អ្នកឃ្លាំមើលសង្គមលើកឡើងថា មានតែជនផ្ដាច់ការប៉ុណ្ណោះដែលស្វែងរកអំណាចដោយមិនបោះឆ្នោត និងការបោះឆ្នោតដែលមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌។
អ្នកឃ្លាំមើលសង្គម លោក វ៉ន ចាន់ឡូត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៦ មីនា ថា មានតែអំណាចកើតចេញពីការបោះឆ្នោតប៉ុណ្ណោះទើបមានស្ថិរភាពយូរអង្វែង ខណៈរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាក៏បានកំណត់យ៉ាងច្បាស់លាស់ដែរអំពីការកាន់កាប់អំណាចតាមរយៈនៃការបោះឆ្នោត។
លោក វ៉ន ចាន់ឡូត លើកឡើងថា ក្នុងនាមជាពលរដ្ឋត្រូវតែនាំគ្នាគោរពរដ្ឋធម្មនុញ្ញ និងប្រឹងប្រែងព្យាយាមដើរឱ្យដល់គោលដៅនៃស្មារតីដើមនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលសម្រាប់ជាតិ។
លោកថា ថ្វីត្បិតតែការយកស្មារតីដើមរដ្ឋធម្មនុញ្ញមកអនុវត្តសម្រាប់បក្សប្រឆាំង និងប្រជាពលរដ្ឋដែលចង់បានប្រជាធិបតេយ្យស្ថិតក្នុងស្ថានភាពដ៏លំបាក ប៉ុន្តែវានៅតែជាយន្តការសមស្រប និងត្រឹមត្រូវដែលអន្តរជាតិទទួលស្គាល់។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអតីតមេដឹកនាំបក្សប្រឆាំងប្រកាសបោះបង់ការចូលរួមបោះឆ្នោតនៅប្រទេសកម្ពុជា ដោយងាកទៅរកបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នក្រៅប្រទេសជំនួសវិញ។
កាលពីថ្ងៃទី២៥ ខែមីនា អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី លើកឡើងថា ពលរដ្ឋខ្មែរមិនត្រូវលេងល្បែងបោះឆ្នោតជាមួយលោក ហ៊ុន សែន ទៀតទេ ហើយផ្លូវតែមួយគត់ គឺត្រូវតស៊ូរំដោះប្រទេសជាតិមកតាមរយៈចលនាជាតិតស៊ូក្រោមយុទ្ធសាស្ត្រផ្ការីក។
លោក សម រង្ស៊ី បញ្ជាក់ថា ចលនាជាតិតស៊ូនឹងឈានទៅបង្កើតរដ្ឋាភិបាលមួយនៅក្រៅប្រទេសបណ្ដោះអាសន្ន ដើម្បីតំណាងឲ្យឆន្ទៈពិតប្រាកដនៃប្រជារាស្ត្រខ្មែរ ហើយមធ្យោបាយតែមួយគត់ដើម្បីសង្គ្រោះកម្ពុជា គឺត្រូវបញ្ចប់របបគ្រួសារត្រកូលហ៊ុនឱ្យបាន។
ទាក់ទិននឹងបញ្ហានេះ លោក ហ៊ុន សែន ធ្លាប់ព្រមានទៅកាន់ក្រុមប្រឆាំង ជាពិសេសលោក សម រង្ស៊ី ថា សូមកុំធ្វើរដ្ឋប្រហារផ្តួលរំលំ និងសូមកុំដណ្តើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យឱ្យសោះ ព្រោះវាជាឫសគល់នៃសង្គ្រាម ហើយវាក៏ជាឫសគល់នាំឱ្យកើតមានអំពើប្រល័យពូជសាសន៍ដែរ។
ត្រង់ចំណុចនេះ លោក ហ៊ុន សែន មិនហ៊ាននិយាយត្រង់ៗទេថារបបកុម្មុយនីស្តដែលក្រុមខ្មែរក្រហម យៀកមិញក្រហមឱបក្រសោបយកធ្វើជាមនោគមន៍វិជ្ជាដឹកនាំប្រទេសនោះហើយ បង្កឲ្យមានវាលមរណៈ ឬវាលពិឃាតក្រោយថ្ងៃរំដោះ ១៧ មេសា ១៩៧៥។ របបគ្រប់គ្រងសព្វថ្ងៃ ប្រទេសលោកសេរី ប្រជាធិបតេយ្យមួយចំនួន គេហៅថាជារបបផ្ដាច់ការនិយម (authoritarianism) ឆ្ពោះទៅរករបបផ្ដាច់មុខ (autocracy) ប៉ុន្តែនៅរក្សាភាពស្របច្បាប់ដែលនៅខាងអឺរ៉ុប គេហៅថា autocratic legalism នីតិនិយមផ្ដាច់មុខ ពោលគឺអ្នកឈ្នះឆ្នោតច្បាមយកប្រព័ន្ធរដ្ឋធម្មនុញ្ញប្រើតម្រូវតាមចំណង់ចិត្តបក្ខពួកខ្លួន ហើយកាត់នីតិក្រមជាកង់ៗ។
ប្រទេសកម្ពុជាមានការរៀបចំបោះឆ្នោតទៀងទាត់រៀងរាល់ ៥ឆ្នាំក៏មែនពិត ដែលជាផ្នែកមួយប៉ុណ្ណោះតាមគន្លងលទ្ធិប្រជាធិបតេយ្យ មិនប្រើអាវុធដណ្តើមអំណាច ប៉ុន្តែជាការរៀបចំបោះឆ្នោតឲ្យមានបក្សតែមួយឈ្នះគ្រប់សម័យកាល តាមរយៈការប្រើវិធីបំភ័ន្ត ក្លែងបន្លំអត្តសញ្ញាណពលរដ្ឋ លួចសន្លឹកឆ្នោត មិនសេរី មិនយុត្តិធម៌ មិនស្មើភាពគ្នា ដែលផ្ទុយពីបែបបទប្រជាធិបតេយ្យ ហើយពលរដ្ឋម្ចាស់ឆ្នោតសម្ដែងមតិក្នុងបរិយាកាសភ័យខ្លាច។
ទាំងអស់នេះ ពលរដ្ឋខ្មែរដឹងយ៉ាងច្បាស់ជិតកន្លះសតវត្សមកហើយថា បើមិនបោះឆ្នោតឲ្យបក្សកាន់អំណាចមួយជីវិតទេនោះ គាត់មិនបានសុខឡើយ។ ដូច្នេះ ពលរដ្ឋនៃប្រទេសមួយត្រូវសួរខ្លួនឯងថា ចង់បោះឆ្នោតរបៀបហ្នឹងមួយជីវិត ឬចង់ផ្លាស់ប្ដូរ ហើយត្រូវផ្លាស់ប្ដូររបៀបណា? ម្យ៉ាងទៀត មេដឹកនាំខ្មែរសព្វថ្ងៃបម្រើប្រយោជន៍បរទេស ហៅថាអន្តរជាតិនិយម (internationalists) ជាងបម្រើប្រយោជន៍ជាតិខ្មែរតាមរយៈការធ្វើសម្បទានផ្សេងៗ ដែលពលរដ្ឋខ្មែរព្រួយបារម្ភអំពីអនាគតជាតិមាតុភូមិរបស់ខ្លួន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

