33.8 C
Phnom Penh

អង្គការ​សហប្រជាជាតិ​ចាត់ទុក​កម្ពុជា​ជា​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញ​និង​ការ​ជួញដូរ​មនុស្ស​ក្នុង​តំបន់​អាស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សហប្រជាជាតិ ចាត់ទុក​កម្ពុជា​ជា​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញ ការ​លាង​លុយ​កខ្វក់ និង​ការ​ជួញដូរ​មនុស្ស ក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) បាន​ចេញ​ផ្សាយ​របាយការណ៍​កាលពី​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៥ នេះ​ថា មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញ ការ​លាង​លុយ​កខ្វក់ និង​ការ​ជួញដូរ​មនុស្ស កំពុង​កើន​ឡើង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​នៅ​ប្រទេស​ហ្វីលីពីន និង​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា ភូមា និង​ឡាវ។

ប្រភព​ដដែល​អះអាង​ថា មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញ ការ​លាង​លុយ​កខ្វក់ និង​ការ​ជួញដូរ​មនុស្ស​ទាំងនេះ កំពុង​ពង្រីក​ប្រតិបត្តិការ​របស់​ពួកគេ​ទៅ​កាន់​តំបន់​ដែល​មាន​ប្រព័ន្ធ​ច្បាប់​ទន់ខ្សោយ​នៅ​ជុំវិញ​ពិភពលោក​ជាបន្តបន្ទាប់ ដូចជា​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក អាស៊ី​ខាងត្បូង មជ្ឈិមបូព៌ា និង​កោះ​ប៉ាស៊ីហ្វិក​មួយ​ចំនួន​ទៀត។

អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម អះអាង​ថា ជារឿយៗ ក្រុម​ឧក្រិដ្ឋជន​បាន​ផ្លាស់ប្ដូរ​ទីតាំង​ដើម្បី​គេច​ខ្លួន​ពី​ការ​កំណត់​គោលដៅ​របស់​អាជ្ញាធរ​ដោយ​ស្វែងរក​ទីតាំង​ថ្មី និង​វិធី​ថ្មី​សម្រាប់​ប្រតិបត្តិការ ដូចជា ការ​បោកប្រាស់​រូបិយប័ណ្ណ​អេឡិចត្រូនិក និង​បោកប្រាស់​ស្នេហា​តាម​អ៊ីនធឺណិត ជាដើម។

UNODC បញ្ជាក់​ថា ការ​លាង​លុយ​កខ្វក់ ការ​ជួញដូរ​មនុស្ស និង​សេវាកម្ម​ជ្រើសរើស​បុគ្គលិក​ដែល​ពាក់ព័ន្ធ តែង​កើត​មាន​ជា​ហូរហែ​នៅ​អឺរ៉ុប អាម៉េរិក​ខាងជើង និង​អាម៉េរិក​ខាងត្បូង ដែល​ភាគច្រើន​ដំណើរការ​ដោយ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​អាស៊ី ដែល​អាច​រក​ចំណូល​បាន​រហូត​ជិត ៤០​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២៤ ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច លោក លី យ៉ុងផាត់ និង​អាជីវកម្ម​របស់​លោក​មួយ​ចំនួន​ផង​ដែរ ក្រោយ​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ការ​លាង​លុយ​កខ្វក់ ការ​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ដោយ​ខុស​ច្បាប់ និង​ការ​បោកប្រាស់​តាម​បណ្ដាញ​អ៊ីនធឺណិត។

ចំណែក​នាយកដ្ឋាន​ត្រួតពិនិត្យ និង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ក៏​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​កាលពី​ចុង​ឆ្នាំ​២០២៤ ដែរ​ថា អំពើពុករលួយ​កំពុង​បង្ក​ភាព​ស្មុគស្មាញ​ដែល​បណ្តាល​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ ដែល​បាន​រារាំង​ដល់​សកម្មភាព​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត​រហូត​មក។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ឆ្នាំ​២០២៥ អតីត​ឧកញ៉ា ហេង សិទ្ធី បាន​លាតត្រដាង​ថា មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​មួយ​ចំនួន ដូចជា អភិបាល​ខេត្ត​កណ្តាល លោក គួច ចំរើន និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ រួម​ទាំង​មន្ត្រី​អន្តោប្រវេសន៍​មួយ​ចំនួន​ទៀត សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ដែល​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់ និង​ការ​ជួញដូរ​មនុស្ស​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស