31.7 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​យក​គំរូ​តាម​ប្រទេស​ថៃ ដែល​ទប់ស្កាត់​អ្នក​បង្ក​គ្រោះថ្នាក់​ដល់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​យក​គំរូ​តាម​ប្រទេស​ថៃ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ណា​ម្នាក់​ប្រើប្រាស់​ទឹកដី​ខ្មែរ​ធ្វើ​សកម្មភាព​បង្ក​គ្រោះថ្នាក់​ដល់​ថៃ នោះ​ឡើយ ពីព្រោះ​ថៃ ក៏​អនុវត្ត​គោលនយោបាយ​មិន​ឱ្យ​មាន​ការ​ប្រើប្រាស់​ទឹកដី​ថៃ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​ធ្វើ​សកម្មភាព​បង្ក​គ្រោះថ្នាក់​ដល់​កម្ពុជា​ដែរ។

ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅ​ថ្ងៃទី​២៣ មេសា នេះ បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៧ ដែល​ពាក់ព័ន្ធ​នឹង​កិច្ចសហការ​រវាង​កម្ពុជា-ថៃ លើ​វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​សំខាន់ៗ​មួយ​ចំនួន។

ក្រោយ​ពិធី​ចុះហត្ថលេខា លោក ហ៊ុន ម៉ាណែត និង​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក៏​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ផង​ដែរ ដោយ​ឯកភាព​គ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កងទ័ព ដើម្បី​ជំរុញ​វិស័យ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​នៅ​គ្រប់​កម្រិត ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​តាម​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច និង​បើក​ចំហ​ជានិច្ច ព្រមទាំង​មាន​សុច្ឆន្ទៈ​ចង់​រីកចម្រើន​ជាមួយ​គ្នា​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ជាមួយ​ថៃ សម្រាប់​ប្រជាជន និង​ប្រជាជន​របស់​ព្រះរាជាណាចក្រ​ទាំង​ពីរ ក្នុង​គោលដៅ​តែ​មួយ។

នៅ​ក្នុង​ជំនួប​រវាង​មេដឹកនាំ​ខ្មែរ និង​មេដឹកនាំ​ថៃ នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​មេសា នេះ គេ​មិន​ឃើញ​ប្រទេស​ទាំង​ពីរ​លើកឡើង​អំពី​បញ្ហា​ដែល​កំពុង​ប្រឈមមុខ​ដាក់​គ្នា​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​នោះ​ទេ ជាពិសេស​បញ្ហា​កោះ​គុត ដែនសមុទ្រ​ត្រួតស៊ីគ្នា ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី ខណៈ​ករណី​ឃាតកម្ម​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ក្នុង​ទឹកដី​ថៃ កាលពី​ពេល​ថ្មីៗ​នេះ ក៏​មិន​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​គ្នា​នោះ​ដែរ។

មុន​ជំនួប​នេះ​មួយ​ថ្ងៃ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​លើកឡើង​ថា នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ គួរតែ​លើកឡើង​ពី​កង្វល់​សិទ្ធិមនុស្ស​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ដែល​ត្រូវ​ជួប​ជាមួយ​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន និង​ព្រះមហាក្សត្រ​ខ្មែរ។

Human Rights Watch លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​សមគំនិត​ក្នុង​ការ​គាប​សង្កត់​ឆ្លងដែន​ដើម្បី​បំបិទ​មាត់​អ្នក​ប្រឆាំង ក្រោម​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​សម្របសម្រួល​ឱ្យ​មាន​ការ​វាយប្រហារ ការ​ចាប់​ពង្រត់ ការ​បង្ខំ​ឱ្យ​បាត់​ខ្លួន និង​ការ​បង្ខំ​ឱ្យ​ប្រជាជន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ជាដើម។

ជុំវិញ​បញ្ហា​នេះ នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អ្នកស្រី Elaine Pearson លើកឡើង​ថា នាយករដ្ឋមន្ត្រី​ថៃ គួរតែ​ដាក់​សម្ពាធ​ដល់​សមភាគី​កម្ពុជា ដើម្បី​បញ្ចប់​ការ​រំលោភ​បំពាន​ឆ្លងដែន ដោយ​ជំនួស​មក​វិញ​នូវ​ទំនាក់ទំនង​ក្រោម​ការ​គោរព​សិទ្ធិ​រវាង​ប្រទេស​ទាំង​ពីរ។

ដោយឡែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​ស្នើ​ឲ្យ​លោក ហ៊ុន ម៉ាណែត ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន យល់ព្រម​លើក​យក​ករណី​កោះ​គុត និង​ដែនសមុទ្រ​ត្រួតស៊ីគ្នា​ទៅ​តុលាការ​អន្តរជាតិ។ ម្យ៉ាង​ទៀត លោក​ស្នើ​ឲ្យ​លោក ហ៊ុន ម៉ាណែត ប្រាប់​ទៅ​នាយករដ្ឋមន្ត្រី​ថៃ ត្រូវតែ​ដក​ទាហាន​របស់​ខ្លួន​ចេញពី​កោះ​គុត ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី។

លោក អ៊ុំ សំអាន អះអាង​ថា បើ​ថៃ មិន​ព្រម​ដក​ទាហាន​ថៃ ចេញពី​កោះ​គុត និង​ប្រាសាទ​ខ្មែរ​ទាំង ៣ នេះ​ទេ លោក ហ៊ុន ម៉ាណែត ត្រូវ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ករណី​កោះ​គុត និង​ប្រាសាទ​ខ្មែរ​ទាំង ៣ នេះ។

លោក​បន្ត​ថា បញ្ហា​កោះ​គុត ដែនសមុទ្រ​ត្រួតស៊ីគ្នា ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី ជា​អាយុជីវិត​របស់​ជាតិ ប្រសិនបើ​លោក ហ៊ុន ម៉ាណែត មិន​លើក​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​លោកស្រី ផែថងថាន ទេ នោះ​សបញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត គ្មាន​ឧត្ដមគតិ​ស្នេហា​ជាតិ និង​ទឹកដី​នោះ​ទេ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស