តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សម្ដែងការអបអរសាទរដែលនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានទទួលស្គាល់ថា មួយផ្នែកនៃកោះគុតជាកម្មសិទ្ធិរបស់ខ្មែរ និងជំរុញឱ្យរាជរដ្ឋាភិបាលធ្វើសច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដើម្បីការពារដែនសមុទ្រ និងកោះនានារបស់ខ្មែរ និងដើម្បីធានាថា មួយចំណែកនៃកោះគុត និងដែនសមុទ្រត្រួតគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េជារបស់ខ្មែរជាមួយថៃ យកមកគ្រប់គ្រងជាកម្មសិទ្ធិរបស់ខ្លួនវិញផងដែរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៧ មីនា នេះថា ការដែលលោក ហ៊ុន ម៉ាណែត និយាយថាកោះគុតមិនទាន់មានការបាត់បង់ គឺមានន័យគ្រប់គ្រាន់ថាគាត់បានទទួលស្គាល់រួចហើយថាមួយផ្នែកនៃកោះគុតជាកម្មសិទ្ធិរបស់កម្ពុជា។
លោក អ៊ុំ សំអាន លើកឡើងថា ការបញ្ជាក់ពីលោក ហ៊ុន ម៉ាណែត ថាកម្ពុជាមានចំណែកកម្មសិទ្ធិលើកោះគុតនៅពេលនេះ គឺជាជោគជ័យដ៏ធំធេងក្នុងដំណាក់កាលទី១ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស បន្ទាប់ពីបាននាំគ្នាតវ៉ាពីបញ្ហានេះ ដោយទាមទារឱ្យរដ្ឋាភិបាលខ្មែរប្តឹងរដ្ឋាភិបាលថៃ ទៅតុលាការអន្តរជាតិលើករណីទាំងអស់នេះ។
ក្នុងពិធីសម្ពោធអគារសិក្សាក្នុងស្រុកវាលរេញ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា កោះគុតមិនទាន់បាត់ទៅប្រទេសណាទេ ព្រោះព្រំដែនទឹករវាងកម្ពុជា-ថៃ គឺរដ្ឋាភិបាលនៃប្រទេសទាំងពីរមិនបានចរចាឯកភាពនៅឡើយ។
មជ្ឈដ្ឋានខ្មែរខ្លះសួរថា បើទទួលស្គាល់តែមួយចំណែកនោះ វាជាការរម្ងាប់កម្តៅដែលក្រុមជំទាស់ទាមទារតែមួយរយៈបណ្ដោះអាសន្ន ឬយ៉ាងណា? តើការនិយាយថា កោះគុតវាមិនបាត់ទៅណានោះ តើវាដូចដែនដីខ្មែរក្រោមដែលមិនបាត់ ប៉ុន្តែមិនមែនជារបស់ខ្មែរគ្រប់គ្រងនោះដែរឬទេ? ម្យ៉ាងទៀត ព្រំប្រទល់ដែនដី ដែនកោះខ្មែរបាត់ ឬមិនបាត់ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ជាអ្នកនិយាយអះអាងតែម្ខាងប៉ុណ្ណោះ ពុំមានការទទួលស្គាល់ជាផ្លូវការអន្តរជាតិ អង់គ្លេសហៅថា international covenant។ កោះគុត ឬកោះគជ់ រដ្ឋការអាណាព្យាបាលបារាំង ជាអ្នកប្រគល់ឲ្យសៀម។
លោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលបានត្រៀមពាក្យបណ្ដឹងរួចហើយ គ្រាន់តែមិនទាន់ប្តឹងប៉ុណ្ណោះ។ លោកប្រៀបធៀបថា បើមិនទាន់ប្រកួតទេ ក៏មិនត្រូវបង្ហាញសន្លឹកបៀរឱ្យដៃគូបានឃើញដែរ។ លោកបន្ថែមថា រដ្ឋាភិបាលនឹងមិនធ្វើឱ្យបាត់ដីប្រទេសកម្ពុជាដាច់ខាត។
ពលរដ្ឋខ្មែរតាមដានរឿងស្រុកទេសរបស់ខ្លួន យល់ថា នេះគ្រាន់តែជាសំនួនសម្ដីប៉ុណ្ណោះ តាមពិត ទឹកដីខ្មែរវារេចរឹលតាំងពីឆ្នាំ១៩៨៥ មកម្ល៉េះ រហូតដល់ពេលបោះបង្គោលព្រំដែនជាថ្មីជាមួយប្រទេសជិតខាង ដែលគូសផែនទីថ្មីឲ្យខ្មែរក្នុងសម័យគេត្រួតត្រាដោយកម្លាំងទ័ព។
ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងស្រុក និងក្រៅស្រុក ទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាប្តឹងថៃ លើករណីកោះគុត និងដែនសមុទ្រត្រួតគ្នា រួមទាំងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការអន្តរជាតិជាបន្តបន្ទាប់ ជាជាងការចរចាទ្វេភាគីជាមួយថៃ ដើម្បីបញ្ចៀសការបាត់បង់ទឹកដីខ្មែរ និងដើម្បីបញ្ចៀសជម្លោះជាមួយប្រទេសជិតខាងមួយនេះផងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

