អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លើកឡើងថា ករណីចាប់ខ្លួនអតីតឧកញ៉ា ហេង សិទ្ធី ជាភស្តុតាងច្បាស់នឹងភ្នែក ដែលបង្ហាញថាអ្នកណាក៏ដោយ ឲ្យតែប៉ះពាល់ដល់ផលប្រយោជន៍ក្រុមគ្រួសារត្រកូលហ៊ុន នឹងមិនរួចខ្លួនឡើយ ទោះពួកគេគេចខ្លួនដល់ជើងមេឃក៏ដោយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៥ ឧសភា ថា ការចាប់ខ្លួនអតីតឧកញ៉ារូបនេះ ដោយសារតែគាត់បើកកកាយបណ្ដាញឧក្រិដ្ឋកម្មរបស់ឧកញ៉ា ហ៊ុន តូ និងអំពើឆបោកតាមអនឡាញ ការចាប់ជំរិត ការលាងលុយកខ្វក់ រួមទាំងទម្លាយរឿងអំពើពុករលួយនៃមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ដូចជា លោក ស សុខា លោក ស ថេត និងលោក គួច ចំរើន ជាដើម ដែលគប់គិតគ្នាជាមួយបណ្ដាញម៉ាហ្វីយ៉ាជនជាតិចិន រហូតមកនោះ។
លោក ម៉ែន ណាត លើកឡើងថា ការប្រើអំណាចត្រកូលហ៊ុនលើអតីតឧកញ៉ា ហេង សិទ្ធី ក៏រំលេចឱ្យឃើញដែរថា អ្នកដែលបម្រើផលប្រយោជន៍ឱ្យពួកគេ ទោះជាខុសច្បាប់យ៉ាងណាក៏ដោយ ក៏មិនត្រូវបានចាប់ខ្លួនដែរ។ ជាក់ស្តែង ដូចជាករណីជនសង្ស័យឈ្មោះ លី រតនៈរស្មី និងឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលពាក់ព័ន្ធការធ្វើឃាតអតីតសមាជិកសភាកម្ពុជា លោក លិម គិមយ៉ា ជាដើម។
អស់រយៈពេលជាង ៥ខែហើយ រដ្ឋាភិបាលត្រកូលហ៊ុន មិនបញ្ជូនខ្លួនអ្នកទាំងនោះទៅឱ្យតុលាការថៃ ដើម្បីជំនុំជម្រះក្តីនៅឡើយទេ ទោះជារដ្ឋាភិបាលគ្រួសារនិយមមួយនេះបានដឹងយ៉ាងច្បាស់ថាពួកគេកំពុងរស់នៅកម្ពុជាក៏ដោយ។
លោក ម៉ែន ណាត ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា សហការជាមួយតុលាការថៃ ចាប់បញ្ជូនខ្លួនជនសង្ស័យឈ្មោះ លី រតនៈរស្មី និងឈ្មោះ ពេជ្រ គឹមស្រ៊ិន ឲ្យតុលាការថៃ កាត់ទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះ និងដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញ កុំឲ្យមានកេរ្តិ៍ឈ្មោះកាន់តែអសោចលើឆាកអន្តរជាតិផងដែរ។
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលត្រូវបានចាប់ខ្លួននៅប្រទេសរុស្ស៊ី កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៥ កន្លងទៅ ត្រូវបានបញ្ជូនទៅដល់កម្ពុជាហើយ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នេះ ដោយសារតែជាប់ពាក់ព័ន្ធនឹងការបើកកកាយអំពើទុច្ចរិតរបស់ពូជពង្សត្រកូលហ៊ុន និងមន្ត្រីរដ្ឋាភិបាលខ្មែរមួយចំនួន។ មុននឹងឈានដល់ការចាប់ខ្លួន និងបញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញ អតីតឧកញ៉ា ហេង សិទ្ធី បានទម្លាយរឿងអាស្រូវពុករលួយ និងឧក្រិដ្ឋកម្មជាច្រើនដែលប្រព្រឹត្តដោយមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា។ ឧកញ៉ាអស់ងារ ហេង សិទ្ធិ ប្រកាសចង់បើកគណបក្សនយោបាយមួយ ហើយអំពាវនាវឲ្យពលរដ្ឋគាំទ្រ ដើម្បីដូររបបត្រកូលហ៊ុនចេញ។
អ្នកវិភាគនយោបាយខ្មែរខ្លះទៀតអធិប្បាយថា លោក ហេង សិទ្ធី ដែលអាជ្ញាធររុស្ស៊ី ចាប់បញ្ជូនមកស្រុកខ្មែរវិញ គឺគ្មាននរណាក្រៅពីរដ្ឋមន្ត្រី ប្រាក់ សុខុន ទេ ពីព្រោះលោកជាមនុស្សជិតស្និទ្ធនឹងលោក ហ៊ុន សែន មានបទពិសោធន៍ខាងការចរចាកិច្ចការទូតជាមួយបរទេសផង។ ម្យ៉ាងវិញទៀត មជ្ឈដ្ឋានខ្មែរតាមដានរឿងខ្មែរមួយចំនួន និយាយថា ក្រុមមនុស្សដែលបានចូលជាមួយនឹងបក្សប្រជាជនកម្ពុជា បានប្រយោជន៍ បានបុណ្យស័ក្តិ លាភសក្ការៈ មានទ្រព្យមហាសាល ហើយចង់បែរខ្នងដាក់ក្រុមអ្នកដឹកនាំជាអតីតកម្មាភិបាលខ្មែរក្រហម និងយៀកមិញក្រហម ហាក់ដូចជាភ្លេចខ្លួនថា គេធ្លាប់រស់មានបានធំធាត់នៅក្នុងស៊ង ដូច្នេះក្រុមនោះ គេមិនអនុគ្រោះត្រាប្រណីទេ បើគេមិនលេងល្បែងឆ្ពិនភ្នែកទេនោះ។
ចំពោះលោក ហ៊ុន តូ ដែលត្រូវជាក្មួយប្រុសលោក ហ៊ុន សែន និងត្រូវជាបងប្អូនជីដូនមួយលោក ហ៊ុន ម៉ាណែត ក៏ត្រូវអតីតឧកញ៉ារូបនេះទម្លាយនូវរឿងអាស្រូវខ្ទេចខ្ទីដែរ។ ជុំវិញបញ្ហានេះ មជ្ឈដ្ឋានទូទៅទាញការប្រៀបធៀបថា អតីតឧកញ៉ា ហេង សិទ្ធី ដែលទម្លាយរឿងអាស្រូវពុករលួយ និងឧក្រិដ្ឋកម្មក្នុងគ្រួសារត្រកូលហ៊ុន ក៏មិនខុសពីលោក កែម ឡី និងលោក លិម គិមយ៉ា ដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

