មុខរបរនៃក្រុមហ៊ុន Prince Group របស់ឧកញ៉ាមហាសេដ្ឋីជនជាតិចិនចូលសញ្ជាតិខ្មែរឈ្មោះ ចេន ហ្ស៊ី (Chen Zhi) បានក្លាយជាការគំរាមទៅវិញចំពោះរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានកោះប៉ាឡៅ និងតៃវ៉ាន់ ជាដើម ដោយគេអះអាងថាមានជំពាក់ជំពិនក្នុងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន។
តាមការចុះផ្សាយក្នុងព្រឹត្តិបត្រ Island Business BENAR Pacific News កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះ ការសិក្សាស្រាវជ្រាវមួយរកឃើញមានការមន្ទិលសង្ស័យលើការដាក់ទុននៅកោះប៉ាឡៅ ដោយឧកញ៉ា ចេន ហ្ស៊ី ដែលក្លាយជាមហាសេដ្ឋីក្នុងរយៈពេលដ៏ខ្លីនោះ។
ក្នុងសារព័ត៌មានហ្វីលីពីន ប៉ាសាញីវ (PASA News) កាលពីខែកុម្ភៈ ឆ្នាំ២០២៥ មានការចុះផ្សាយអំពីទំនាក់ទំនងរវាងសេដ្ឋីចិនវ័យក្មេង ចេន ហ្ស៊ី ជាមួយមន្ត្រីថ្នាក់កំពូលនៃរាជរដ្ឋាភិបាលខ្មែរ៖ ចេន ហ្ស៊ី ធ្លាប់ធ្វើជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បន្ទាប់មកលោក ហ៊ុន សែន បន្ទាប់មក លោក ស សុខា និងលោក ហ៊ុន ម៉ាណែត។
តារាភាពយន្តថៃ សាហាចក្រ ប៊ូនថាណាគិត ដែលបានជួបផ្ទាល់ជាមួយឧកញ៉ា ចេន ហ្ស៊ី នៅឆ្នាំ២០១៨ អធិប្បាយអំពីលក្ខណៈសេដ្ឋីចិនសញ្ជាតិខ្មែររូបនេះថាដូចជាមេម៉ាហ្វីយ៉ាម្នាក់។
យុវសេដ្ឋី ចេន ហ្ស៊ី ចូលទៅដាក់ទុនរកស៊ីនៅស្រុកខ្មែរនាឆ្នាំ២០១១ ហើយឆ្នាំ២០១៤ បានចូលសញ្ជាតិខ្មែរ បន្ទាប់ពីបោះទុន ២៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ចេន ហ្ស៊ី អែបខាងលោក ស សុខា ពីព្រោះធ្លាប់ស្និទ្ធស្នាលជាមួយលោក សេ ខេង ឋានៈជាទីប្រឹក្សាផ្ទាល់។
តាមឯកសារស៊ើបអង្កេតពីអាជ្ញាធរចិន តាមរយៈទំនាក់ទំនងចងសម្ព័ន្ធមេត្រីគ្នានេះ គេបានបង្កើតក្រុមហ៊ុនមួយឈ្មោះ ជិនបី (Jinbei) ដោយយកលោក ស សុខា ជាដៃគូ។ ក្រោមឆត្រក្រុមហ៊ុន Prince Group សេដ្ឋី ចេន ហ្ស៊ី ដាក់ទុន ៣០០លានដុល្លារខាងវិស័យទេសចរណ៍ សង់អគារ ៧ជាន់នៅខេត្តព្រះសីហនុ រកស៊ីខាងបើកបនល្បែងកាស៊ីណូដោយបង់ពន្ធ ៤ម៉ឺនដុល្លារក្នុងមួយឆ្នាំ ផ្សារហាងទំនិញទំនើប។ល។ សេដ្ឋី ចេន ហ្ស៊ី មានកាណូតប្រណីតថ្លៃ ២៤លានដុល្លារ ឈ្មោះ ណាន់ណូ២ ចតនៅកំពង់ផែក្រុងព្រះសីហនុ។ រយៈកាលនៃការរកស៊ីនោះ គេសង្កេតឃើញមានក្រុមអ្នកលេងចិន ស្រីពេស្យាចិនរាប់សែននាក់ក៏ផ្តើមចូលមករកស៊ីលួចលាក់ពាសពេញខេត្តព្រះសីហនុ។ តុលាការចិន បានចាត់ទុកសេដ្ឋី ចេន ហ្ស៊ី ជាជនរត់គេចច្បាប់ពីការបើកល្បែងអនឡាញខុសច្បាប់ គេចពន្ធដារ និងលាងប្រាក់កខ្វក់ឆ្លងដែន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

