32.5 C
Phnom Penh

នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រកាន់​ជំហរ «ខ្លួន​មួយ​ជិះ​ទូក​ពីរ» ដើម្បី​ជាតិ គឺ​ចាប់​យក​ទាំង​អាមេរិក​និង​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​មិន​ចោល​អាមេរិក​ចាប់​យក​ចិន ហើយ​ក៏​មិន​ចោល​ចិន​ចាប់​យក​អាមេរិក​ដែរ គឺ​កម្ពុជា​ប្រកាន់​គោលជំហរ «ខ្លួន​មួយ​ជិះ​ទូក​ពីរ» ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​កម្មវិធី​សម្ពោធ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត នៅ​ថ្ងៃ​ចន្ទ នេះ​ថា គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​ប្រកាន់​យក​ឯករាជភាព ធ្វើ​មិត្ត​គ្រប់​ប្រទេស​ទាំងអស់ ដោយ​មិន​យក​ប្រទេស​ណា​មួយ​ជា​សត្រូវ​ឡើយ ដូច្នេះ​កម្ពុជា​នឹង​មិន​ចោល​អាមេរិក ស្រវា​ចិន ឬ​ចោល​ចិន ស្រវា​អាមេរិក​ឡើយ។

កូនប្រុស​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​មិន​ចូល​បក្ស​សម្ព័ន្ធ​ណា​មួយ​ដើម្បី​ប្រឆាំង ឬ​បង្ក​បញ្ហា​ជាមួយ​ប្រទេស​ណា​ឡើយ។ ការ​រាប់អាន​របស់​កម្ពុជា​ជាមួយ​ចិន គឺជា​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស និង​ប្រទេស ដោយ​ការ​គោរព​គ្នា និង​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​នានា ព្រោះ​កម្ពុជា​មិន​រណប​ប្រទេស​ណា​មួយ​នោះ​ទេ។

ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ មេសា នេះ​ថា កម្ពុជា​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​អព្យាក្រឹត្យ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ចៀស​ផុត​ពី​ការ​ទាញ​ទម្លាក់​របស់​មហាអំណាច​ទៅ​ក្នុង​សង្គ្រាម​ភូមិសាស្ត្រ​នយោបាយ។

លោក មាជ សុវណ្ណារ៉ា អះអាង​ថា លោក​គាំទ្រ​ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថា​ត្រូវ​ចាប់​យក​ទាំង​ចិន និង​អាមេរិក សម្រាប់​ប្រយោជន៍​របស់​កម្ពុជា ដូច្នេះ​រដ្ឋាភិបាល​ក៏​ត្រូវ​រក​មូលហេតុ​ពិតប្រាកដ​ដែល​អាមេរិក​ដាក់​របាំង​ពន្ធ ៤៩% នៅ​ពេល​នេះ​ដែរ ព្រោះ​កន្លង​មក កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​ទីផ្សារ​អាមេរិក​រហូត​ដល់​ជិត ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ក្នុង​ពេល​ដែល​កម្ពុជា​អាច​រក​បាន​ពី​ចិន ត្រឹមតែ​ជាង ១​ពាន់​លាន​ដុល្លារ​នោះ។

កាលពី​ថ្ងៃទី​១៧ ខែ​មេសា ថ្មីៗ​នេះ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​កម្ពុជា​រង​នូវ​ការ​ដំឡើង​ពន្ធគយ ៤៩% លើ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​អាមេរិក។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ កម្ពុជា-ចិន បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជិត ៤០ (៣៧​កិច្ចព្រមព្រៀង) ពាក់ព័ន្ធ​នឹង​វិស័យ​សំខាន់ៗ​មួយ​ចំនួន ដូចជា៖

  • ការ​វិនិយោគ,
  • វិស័យ​ពាណិជ្ជកម្ម,
  • វិស័យ​អប់រំ,
  • វិស័យ​ហិរញ្ញវត្ថុ,
  • វិស័យ​ព័ត៌មាន,
  • ការងារ​យុវជន,
  • វិស័យ​កសិកម្ម,
  • វិស័យ​សុខាភិបាល,
  • វិស័យ​ធនធាន​ទឹក,
  • វិស័យ​ទេសចរណ៍,
  • វិស័យ​កិច្ចការ​នារី និង​វិស័យ​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស