តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ស្នើឱ្យលោក ហ៊ុន ម៉ាណែត ដាក់សំណើទៅរដ្ឋសភា ធ្វើសច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ដើម្បីមានសិទ្ធិពេញលេញប្តឹងប្រទេសជិតខាងដែលកំពុងរំលោភដែនអធិបតេយ្យជាតិខ្មែរសព្វថ្ងៃ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ ឧសភា នេះថា នៅពេលដែលកម្ពុជាផ្តល់សច្ចាប័នលើច្បាប់សមុទ្រពេញលេញ កម្ពុជានឹងឈ្នះក្តីលើប្រទេសថៃ និងប្រទេសវៀតណាម យ៉ាងពិតប្រាកដ ប្រសិនបើរដ្ឋាភិបាលប្តឹងប្រទេសទាំងពីរនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដូចជាករណីកោះគុត កោះត្រល់ កោះក្រចកសេះ និងដែនសមុទ្រត្រួតគ្នាជាមួយថៃ ទំហំ ២ម៉ឺន ៦ពាន់គីឡូម៉ែត្រការ៉េ ជាដើម។
លោក អ៊ុំ សំអាន លើកឡើងថា ច្បាប់សមុទ្រ គឺជាសន្ធិសញ្ញាអន្តរជាតិកំណត់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់បណ្តាប្រទេសជាសមាជិក ក្នុងការប្រើប្រាស់សមុទ្រ រួមទាំងការកំណត់ព្រំដែនសមុទ្រ សិទ្ធិសេដ្ឋកិច្ច ការការពារបរិស្ថានសមុទ្រ និងការដោះស្រាយជម្លោះដែនសមុទ្រផងដែរ។
លោកពន្យល់ថា ការដោះស្រាយ និងការកំណត់ព្រំដែនសមុទ្រ រួមទាំងកោះ គឺបានកំណត់យ៉ាងច្បាស់ក្នុងច្បាប់នេះ ដូចជា សមុទ្រដែនដីត្រូវបានកំណត់ចម្ងាយ ១២ម៉ាយ ឬស្មើនឹង ២៤គីឡូម៉ែត្រ។ តំបន់តភ្ជាប់ត្រូវបានកំណត់ចម្ងាយ ២៤ម៉ាយ ស្មើនឹង ៤៤គីឡូម៉ែត្រ ជាដើម។
ចំណែកតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ត្រូវបានកំណត់ចម្ងាយ ២០០ម៉ាយ ឬស្មើនឹង ៣៧០គីឡូម៉ែត្រ រីឯខ្ពង់រាបបាតសមុទ្រ ត្រូវបានកំណត់ចម្ងាយមិនឱ្យលើសពី ២០០ម៉ាយ ស្មើនឹង ៣៧០គីឡូម៉ែត្រផងដែរ។
លោកបន្តថា បើគិតតាមច្បាប់សមុទ្រដែលបានកំណត់នេះ ទាំងកោះត្រល់ ចង្កោមកោះក្រចកសេះ និងកោះគុត ជាដើម ត្រូវតែជាកម្មសិទ្ធិរបស់កម្ពុជាទាំងអស់។
ចំនួនប្រទេសដែលបានចុះហត្ថលេខាលើច្បាប់សមុទ្រ (UNCLOS) គិតត្រឹមខែតុលា ឆ្នាំ២០២៤ កន្លងទៅ មានចំនួន ១៧០ប្រទេស ក្នុងនោះ ១៦៦ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ។
យ៉ាងណាក៏ដោយ ក៏មានប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៤ ដែរ ដែលបានចុះហត្ថលេខា ប៉ុន្តែមិនទាន់ផ្តល់សច្ចាប័នលើច្បាប់សមុទ្រនេះ ក្នុងនោះក៏មានកម្ពុជាមួយដែរ។
ជុំវិញបញ្ហានេះ អតីតអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាចៅក្រមអន្តរជាតិ លោក Horinouchi រួមទាំងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ កាលពីពេលថ្មីៗនេះ បានដាស់តឿនឱ្យកម្ពុជាធ្វើសច្ចាប័នច្បាប់សមុទ្រ (UNCLOS) ដើម្បីទទួលបានអត្ថប្រយោជន៍ និងអាចដោះស្រាយដែនសមុទ្រ រួមទាំងកោះកម្ពុជាដែលកំពុងមានជម្លោះជាមួយថៃ និងវៀតណាម រហូតមកនោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

