28.8 C
Phnom Penh

មេដឹកនាំ​ប្រទេស​ពីរ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា តើ​គេ​ជជែក​រឿង​អ្វី​ខ្លះ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ចិន ទៅ​ដល់​រាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែ​មេសា ដើម្បី​បំពេញ​ទស្សនកិច្ច​ពីរ​ថ្ងៃ។ ចំណែក​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បំពេញ​ទស្សនកិច្ច​នៅ​រាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៤ ខែ​មេសា។

ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដូចជា​មិន​បាន​ដឹង​ច្រើន​ប៉ុន្មាន​ទេ​អំពី​អ្វី​ដែល​មេដឹកនាំ​ខ្មែរ និង​មេដឹកនាំ​បរទេស​បាន​ជជែក​ពិភាក្សា​គ្នា​ក្នុង​ទស្សនកិច្ច​ផ្លូវការ​ផ្លូវរដ្ឋ​ទាំង​ពីរ​លើក​នោះ​ទេ។

យោង​តាម​ការ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​បរទេស មាន​ដូចជា Al Jazeera, Yahoo News, Stimson Center ជាដើម គួជៀ ជូស្ហ៊ី (Guojia Zhuxi) ឬ​ប្រធាន ស៊ី ជីនពីង មក​ស្រុក​ខ្មែរ និយាយ​រឿង​ធំ​ទី​១ គឺ​ប្រាប់​មេដឹកនាំ​ខ្មែរ​ឲ្យ​ប្រកាន់​ជំហរ​រឹងប៉ឹង​ទប់ទល់​នឹង​សម្ពាធ​សេដ្ឋកិច្ច​ពី​សហរដ្ឋ​អាមេរិក​រឿង​ដំឡើង​ពន្ធ​ទំនិញ ព្រោះ​ថា​យើង​ទាំង​ពីរ​ជា​កល្យាណមិត្ត ដែល​ខ្មែរ​ក្នុង​ស្រុក​សព្វថ្ងៃ​ប្រែ​ពាក្យ​អង់គ្លេស “ironclad” ហៅ​មិត្តភាព​ខ្មែរ-ចិន ថា​មិត្ត​ដែកថែប​នោះ។

តាម​អត្ថន័យ គេ​គួរតែ​ហៅថា មិត្ត​ស្រោប​ដែក បើ​គេ​ចង់​និយាយ​ថា មិត្តភាព​មិន​របេះ មិន​ប្រេះស្រាំ មិន​ពុក​ផុយ​នោះ។

អ្នកវិភាគ​នយោបាយ​ខ្មែរ​ខ្លះ​ប្រាប់​កាសែត​ថា ប្រទេស​កម្ពុជា​ត្រូវការ​ពង្រីក​ទីផ្សារ​នាំ​ទំនិញ​ចេញ ដូច្នេះ​ការ​រក្សា​មិត្តភាព​ជាមួយ​ប្រទេស​ចិន ជា​ការ​ចាំបាច់ ពីព្រោះ​មើល​ឃើញ​ចិន ជា​ទិសដៅ​ផ្សារ​ដ៏​សំខាន់​មួយ។ ទស្សនៈ​នេះ​ស្រប​នឹង​ទស្សនៈ​លោក ហ៊ុន សែន ដែរ ប៉ុន្តែ​អ្នកកាសែត Al Jazeera ឈ្មោះ Katrina Yu ថ្លែង​ថា ប្រធាន ស៊ី ជីនពីង ចង់​រំឭក​អ្នក​ដឹកនាំ​ខ្មែរ​ថា កុំ​លប​ចរចា​រឿង​ពន្ធ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ចិន ឲ្យ​សោះ។

តាម​ស្ថិតិ​ចំណូល​បាន​ពី​ការ​នាំចេញ​ទំនិញ​ផលិត​នៅ​ប្រទេស​កម្ពុជា គឺ​បាន​ពី​សហរដ្ឋ​អាមេរិក​ច្រើន​ជាង​បាន​ពី​ទីផ្សារ​ចិន ដោយ​ហេតុ​ថា រោងចក្រ​ចិន នៅ​ស្រុក​ខ្មែរ​ដឹក​ទំនិញ​ទៅ​ទីផ្សារ​ប្រទេស​សម្បូរ​ធនធាន​ទិញ មិន​ដឹក​ទំនិញ​ទៅ​លក់​ស្រុក​ចិន វិញ ដែល​ផលិត​របស់​ដូច​គ្នា​នោះ​ទេ។

ក្នុង​ឆ្នាំ​២០២៤ តាម​ស្ថិតិ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ គយ និង​រដ្ឋាករ ទំនិញ​ផលិត​ស្រុក​ខ្មែរ​នាំ​ចេញ​ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក មាន​ទឹកប្រាក់ ១០​ពាន់​លាន​ដុល្លារ រីឯ​ទំនិញ​ដឹក​ទៅ​ទីផ្សារ​ស្រុក​ចិន មាន​ទឹកប្រាក់​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ។ ក្នុង​ឆ្នាំ​២០២៥ ត្រឹម​ខែ​មេសា នេះ ប្រទេស​កម្ពុជា​នាំ​ទំនិញ​ទៅ៖

  • សហរដ្ឋ​អាមេរិក មាន​ទឹកប្រាក់ ២៤០០​លាន​ដុល្លារ
  • នាំ​ទៅ​យៀកណាម ១២០០​លាន​ដុល្លារ
  • ជប៉ុន ៤៣០​លាន​ដុល្លារ
  • ចិន ៣៤៨​លាន​ដុល្លារ
  • កាណាដា ២៨២​លាន​ដុល្លារ
  • ថៃឡង់ដ៍ ២៥៥​លាន​ដុល្លារ។

កិច្ចព្រមព្រៀង​ចុះហត្ថលេខា​ជាមួយ​គ្នា ជា​កិច្ចព្រមព្រៀង​បណ្ដាក់ទុន​ចិន ពុំ​មាន​កិច្ចព្រមព្រៀង​ខ្ចី​បុល​ថ្មី​ទៀត​ឡើយ។ បំណុល​ដែល​រាជរដ្ឋាភិបាល​ខ្មែរ​ជំពាក់​បរទេស​ប្រមាណ​ជាង ១១​ពាន់​លាន​ដុល្លារ ភាគច្រើន​លើសលប់​ជា​បំណុល​ចិន ដូច្នេះ​ចិន មិន​ឲ្យ​ខ្ចី​ថែម​ទៀត​ទេ ជាពិសេស​ក្នុង​កាលៈទេសៈ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​មាន​បញ្ហា​ប្រែប្រួល​មិន​ទៀងទាត់។

ចំពោះ​ការ​បន្ត​ចេញ​ចំណាយ​លើ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​វិញ ចិន​បាន​កែ​ខ្លឹមសារ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ថា ចិន​នឹង​ឧបត្ថម្ភ​ថវិកា​លើ​គម្រោង​នេះ​តែ ៤៩% ប៉ុណ្ណោះ មិនមែន ១០០% នោះ​ទេ​លើ​ទុន​ចំណាយ ១៧០០​លាន​ដុល្លារ​សង់​ព្រែកជីក​នោះ។

ចំណែកឯ​ទស្សនកិច្ច​អ្នកស្រី​នាយករដ្ឋមន្ត្រី​ថៃ ផែថងថាន ស៊ីណាវ៉ាត់ វិញ ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​ពិភាក្សា​លើ​រឿង​ជំនួញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ច្រើន​ជាង​រឿង​សិទ្ធិមនុស្ស រឿង​កោះ រឿង​ប្រាសាទ។

តាម​សេចក្តី​ប្រកាស​រួម​ចុះផ្សាយ​ក្នុង​កាសែត​នៃ​ប្រទេស​ទាំង​ពីរ នាយករដ្ឋមន្ត្រី​ទាំង​ពីរ​ប្រាថ្នា​ចង់​ឃើញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​ពី​ទឹកប្រាក់ ១០​ពាន់​លាន​ដុល្លារ​ទៅ​ដល់ ១៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​២០២៥ នេះ។ ក្នុង​ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​នាំ​ទំនិញ​ទៅ​ប្រទេស​ថៃឡង់ដ៍ មាន​ទឹកប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ ហើយ​នាំចូល​ពី​ប្រទេស​ថៃឡង់ដ៍ វិញ មាន​ទឹកប្រាក់ ៣​ពាន់​លាន​ដុល្លារ។

ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២២ ខែ​មេសា ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ លើក​រឿង​រំលោភ​សិទ្ធិមនុស្ស​ឆ្លងដែន​ទៅ​ជជែក​នឹង​នាយករដ្ឋមន្ត្រី​ខ្មែរ។ អង្គការ​នេះ​បាន​លើក​រឿង​ជនភៀសខ្លួន​ខ្មែរ​ដែល​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជនភៀសខ្លួន ទទួលស្គាល់ និង​ការពារ​សិទ្ធិ ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​ខ្មែរ​វិញ មាន​ដូចជា​ឈ្មោះ ប៉ែន ចន្ទសង្គ្រាម, ហុង អាន, មៀន ចាន់ថុន, យិន ចន្ធូ, សឿង គន្ធា, វន ចាន់រចនា, វឿង សំណាង និង វឿន វាសនា រឿង​ឃាតកម្ម​លោក លិម គិមយ៉ា ទាក់ទង​នឹង​បុរស​ឈ្មោះ លី រតនៈរស្មី និង ពេជ្រ គឹមស្រ៊ិន ព្រមទាំង​រឿង​បាត់​ខ្លួន​អាថ៌កំបាំង​នៃ​សកម្មជន​ពលរដ្ឋ​ថៃ ឈ្មោះ វ៉ាន់ឆាឡឺម សាធសក្តិសិទ្ធ នោះ។

សាធារណជន​មិន​បាន​ដឹង​ទេ​ថា តើ​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​ពិភាក្សា​រឿង​ហ្នឹង ឬ​មិន​និយាយ​សោះ​ក្នុង​ខួប ៧៥​ឆ្នាំ​នៃ​ចំណង​ការទូត​រវាង​រាជាណាចក្រ​កម្ពុជា និង​រាជាណាចក្រ​ថៃឡង់ដ៍​នោះ​ទេ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស