaksin) ជា​ឪពុក​អ្នកស្រី ផែថងថាន (Paetongtarn) ត្រូវ​បាន​ទម្លាក់​ពី​អំណាច​នៅ​ឆ្នាំ​២០០៦ ដោយ​រដ្ឋប្រហារ​របស់​ពួក​យោធា។ ម្ដាយមីង​បង្កើត​របស់​អ្នកស្រី ផែថងថាន គឺ​អ្នកស្រី យ៉ីងឡាក់ ត្រូវ​បាន​តុលាការ​រដ្ឋធម្មនុញ្ញ​ដកហូត​អំណាច​ជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០១៤ ករណី​ចោទ​ថា​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ឱកាស​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​ប្រព្រឹត្ត​អំពើពុករលួយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស