26.1 C
Phnom Penh

សង្គ្រាម​សងសឹក ឥណ្ឌា-ប៉ាគីស្ថាន ផ្ទុះឡើង ខណៈ​ប្រទេស​ទាំង​ពីរ​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ប្រហាក់​ប្រហែល​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

១៥​ថ្ងៃ​ក្រោយពី​ស្លាប់​អ្នក​ទេសចរ​ឥណ្ឌា ២៦​នាក់ និង​រង​របួស ៣០​នាក់ ដោយ​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​សកម្ម​ប្រយុទ្ធ បាន​នាំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ញ៉ូវដេលី ប្រកាស​សងសឹក ហើយ​ចោទ​ថា​ពួក​សកម្ម​ប្រយុទ្ធ​ចូល​ទៅ​បាញ់​រះ​ខាង​ក្នុង​ទឹកដី​នៃ​ព្រំដែន​ឥណ្ឌា។

នាយករដ្ឋមន្ត្រី​ឥណ្ឌា សច្ចា​តាម​សម្លាប់​ក្រុម​ភេរវនិយម​ជ្រក​ក្រោម​ទឹកដី​ប៉ាគីស្ថាន ឬ​ទោះ​នៅ​ទីណា​នៃ​ពិភពលោក​ក៏ដោយ។ ឥឡូវ​នេះ សង្គ្រាម​សងសឹក​បាន​ផ្ទុះ​ហើយ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​ធំៗ​បាន​បង្វែរ​ទិស​របស់​ពួកគេ​ឆ្ពោះ​ទៅ​ដែនដី​កាស្មៀរ នៃ​តំបន់​ច្រៀក​ជា​ពីរ​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន។ ដែនដី​ឈ្មោះ​តែ​មួយ តែ​ច្រៀក​ជា​ពីរ បាន​ក្លាយ​ទៅ​ជា​វិបត្តិ​ដ៏​រ៉ាំរ៉ៃ​តាំងពី​អាណានិគម​អង់គ្លេស ប្រគល់​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៧។ នៅ​ថ្ងៃទី​៧ ខែ​ឧសភា នេះ រដ្ឋាភិបាល​ឥណ្ឌា បាន​សម្រេច​បើក​ការ​វាយប្រហារ​សងសឹក​ក្នុង​ទម្រង់​ទ្រង់ទ្រាយ​ធំ​រហូត​ដល់​ប្រើប្រាស់​យន្តហោះ​ចម្បាំង និង​ឈាន​ដល់​ការ​ប្រើប្រាស់​កាំភ្លើងធំ​បាញ់​ផ្លោង​ដាក់​គ្នា​ទៅវិញ​ទៅមក​ថែម​ទៀត។

យោង​តាម​ការ​ចុះផ្សាយ​នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ឥណ្ឌា​បាន​បើក​ការ​វាយប្រហារ​ចំ​គោលដៅ​ចំនួន ៩​ទីតាំង នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន និង​នៅ​តំបន់​កាស្មៀរ។ ឥណ្ឌា​ប្រកាស​ថា គោលដៅ​ទាំង ៩ គឺជា​ជម្រក​របស់​ពួក​ភេរវនិយម។

ឥណ្ឌា ប្រកាស​ថា ការ​វាយប្រហារ​របស់​ខ្លួន​ដោយ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ផង និង​ការ​វាយប្រហារ​ដោយ​កាំភ្លើងធំ​ផង បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ ២២​នាក់ ប៉ុន្តែ​ភាគី​ប៉ាគីស្ថាន និយាយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​ឥណ្ឌា ៥​គ្រឿង។

យ៉ាងណា​ក៏ដោយ ឥណ្ឌា​មិន​ទាន់​ឃើញ​ប្រកាស​ថា​យន្តហោះ​របស់​ខ្លួន​ត្រូវ​បាន​ប៉ាគីស្ថាន បាញ់​ទម្លាក់​នៅឡើយ​នោះ​ទេ។ ចំណែកឯ​ការ​បាត់បង់​ជីវិត​មនុស្ស ប៉ាគីស្ថាន​អះអាង​ថា​ស្លាប់​ប្រជាជន​របស់​ខ្លួន ២៦​នាក់ និង​រង​របួស ២៦​នាក់ ។

ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ចំណុច​ព្រំដែន​រួម​គ្នា​ត្រង់​តំបន់​នៃ​ខេត្ត​ចាមុយ និង​ខេត្ត​ពុនចាប់ នៃ​ប្រទេស​ប៉ាគីស្ថាន ដែល​ខេត្ត​ទាំង​ពីរ​នេះ​ជាប់​ព្រំដែន​រួម​នៃ​តំបន់​កាស្មៀរ ប៉ាគីស្ថាន-ឥណ្ឌា។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​ឥណ្ឌា និយាយ​ថា កាំភ្លើងធំ​ដែល​បាញ់​ចេញពី​ប្រទេស​ប៉ាគីស្ថាន បាន​សម្លាប់​ប្រជាជន​ឥណ្ឌា ចំនួន ១៥​នាក់ និង ៤៣​នាក់​ទៀត​រង​របួស។ ការ​វាយប្រហារ​ដោយ​កាំភ្លើងធំ​របស់​ប៉ាគីស្ថាន បាន​បាញ់​ចូល​ទៅ​ក្នុង​តំបន់ Poonch និង​តំបន់ Tanghar ក្នុង​ដែនដី​រដ្ឋបាល​កាស្មៀរ នៃ​ប្រទេស​ឥណ្ឌា។ ប៉ាគីស្ថាន ដែល​បើក​ការ​វាយប្រហារ​ដោយ​បាញ់​កាំភ្លើងធំ​ទៅ​ក្នុង​ដែនដី​ឥណ្ឌា បាន​ប្រកាស​ថា ខ្លួន​គេ​មាន​សិទ្ធិ​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន។ ប៉ាគីស្ថាន និយាយ​ថា ខ្លួន​បើក​ការ​សងសឹក​ដោយ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ មាត្រា​៥១ ដែល​ធានា​ថា ប្រទេស​ណា​មួយ​ក៏​ត្រូវ​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​មិន​បណ្ដោយ​ឱ្យ​មាន​ការ​ឈ្លានពាន​តាម​អំពើ​ចិត្ត​នោះ​ទេ។

ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ទីក្រុង​ឥស្លាម៉ាបាដ បាន​ទាមទារ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ កោះ​ប្រជុំ​ជាបន្ទាន់ ហើយ​ថ្កោលទោស​ឥណ្ឌា ដែល​បំពាន​អធិបតេយ្យភាព​របស់​ប៉ាគីស្ថាន។

ចំណែក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន Shehbaz Sharif បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​ខ្លួន​ជាបន្ទាន់ ដោយ​បាន​ប្រកាស​ថា ដែនដី​ប៉ាគីស្ថាន មិន​មាន​ជម្រក​របស់​ក្រុម​ភេរវករ​ជ្រកកោន​នោះ​ទេ។ លោក​ទាមទារ​ឱ្យ​មាន​ការ​បង្កើត​ក្រុម​អន្តរជាតិ​ឯករាជ្យ​ស៊ើបអង្កេត​សំណុំរឿង​នេះ​ជាបន្ទាន់។

ស្រប​ពេល​គ្នា​នេះ​ដែរ សម្ព័ន្ធភាព​របស់​ប៉ាគីស្ថាន គឺ​ប្រទេស​ចិន និង​រុស្ស៊ី នាំគ្នា​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំង។ ប្រទេស​មហាអំណាច​ទាំង​ពីរ​នេះ បាន​ទាមទារ​ឱ្យ​ប៉ាគីស្ថាន និង​ឥណ្ឌា បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ជាបន្ទាន់ គឺ​បញ្ឈប់​ការ​សងសឹក​ដាក់​គ្នា។ ការ​ទាមទារ​របស់​ប្រទេស​មហាអំណាច​ទាំង​ពីរ​នេះ ធ្វើឡើង​នៅ​ពេល​ដែល​ប៉ាគីស្ថាន សន្យា​សងសឹក​ឲ្យ​ទាល់តែ​បាន​ប្រឆាំង​នឹង​ឥណ្ឌា។

ឥណ្ឌា និង​ប៉ាគីស្ថាន មាន​ជម្លោះ​ព្រំដែន និង​អំពើ​ហិង្សា​ក្លាយ​ទៅ​ជា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ទៅ​ហើយ។

ចាប់តាំងពី​ការ​បង្កើត​រដ្ឋ​ទាំង​ពីរ​ដោយ​ឯករាជ្យ​ចេញពី​អាណានិគម​អង់គ្លេស ឆ្នាំ​១៩៤៦ ប្រទេស​ទាំង​ពីរ​ពើប​ប្រយុទ្ធ​គ្នា​នៅ​ឆ្នាំ​១៩៤៩ តែ​កាល​នោះ ត្រូវ​បាន​អន្តរាគមន៍​ដោយ​អង្គការ​សហប្រជាជាតិ ទើប​ប្រទេស​ទាំង​ពីរ​ព្រម​ទទួលយក​បទ​ឈប់​បាញ់​គ្នា។

នៅ​ឆ្នាំ​១៩៦៥ ការ​ប្រយុទ្ធ​គ្នា​កើតឡើង​ម្ដង​ទៀត កងកម្លាំង​ប៉ាគីស្ថាន នៅ​ពេល​នោះ បាន​ជ្រៀត​ចូល​ខាង​ក្នុង​ទឹកដី​ឥណ្ឌា ដែល​នាំ​ឱ្យ​មាន​ការ​ពើប​ប្រយុទ្ធ​គ្នា​ឡើងវិញ​ដោយ​ប្រើប្រាស់​កម្លាំង​ទ័ព​ថ្មើរជើង និង​ការ​ប្រយុទ្ធ​គ្នា​ដោយ​យន្តហោះ​ចម្បាំង។

នៅ​ឆ្នាំ​១៩៧១ ជម្លោះ​ប្រដាប់​អាវុធ​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​ដែល​គេ​រក​ឃើញ​ថា សង្គ្រាម​ស៊ីវិល​មួយ​កើត​ឡើង​ពេល​នោះ​ជា​សង្គ្រាម​ដែល​ឥណ្ឌា ជួយ​ច្បាំង​នឹង​កងទ័ព​បង់ក្លាដេស ដែល​បង់ក្លាដេស ទាមទារ​ការ​ផ្ដាច់​ខ្លួន​ចេញពី​ប៉ាគីស្ថាន។ នៅ​ឆ្នាំ​១៩៩៩ ការ​ប្រយុទ្ធ​គ្នា​ក៏​កើត​ម្ដង​ទៀត​ដោយសារតែ​កងទ័ព​ប៉ាគីស្ថាន ជ្រៀត​ចូល​តំបន់​ដែនដី​គ្រប់គ្រង​ដោយ​ឥណ្ឌា។

វា​ជា​លើកដំបូង​ហើយ​ដែល​ប្រទេស​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​នេះ បាន​ពើប​ប្រយុទ្ធ​គ្នា​បណ្ដាល​ឱ្យ​ពិភពលោក​បារម្ភ​បំផុត​ពី​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ដែល​ជា​អាវុធ​ប្រល័យ​លោក​ដ៏​កំណាច​បំផុត។

មក​ទល់​នឹង​ពេលនេះ ប្រទេស​ទាំង​ពីរ​នៅតែ​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ ហើយ​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា គឺ​ឥណ្ឌា មាន​ជិត ២០០​គ្រាប់។

អ្នក​សង្កេតការណ៍​ព្រមាន​ថា ប្រទេស​ដែល​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ទាំង​ពីរ​នេះ បើ​ធ្លាក់​ក្នុង​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ប្រយុទ្ធ​គ្នា​រាប់​សិប​សប្ដាហ៍​ទៅ​មុខ​ទៀត ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ក្លាយ​ជា​សត្រូវ​នឹង​គ្នា ដែល​បន្សល់​ទុក​តាំងពី​ការ​ដើរ​ចេញ​នៃ​អាណានិគម​ចក្រភព​អង់គ្លេស ឆ្នាំ​១៩៤៧ ហើយ​ក្ដី​បារម្ភ​តែ​មួយ​គត់​ដែល​ប្រទេស​ទាំង​ពីរ​នេះ​អាច​ឈាន​ដល់​កម្រិត​នៃ​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ប្រយុទ្ធ​គ្នា​ផង​ក៏​ថា​បាន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស