សមាគមឧកញ៉ាកម្ពុជា ព្រមាននឹងចាត់វិធានការតាមនីតិវិធីច្បាប់ចំពោះអ្នកមានងារជាឧកញ៉ាណាដែលត្រូវបានរកឃើញថា បានប្រព្រឹត្តសកម្មភាពប៉ះពាល់ដល់គោរមងារដែលអង្គព្រះមហាក្សត្របានព្រះរាជទាន។
យោងតាមសេចក្ដីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី២ ខែមេសា នេះ សមាគមឧកញ៉ាកម្ពុជា បានអំពាវនាវដល់អ្នកមានងារជាឧកញ៉ាទាំងអស់ឲ្យប្រកាន់ខ្ជាប់នូវកិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ក្នុងការប្រកបមុខរបរ និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន។
សមាគមឧកញ៉ាកម្ពុជា ស្នើឲ្យអ្នកទទួលបានងារជាឧកញ៉ា យកចិត្តទុកដាក់ឱ្យបានខ្ពស់ជាទីបំផុតចំពោះការប្រើប្រាស់បណ្ដាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយនានា ជៀសវាងចែកចាយ ឬផ្សព្វផ្សាយនូវសកម្មភាព ឬការប្រើពាក្យសម្ដីទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ងារជាកិត្តិយសដែលអង្គព្រះមហាក្សត្របានព្រះរាជទាន។
មកទល់សព្វថ្ងៃ ប្រទេសកម្ពុជាមានឧកញ៉ាចំនួន ១២៩៩នាក់ ហើយឧកញ៉ាមួយចំនួនមានរហស្សនាមល្បីៗខាងមុខរបរបំផ្លាញធនធានធម្មជាតិ សកម្មភាពឧក្រិដ្ឋកម្ម ប៉ុន្តែមានប្រាក់ទិញងារ។
សេចក្ដីប្រកាសព័ត៌មានដែលទំនងជាសំដៅទៅលើឧកញ៉ាម្នាក់ឈ្មោះ ឈាវ មុន្និន ដែលជាយោធិនពាក់ផ្កាយ១ នៅក្រសួងការពារជាតិ ដែលបានប្រើប្រាស់អាកប្បកិរិយាមិនសមរម្យនៅលើបណ្ដាញសង្គម Tik Tok ប៉ះពាល់ដល់ក្រសួង និងកងយោធពលខេមរភូមិន្ទ។
កាលពីដើមខែមេសា ឆ្នាំ២០២៥ បុគ្គលឈ្មោះ ឈាវ មុន្និន ដែលមានគោរមងារជាឧកញ៉ា និងមានតួនាទីជានាយករងនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសកងទ័ពជើងអាកាស ក្រសួងការពារជាតិ បានថតបង្ហោះវីដេអូរាំច្រៀងលើបណ្ដាញសង្គម TikTok ដោយបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន។ ក្នុងវីដេអូនោះ បុគ្គលឈ្មោះ ឈាវ មុន្និន ក៏បានបង្ហាញក្រដាសប្រាក់ដុល្លារលើតុការិយាល័យរបស់ខ្លួនក្នុងក្រសួងការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។
សមាគមឧកញ៉ាកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ សមាគមនេះ គឺជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យឧកញ៉ាទាំងអស់នៅកម្ពុជា និងបានចែងអំពីតួនាទី ភារកិច្ច ព្រមទាំងសិទ្ធិ និងកាតព្វកិច្ចរបស់សមាគម ដើម្បីរក្សា និងលើកកម្ពស់គុណតម្លៃ និងឧត្តមភាពដ៏ឧត្តុង្គឧត្តមនៃគោរមងារឧកញ៉ា ដែលជាព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រតាំងពីបុរាណកាលរៀងមក។
គួរកត់សម្គាល់ថា ឧកញ៉ាដែលមានមុខរបររកស៊ីចិញ្ចឹមបក្សកាន់អំណាច និងអ្នកដឹកនាំបក្សនេះ ពុំមានស្ថាប័នណានាំឡើងតុលាការទេ ទោះជាមុខរបរមានជាប់ជំពាក់ក្នុងសកម្មភាពឧក្រិដ្ឋកម្មក៏ដោយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

