ក្រសួងការពារជាតិប្រទេសកម្ពុជា បន្តអំពាវនាវឱ្យប្រទេសថៃ ដោះលែងទាហានខ្មែរទាំង ១៨នាក់ឱ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ ដើម្បីជួបជុំសាច់ញាតិរបស់ពួកគេ បន្ទាប់ពីឃុំខ្លួនអស់រយៈពេល ៤១ថ្ងៃ។
ក្រសួងការពារជាតិប្រទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៨ កញ្ញា នេះថា អស់រយៈពេល ៤១ថ្ងៃហើយដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃ ចាប់ខ្លួនដោយខុសច្បាប់ និងមិនទាន់ដោះលែងរហូតមកដល់ពេលនេះ។
ប្រភពដដែល បញ្ជាក់ថា ទាហានថៃ បានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ក្រោយបទឈប់បាញ់គ្នាចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះ គឺមានរយៈពេល ៤១ថ្ងៃហើយ បើគិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ។
កាលពីថ្ងៃទី០៧ ខែកញ្ញា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់បំផុតលើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជា ទាំង ១៨នាក់ដែលកងកម្លាំងថៃ បានឃុំខ្លួនបន្ទាប់ពីមានបទឈប់បាញ់។
ប្រភពដដែល អះអាងថា ចំណែកស្ថានបេសកកម្មការទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក៏កំពុងឈរនៅជួរមុខក្នុងការតស៊ូមតិអន្តរជាតិ ដើម្បីជំរុញឱ្យធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំងនោះត្រឡប់មកវិញដែរ ព្រមទាំងបានកៀរគរស្ថាប័នមនុស្សធម៌ ដូចជា គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីត្រួតពិនិត្យលក្ខខណ្ឌនៃការឃុំខ្លួន និងគោរពច្បាប់សង្គ្រាមអនុសញ្ញាហ្សឺណែវ ផងដែរ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា អាទិភាពបន្ទាន់របស់កម្ពុជា គឺអ្នកទោសសង្គ្រាមត្រូវផ្ដល់សិទ្ធិក្នុងការចូលជួប ត្រួតពិនិត្យ និងធ្វើមាតុភូមិនិវត្តន៍។
ជុំវិញបញ្ហានេះ សារព័ត៌មាន ខៅស៊ុត របស់ថៃ បានចុះផ្សាយកាលពីថ្ងៃទី៤ ខែសីហា ថា កងទ័ពភូមិន្ទថៃ (RTA) បានចាត់ទុកទាហានកម្ពុជា ទាំង ១៨នាក់ គឺជាអ្នកទោសសង្គ្រាម (POW)។ ទន្ទឹមគ្នានេះ កងទ័ពភូមិន្ទថៃ បានអះអាងថា ខ្លួនកំពុងរៀបចំបញ្ជូនទាហានកម្ពុជា ទាំង ១៨នាក់ត្រឡប់មកមាតុភូមិវិញ នៅពេលដែលស្ថានការណ៍បានធូរស្រាលទាំងស្រុង។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ត្រា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានប្រាប់សេនានុព័ន្ធយោធា និងមន្ត្រីការទូតទាំង ១៣ប្រទេសថា ក្រោយបទឈប់បាញ់ចូលជាធរមាន ទាហានថៃ បានប្រើល្បិចកលចាប់ទាហានកម្ពុជា ចំនួន ២០នាក់។
ក្រោយចាប់ខ្លួន ៣ថ្ងៃ ក្រសួងការពារជាតិ បានអះអាងកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ថា ភាគីថៃ បានប្រគល់ទាហានខ្មែរត្រឹមតែ ៣នាក់ប៉ុណ្ណោះមកឱ្យកម្ពុជា វិញ។
ប្រភពដដែលថា នៅថ្ងៃទី៣១ ខែកក្កដា ថៃបានបញ្ជូនសាកសពទាហានខ្មែរម្នាក់ និងថ្ងៃទី១ ខែសីហា ថៃក៏បានបញ្ជូនទាហានខ្មែរ ២នាក់បន្ថែមទៀត ប៉ុន្តែទាហានម្នាក់មានរបួសធ្ងន់ និងបាក់ដៃ ខណៈទាហានម្នាក់ទៀតមានស្មារតីមិនគ្រប់គ្រាន់។
ការអំពាវនាវឲ្យយោធាថៃ ដោះលែងទាហានខ្មែរ ១៨នាក់នោះ ធ្វើឡើងក្នុងពេលក្រសួងការពារជាតិ បានចេញសេចក្ដីប្រកាសរើសពលទាហានស្ម័គ្រចិត្តបំពេញក្របខ័ណ្ឌកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
តាមសេចក្តីណែនាំជ្រើសរើសផ្សាយកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ចុះហត្ថលេខាដោយឧត្ដមសេនីយ៍ឯក ហួត ឈាង ប្រធានគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត លក្ខខណ្ឌរើសទាហាន ធ្វើនៅការិយាល័យទី១ ទីបញ្ជាការយោធភូមិភាគ និងតំបន់ប្រតិបត្តិការផ្នែកសឹករង ចំពោះយុវជនសញ្ជាតិខ្មែរអាយុពី ១៨ ដល់ ២៥ឆ្នាំ ហើយមានកម្រិតវប្បធម៌ចាប់ពីឆ្នាក់បឋមភូមិឡើងទៅ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

