31.9 C
Phnom Penh

លោក ហ៊ុន សែន ថា​កម្ពុជា​មិន​គួរ​សម្លឹង​មើល​ទីផ្សារ​ឆ្ងាយ​ទេ​ក្នុង​ស្ថានភាព​សង្គ្រាម​ពាណិជ្ជកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើង​ថា កម្ពុជា-វៀតណាម សម្រេច​ពឹង​គ្នា​ទៅវិញ​ទៅមក​តាមរយៈ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ព្រោះ​កម្ពុជា​មិន​គួរ​សម្លឹង​មើល​ទីផ្សារ​នៅ​ឆ្ងាយ​ទេ ក្នុង​ស្ថានភាព​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ផ្សារភ្ជាប់​នឹង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ចិន និង​សហរដ្ឋ​អាមេរិក​ក្នុង​ពេលនេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ក្រោយពី​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ (PHAM Minh Chinh) នៅ​ថ្ងៃទី​៣០ មេសា នេះ​ថា ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ កម្ពុជា-វៀតណាម​ត្រូវតែ​សហការ និង​ជួយ​គ្នា​ទៅវិញ​ទៅមក ស្រប​តាម​ស្មារតី «ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ដែល​មាន​ស្ថិរភាព​យូរ​អង្វែង»

លោក ហ៊ុន សែន បញ្ជាក់​ថា កាលពី​អតីតកាល កម្ពុជា-វៀតណាម​បាន​ជួយ​គ្នា​តាមរយៈ​កងទ័ព តែ​ឥឡូវ​នេះ ប្រទេស​ទាំង​ពីរ​ត្រូវ​ជួយ​គ្នា​តាមរយៈ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​វិញ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​របស់​ខ្លួន​ឱ្យ​ដល់​គោលដៅ ២០​ពាន់​លាន​ដុល្លារ​អាមេរិក រួម​ទាំង​ការ​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​នៅ​តាម​បណ្តោយ​ព្រំដែន​ផង​ដែរ។

មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២៨ ខែ​មេសា កម្ពុជា-វៀតណាម បាន​សម្រេច​ចុះហត្ថលេខា​លើ​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-វៀតណាម ២០២៥-២០២៦ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​គោលដៅ​ទំហំ​ពាណិជ្ជកម្ម​ចំនួន ២០​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​រវាង​ប្រទេស​ទាំង​ពីរ។

ក្រសួង​ពាណិជ្ជកម្ម បាន​បង្ហាញ​សេចក្តី​រាយការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម សម្រេច​បាន​នូវ​ទំហំ​ទឹកប្រាក់​ជាង ៧​ពាន់​លាន​ដុល្លារ (៧,៧៨​ពាន់​លាន​ដុល្លារ) ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ ក្នុង​នោះ កម្ពុជា​បាន​នាំចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ (៣,៦១​ពាន់​លាន​ដុល្លារ) ខណៈ​វៀតណាម ក៏​បាន​នាំ​ចូល​មក​កម្ពុជា​វិញ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក​ដែរ (៤,១៦​ពាន់​លាន​ដុល្លារ)។

ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំ​ទៅ​វៀតណាម ដូចជា ស្រូវ កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ និង​ថ្នាំជក់ ជាដើម ចំណែក​ផលិតផល​ដែល​វៀតណាម នាំ​ទៅ​កម្ពុជា​វិញ រួម​មាន​សម្ភារៈ​សំណង់ អង្ករ សម្ភារៈ​កងទ័ព គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍​អេឡិចត្រូនិក-អគ្គិសនី ជី​កសិកម្ម គ្រឿងទេស បន្លែ ផ្លែឈើ និង​ត្រី​សាច់ ជាដើម។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-វៀតណាម កន្លង​មក ជា​ទំនាក់ទំនង​មិន​ស្មើភាព​គ្នា ព្រោះ​ផលិតផល​របស់​កម្ពុជា​នាំ​ទៅ​ប្រទេស​វៀតណាម ត្រូវ​កំណត់​តម្លៃ​ដោយ​ឈ្មួញ​វៀតណាម តាម​អំពើ​ចិត្ត ដូចជា តម្លៃ​ស្រូវ និង​កសិផល​ផ្សេង​ទៀត​ជាដើម ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​មិន​បាន​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​កសិករ​ខ្មែរ​ដែរ​រហូត​ដល់​ពេលនេះ។

ជា​រៀង​រាល់​ឆ្នាំ​កន្លង​មក គេ​កត់សម្គាល់​ឃើញ​ថា កសិផល​ពី​ប្រទេស​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ដូចជា ស្រូវ អង្ករ និង​កសិផល​ដទៃ​ទៀត ជាដើម ត្រូវ​ឈ្មួញ​វៀតណាម កំណត់​តម្លៃ​តាម​អំពើ​ចិត្ត ជាពិសេស​រាល់​ពេល​ដែល​កសិករ​ខ្មែរ​ប្រមូល​ផល​ស្រូវ​ក្នុង​រដូវ​ច្រូតកាត់​ម្តងៗ។

យ៉ាងណាមិញ បើ​លោក ហ៊ុន សែន ពណ៌នា​អំពី​អ្នក​ជិតខាង​ល្អ ជួយ​គ្នា​ក្នុង​គ្រា​ក្រ​ទៅវិញ​ទៅមក​ស្មើភាព​គ្នា នោះ​ជា​រឿង​ប្រសើរ​ឥតខ្ចោះ ប៉ុន្តែ​បើ​និយាយ​អំពី​រឿង​ជំនួញ​ពាណិជ្ជកម្ម​អាហរ័ណ-នីហរ័ណ ឬ​នាំចូល-នាំចេញ អ្វី​ដែល​លោក ហ៊ុន សែន ថ្លែង​ដូច្នោះ គឺ​ស្មើ​នឹង​គ្មាន​គោលនយោបាយ​សេដ្ឋកិច្ច​ក្រៅ​ប្រទេស ឬ​ជា​គោលនយោបាយ​ទាល់​គំនិត ទាល់ច្រក ដោះសា​ឲ្យ​រួច​មួយ​គ្នាៗ ដោយ​ឥត​ខ្វល់ខ្វាយ​អំពី​ផលវិបាក​សម្រាប់​កសិករ​ខ្មែរ។ ក្នុង​បញ្ហា​ជំនួញ​ជាមួយ​គ្នា វា​គ្មាន​តុល្យភាព​ពាណិជ្ជកម្ម​ទៅ​ហើយ គឺ​ស្រុក​ខ្មែរ​នាំចូល​ពី​ប្រទេស​យៀកណាម ច្រើន​ជាង​នាំចេញ​ពី​ប្រទេស​កម្ពុជា។ ប្រទេស​យៀកណាម ក្នុង​ឆ្នាំ​២០២៤ នាំ​អង្ករ​ចេញ​ទៅ​បរទេស​លំដាប់​ទី​៣ បន្ទាប់ពី​ឥណ្ឌា និង​ថៃឡង់ដ៍។ រីឯ​ផលិតផល​វាយនភណ្ឌ កាត់ដេរ ដឹក​ចេញ​ទៅ​លក់​នៅ​សហរដ្ឋ​អាមេរិក បាន​ចំណូល​ច្រើន​ជាង​បាន​ពី​ប្រទេស​ដទៃ​ទាំងអស់ រួម​ទាំង​ប្រទេស​ចិន ផង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស