28.8 C
Phnom Penh

រាជាណាចក្រ​អច្ឆរិយ​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​ខាង​អំពើពុករលួយ​បន្ទាប់ពី​ភូមា ក្នុង​សហគមន៍​អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២ ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​ក្បែរ​បាត​តារាង ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ខណៈ​ប្រទេស​ភូមា ជាប់​លេខ​១ ចំណែក​ប្រទេស​ទីម័រលេស មិន​ត្រូវ​បាន​រាប់​ចូល​ក្នុង​សន្ទស្សន៍​ស្ដីពី​អំពើពុករលួយ​នៅ​ឆ្នាំ​២០២៤ នេះ​ទេ។

អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​រាយការណ៍​ស្តីអំពី​សន្ទស្សន៍​អំពើពុករលួយ​ឆ្នាំ​២០២៤ កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ មេសា នេះ​ថា រាជាណាចក្រ​កម្ពុជា​បន្ត​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥៨ ក្នុង​ចំណោម​ប្រទេស​១៨០ លើ​ពិភពលោក។

ចំណាត់ថ្នាក់​នេះ បាន​ទាញ​ទម្លាក់​ឱ្យ​ប្រទេស​កម្ពុជា​ជាប់​ជា​ប្រទេស​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​កម្រិត​ទី​៤ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​នៅ​លើ​តែ ៣​ប្រទេស​ប៉ុណ្ណោះ គឺ​ប្រទេស​ភូមា ប្រទេស​អាហ្វហ្គានីស្ថាន និង​ប្រទេស​កូរ៉េខាងជើង។

ប្រភព​ដដែល​ថា ទោះបី​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ដូច​ឆ្នាំ​២០២៣ ក៏​ពិត​មែន ប៉ុន្តែ​ពិន្ទុ​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ ១​ពិន្ទុ គឺ​ទទួល​បាន​ត្រឹមតែ ២១​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពិន្ទុ​សរុប ១០០ ខណៈ​ឆ្នាំ​២០២៣ កម្ពុជា​ទទួល​បាន ២២​ពិន្ទុ ដូច្នេះ​មាន​ន័យ​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អំពើពុករលួយ​ធ្ងន់ធ្ងរ​ជាង​មុន​មួយ​កម្រិត​ទៀត។

អង្គការ​តម្លាភាព​កម្ពុជា បញ្ជាក់​ថា យោង​តាម​ពិន្ទុ​នេះ​បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​បោះ​ជំហាន​យ៉ាង​យឺតៗ​ក្នុង​ការ​ប្រឆាំង​អំពើពុករលួយ ព្រោះ​គេ​បាន​រក​ឃើញ​ថា​មាន​ចំណុច​ខ្សោយ​ជាច្រើន​នៅ​ក្នុង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ដូចជា អភិបាលកិច្ច សុចរិតភាព​ស្ថាប័ន និង​កិច្ចប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ ជាដើម។

បែប​នេះ​ក្តី កាលពី​ចុង​ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ចាត់​វិធានការ​ពង្រឹង​ការ​អប់រំ​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ​ឱ្យ​មាន​វិសាលភាព​គ្របដណ្ដប់​កាន់តែ​ទូលាយ ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ស្រទាប់​សង្គម ទាំង​ក្នុង​ស្ថាប័ន​សាធារណៈ ឯកជន និង​សង្គម​ស៊ីវិល ដើម្បី​បង្ការ​ទប់ស្កាត់​ក្នុង​រដ្ឋបាល​សាធារណៈ​ឱ្យ​កាន់​តែ​មាន​តម្លាភាព និង​គណនេយ្យភាព។

ជុំវិញ​បញ្ហា​នេះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា លោក ប៉ិច ពិសី បាន​លើកឡើង​ថា ការ​បន្ត​ធ្លាក់​ចុះ​ពិន្ទុ​របស់​កម្ពុជា បង្ហាញ​ពី​ភាព​ចាំបាច់​ជាបន្ទាន់​សម្រាប់​ការ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​ប្រឆាំង​អំពើពុករលួយ និង​ការ​ប្ដេជ្ញា​កាន់តែ​មោះមុត​ក្នុង​ការ​ដោះស្រាយ​អំពើពុករលួយ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ទ្រង់ទ្រាយ​ធំ។

លោក ប៉ិច ពិសី បញ្ជាក់​ថា ថ្វីត្បិតតែ​មាន​ភាព​ប្រសើរ​ឡើង​បន្តិចបន្តួច​នៅ​ផ្នែក​ខ្លះ​ក្តី ប៉ុន្តែ​ការ​ថយ​ចុះ​នៅ​ផ្នែក​ផ្សេង​ទៀត​មាន​ច្រើន​លើសលប់​ជាង​ភាព​ប្រសើរ​ឡើង ដែល​ទាមទារ​ឱ្យ​មាន​កិច្ចប្រឹងប្រែង​កាន់តែ​ខ្លាំង​ដើម្បី​ពង្រឹង​គណនេយ្យភាព​នយោបាយ និង​នីតិរដ្ឋ ព្រោះ​កម្សោយ​នៃ​យន្តការ​អនុវត្ត និង​កង្វះ​នូវ​ចន្លោះ​ប្រហោង​នយោបាយ​នៅតែ​ជា​ឧបសគ្គ​យ៉ាង​សំខាន់។

អង្គការ​តម្លាភាព​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រីក និង​ពន្លឿន​កិច្ច​ខិតខំ​ប្រឹងប្រែង​កំណែ​ទម្រង់​របស់​ខ្លួន​ក្នុង​ការ​លុបបំបាត់​អំពើពុករលួយ និង​ជំរុញ​ឱ្យ​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​សវនកម្ម ត្រូវតែ​ទទួល​បាន​សិទ្ធិ​អំណាច​ដោយ​ឯករាជភាព ដើម្បី​ស៊ើបអង្កេត និង​ផ្ដន្ទាទោស​ចំពោះ​អំពើ​ខុសឆ្គង រួម​ទាំង​ធានា​ឱ្យ​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ដែល​មិន​ទទួល​រង​ឥទ្ធិពល​នយោបាយ សម្រាប់​ការ​ត្រួតពិនិត្យ​អំណាច​នីតិប្រតិបត្តិ​ប្រកប​ដោយ​ប្រសិទ្ធភាព៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស