27.4 C
Phnom Penh

ក្រុម​បណ្ដាញ​ការងារ​ផ្នែក​ពលករ​ថា​កម្មករ​រងគ្រោះ​ដោយ​រញ្ជួយ​ដី​នៅ​ថៃ អាច​នឹង​ពិបាក​ទទួល​ជំនួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​បណ្ដាញ​ការងារ​ផ្នែក​ពលករ (Migrant Working Group) លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល និង​ក្រសួង​ការងារ មិន​មាន​ប្រព័ន្ធ​ផ្តល់​ជំនួយ​ដែល​ល្អ​នៅ​នឹង​កន្លែង នោះ​អាច​នឹង​ធ្វើ​ឲ្យ​កម្មករ​មួយ​ចំនួន​ធំ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ អាច​នឹង​មិន​ទទួល​បាន​ជំនួយ។

ក្រុម​បណ្ដាញ​ការងារ​ផ្នែក​ពលករ បាន​ចេញ​របាយការណ៍​ជុំវិញ​ការ​បាក់​រលំ​អគារ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​១ មេសា នេះ​ថា ក្រសួង​ការងារ​ជា​រឿយៗ​ផ្ដោត​ការ​ទាក់ទង​របស់​ខ្លួន​តែ​ជាមួយ​និយោជក​ប៉ុណ្ណោះ ប៉ុន្តែ​តាំងពី​មាន​ហេតុការណ៍​បាក់​រលំ​អគារ រហូត​មក​ដល់​ពេលនេះ ក្រសួង​ការងារ​មិន​ទាន់​មាន​ទំនាក់ទំនង​ច្បាស់លាស់​ជាមួយ​កម្មករ​នៅឡើយ​ទេ។

ប្រភព​ដដែល​អះអាង​ថា យោង​តាម​ទិន្នន័យ​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៥ ពលករ​ចំណាកស្រុក​ធ្វើការ​សំណង់​នៅ​ក្នុង​ប្រទេស​ថៃ មាន​ចំនួន​សរុប​ជាង ៦​សែន​នាក់ (៦៦៦១៣០​នាក់) ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ចំនួន ២៧% ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ នាយកដ្ឋាន​រដ្ឋបាល​ការងារ​ប្រទេស​ថៃ នៅ​ថ្ងៃទី​២ មេសា នេះ ចេញ​សេចក្ដី​ជូនដំណឹង​ដល់​ពលករ​រងគ្រោះ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ក្នុង​ប្រទេស​ថៃ ថា ទាំង​ជនជាតិ​ថៃ និង​បរទេស អាច​ទទួល​បាន​សំណង​ដូច​គ្នា ក្នុង​នោះ​ជនរងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត នឹង​ទទួល​បាន​ការ​ផ្ដល់​សំណង​ជូន​ក្រុម​គ្រួសារ​រហូត​ទៅ​ដល់ ១០​ឆ្នាំ​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​គ្រោះ​រញ្ជួយ​ដី​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣១ មីនា ថា ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ មាស សាវ៉ាង ដែល​មាន​ទីលំនៅ​ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ បាន​ទទួល​មរណភាព។

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) សង្ស័យ​ថា​នៅ​មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់​បាន​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នេះ ខណៈ​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​ដឹង​ច្បាស់​ថា​បាន​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​នេះ នៅ​មិន​ទាន់​អាច​រក​ឃើញ​នៅឡើយ​ទេ។

របាយការណ៍​អង្គការ​សង់ត្រាល់ បង្ហាញ​ថា ពលករ​ខ្មែរ​ដែល​ធ្វើការ​ក្នុង​ប្រទេស​ថៃ សព្វថ្ងៃ​នេះ មាន​ចំនួន​ជាង ២​លាន​នាក់ ក្នុង​នោះ ពាក់កណ្តាល ឬ​ស្មើ​នឹង​ប្រមាណ​ជា ១​លាន​នាក់ មិន​មាន​ឯកសារ​ស្រប​ច្បាប់​ឡើយ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ សុំ​ព័ត៌មាន​បន្ថែម​ពី​ការ​បាត់​ខ្លួន​ពលករ​ខ្មែរ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នេះ​នៅឡើយ​ទេ រហូត​ដល់​ម៉ោង​ផ្សាយ​នេះ ដោយសារ​ទូរសព្ទ​មិន​ចូល៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស